ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងឧស្សាហកម្ម វបន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងឧស្សាហកម្ម វបន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy​

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីអាណត្តិកិច្ចរបស់ក្រសួងក្នុងនីតិកាល ទី៧នៃរដ្ឋសភា ព្រមទាំងផែនការសកម្មភាពអាទិភាពចំពោះមុខរបស់ក្រសួង និងរបៀបវារៈនៃការកែទម្រង់សេវាសាធារណៈ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានឆ្លៀតឱកាស អបអរសាទរចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ ឯកឧត្តមក៏បានពាំនាំនូវមតិយោបល់របស់ក្រុមហ៊ុនអាមេរិកដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងបានពិភាក្សាអំពីសំណើសុំការគាំទ្រលើស្តង់ដារយានយន្តពីឧស្សាហកម្មយានយន្តអាមេរិក។

គណៈប្រតិភូក៏បានជម្រាបជូនពីកម្មវិធី និងគំនិតផ្តួចផ្តើមនានារបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដូចជាសេវាប្រឹក្សាការងារសម្រាប់និស្សិតសាកលវិទ្យាល័យ កម្មវិធីអាហារូបករណ៍ Fulbright និងការងារលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងចំណោមស្ត្រី និងកុមារី តាមរយៈកម្មវិធី Digital Workforce ជាដើម។ ភាគីសហរដ្ឋអាមេរិក នឹងបន្តគាំទ្របន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាវិស័យថ្មីៗទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបើកចំហចំពោះមតិយោបល់របស់​វិស័យឯកជន។ ឯកឧត្តមបានចាត់តាំងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដើម្បីធ្វើការជាមួយសមភាគីសហរដ្ឋ​អាមេរិក ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការចាំបាច់ដល់អាជីវកម្មអាមេរិកនៅកម្ពុជា រួមទាំងឧស្សាហកម្ម​យាន​យន្តផងដែរ។