កិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)

កិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)

កិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)
------------------------------------
នៅព្រឹកថ្ងៃទី ១៧ មិថុនា ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​តំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​(វ.ប.ន.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ ឯកឧត្តម Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ។
រដ្ឋមន្ត្រីអាស៊ានផ្នែក​ វ.ប.ន. បានផ្លាស់ប្តូរទស្សនៈលើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និងបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការក្នុងតំបន់និងតួនាទីដ៏សំខាន់របស់​ វ.ប.ន. ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច។ ដើម្បីបង្កើននូវភាពប្រកួតប្រជែងរបស់អាស៊ាន ក្នុងដំណាក់កាលក្រោយកូវីដ១៩ អង្គប្រជុំបានឯកភាពលើការកសាងនូវផែនការតំបន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីអាស៊ានផ្នែក​ វ.ប.ន.។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់សម្រាប់កិច្ចសហការលើការសិក្សាស្រាវជ្រាវអំពីជំងឺកូវីដ ១៩​​ និង វ.ប.ន. លើបរិវត្តកម្មឧស្សាហកម្មនិងមូលដ្ឋានគ្រឹះសម្រាប់អនាគត។​
រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. ​ក៏បានឯកភាពកំណត់អាទិភាពសម្រាប់ឆ្នាំ២០២១ លើវិស័យ​ វ.ប.ន. មួយចំនួនដូចខាងក្រោម៖
១. អនុម័តគម្រោងយ៉ាងតិចពីរសម្រាប់កសាងសមត្ថភាពអាស៊ានក្នុងការប្រឆាំងកូវីដ១៩
២. អនុវត្តវគ្គសិក្សារយៈពេលខ្លីលើ High Performance Computing (HPC)
៣.​​ បង្កើតមជ្ឍមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា
៤.​ អនុវត្តគម្រោងយ៉ាងតិចពីរដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព
អង្គប្រជុំបានស្វាគមន៍ និងជំរុញរាល់សកម្មភាពកសាងសមត្ថភាពលើវិស័យ​ វ.ប.ន. ដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ ក៏ដូចជាសិស្សនិស្សិត និងតួអង្គពាក់ព័ន្ធនានា ដែលជាគន្លឹះដ៏សំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់បទអន្តរាគមន៍ដោយបានស្នើសុំឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយឱ្យមានបរិយាបន្ន និងសមធម៌ ក្នុងការរៀបចំនូវគម្រោងសម្រាប់តំបន់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងការរីករាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតមួយគួរឱ្យបារម្ភ ដូចនេះកម្ពុជាសង្ឃឹមថាប្រទេសជាសមាជិកទាំងអស់អាចចូលរួមរិះរកយន្តការបន្ថែមប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
អង្គប្រជុំក៏បានកំណត់ថានឹងរៀបចំកិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ាន ផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។