ការងារចុះពិនិត្យ និងពង្រឹងការងារវិស័យទឹកស្អាត​ និងឧស្សាហកម្មកែច្នៃ នៅខេត្តភូមិភាគឥសាន្ត

ការងារចុះពិនិត្យ និងពង្រឹងការងារវិស័យទឹកស្អាត​ និងឧស្សាហកម្មកែច្នៃ នៅខេត្តភូមិភាគឥសាន្ត


ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដឹកនាំប្រតិភូក្រសួងអញ្ជើញចុះពិនិត្យការងារវិស័យទឹកស្អាត និងឧស្សាហកម្មកែច្នៃ នៅខេត្តភូមិភាគឥសាន្ត

———————————————

ដើម្បី​ស្វែង​​យល់ជាក់ស្តែង និងជុំរុញប្រសិទ្ធិភាពការងារ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រតិភូកក្រសួងមួយក្រុម ចុះពិនិត្យនិងពង្រឹងការងារវិស័យទឹកស្អាត និងឧស្សាហកម្មកែច្នៃ នៅខេត្តភូមិភាគឥសាន្ត ។ ក្នុងនោះ នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ នៅទីរួមខេត្តស្ទឹងត្រែង ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដឹងនាំប្រតិភូក្រសួង ដោយមានសមាសភាពចូលរួមពីឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុកសេសាន លោកអភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរឧស្សាហកម្ម និងប្រតិភូអមដំណើរជាច្រើន នាក់ទៀត បានអញ្ជើញចុះពិនិត្យមើល លទ្ធផលដំណើរការសាងសង់រោងចក្រទឹកស្អាតថ្មី ស្ថានីយ៍បូមទឹកថ្មីនិងការសាងសង់បណ្ដាញទឹកស្អាតថ្មីដែលជាហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដែលក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអញ្ជើញចុះពិនិត្យមើលលក្ខណៈបច្ចេកទេសតាមអាងប្រព្រឹត្តកម្ម អាងសម្ងួតភក់ និងអាងទឹកស្អាត...។ល។ ព្រមទាំងពិនិត្យមើលអគារការងារផ្សេងៗទៀតផងដែរ ។

បន្ទាប់មកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យទីតាំងស្នើសុំបន្ថែមបណ្ដាញទឹកថ្មីដែលមានប្រវែងប្រហែល ១៣គ.មទៅដល់ទីរួមស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលត្រូវចំណាយលើ​បណ្ដាញ​ទឹក​នេះក្នុងថវិកាចំនួន៣លានដុល្លារអាមេរិក និងនៅល្ងាចថ្ងៃដដែលមានប្រជុំពិភាក្សា​លក្ខណៈបច្ចេកទេសនៃការភ្ជាប់បញ្ចូលគ្នារវាងក្រុមហ៊ុនទឹកស្អាត Micro Science & Technology (Cambodia)Co.,Ltd នៃប្រទេសចិន និងទឹកស្អាតរបស់រោងចក្រថ្មី នៃគម្រោងរបស់ធនាគារ ADB ដែល មានសមាសភាពចូលរួមពីលោកប្រធានមន្ទីរ លោកស្រីប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង និងលោកបណ្ឌិត Cai Yunlong ប្រធានក្រុមហ៊ុន Micro Science & Technology (Cambodia)Co.,Ltd

តមកនៅព្រឹកថ្ងៃទី ២០ ខែឆ្នាំដដែល ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដឹកនាំប្រតិភូ មកដល់ខេត្តមណ្ឌលគីរី ដោយបានចុះពិនិត្យមើល​ប្រភពទឹកឆៅ ដែលមាននៅបឹងខាងលើ និងបឹងខាងក្រោម ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្តុកត្រៀមទុក សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងទីរួមខេត្តទាំងមូល ។

មានប្រសាសន៌ក្នុងដំណើរទស្សនកិច្ចស្វែងយល់នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា៖វិស័យផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួង ។ ដូចនេះត្រូវរួមគ្នាខិតខំសម្រេចឲ្យបាននូវបំណង ជាពិសេសគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ ក្នុងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ អនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់គឺ៖ គឺពង្រីកវិសាលភាពនៅទីក្រុង និងទីប្រជុំជនឲ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០២៥ សម្រាប់បម្រើការចាំបាច់របស់ប្រជាជន ក៏ដូចសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទាំងផ្នែកសាធារណៈ និងឯកជន ដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាងគឺ៖”ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ” ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ ល្អប្រសើរ រវាង អាជ្ញាធរខេត្ត អង្គភាពទឹកស្អាត សាធារណៈ ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍមកពីខាង ធនាគារADB ក៏ដូចជា ធនាគារពិភពលោក (WB) សម្រាប់ការអភិវឌ្ឍលើវិស័យទឹកស្អាត ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការពារថែរក្សាប្រភពទឹកឆៅ គ្រប់មុខសញ្ញាដែលត្រូវយកមកធ្វើប្រព្រឹត្តិកម្មទឹកស្អាត ដោយមិនត្រូវការចូលទន្ទ្រានរំលោភកាន់កាប់ ការបង្ហូរជាតិពុល រឺសម្រាម ដែលនាំឲ្យមានការបំពុលបរិស្ថានទឹកប្រើប្រាស់សាធារណៈ ។

បន្ទាប់មកនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យការដ្ឋាន និងឧស្សាហកម្មកែច្នៃថ្មម៉ាប ដែលមានមូលដ្ឋានស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ត​ក្រចេះ ហេីយមានប្រកាសបង្កេីតរោងចក្រកែច្នៃថ្មម៉ាបពីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដើម្បីពិនិត្យមើលជាក់ស្តែងពីខ្សែសង្វាក់ផលិតកម្ម និងពិនិត្យមេីលធនធានរ៉ែក្រោមដីរបស់ខ្មែរដ៏សម្បូរណ៌បែប។