កិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នាថ្ងៃទី ២៧ កក្កដា ២០២២ អគ្គនាយកដ្ឋាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្រោមអធិបតីយភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ ស្ថាប័នឯកជន និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ។ សមាជិក សមាជិការ នៃអង្គប្រជុំបានពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ និងផ្តល់ធាតុចូលយ៉ាងច្រើន ដើម្បីកែលម្អសេចក្តីព្រាងអនុក្រឹត្យខាងលើឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សេចក្តីព្រាងអនុក្រឹត្យនេះមាន ៨ជំពូក និង១៩មាត្រា ដោយក្នុងនោះ៖

* ជំពូកទី១ មាន៤មាត្រា ចែងពី គោលដៅ គោលបំណង វិសាលភាព និងនិយមន័យ
* ជំពូកទី២ មាន២ផ្នែកធំៗ និងមាន៥មាត្រា ដែលផ្នែកទី១ ចែងពីការបង្កើតគណៈកម្មាធិការជាតិសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន៤មាត្រា។ ដោយឡែកផ្នែកទី២ ស្តីពីលក្ខខណ្ឌចាំបាច់សម្រាប់បង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន១មាត្រា
* ជំពូកទី៣ មាន២មាត្រាចែងពី ការលើកទឹកចិត្តសម្រាប់សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
* ជំពូកទី៤ មាន១មាត្រា ចែងពីការប្រើប្រាស់ និងការគ្រប់គ្រងមូលធនមនុស្ស និងកម្លាំងពលកម្ម
* ជំពូកទី៥ មាន២មាត្រា ចែងពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍
* ជំពូកទី៦ មាន២មាត្រា ចែងពីការផ្ទេរបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញា
* ជំពូកទី៧ មាន២មាត្រា ចែងពីការដោះស្រាយវិវាទ និងករណីគម្រោងមិនដំណើរការ ឬក្ស័យធន
* ជំពូកទី៨ មាន១មាត្រា ចែងពីអវសានប្បញ្ញត្តិ៕