ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលមន្ត្រីជាឈាមជ័រថ្មីចំនួន ៤៥ រូប

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលមន្ត្រីជាឈាមជ័រថ្មីចំនួន ៤៥ រូប

ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ ក្នុង​នោះ​ការ​បង្កើត​បានជាអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំណុះក្រសួង​សម្រាប់​បំពេញ​ការងារ​ស្នូល​របស់ខ្លួន ត្រូវជួបបញ្ហាប្រឈមមួយ គឺការខ្វះធនធានមនុស្ស ដែលមានសមត្ថភាព ចំណេះជំនាញ ខាងវិស័យវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ហើយក៏ដើម្បីបំពេញរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិខាងលើផងដែរ ។
​ស្ថិតក្នុងស្ថានភាពនេះ ដោយ​មានការស្នើសុំពីក្រសួង និងការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ទៅលើសក្តានុពលធនធានមនុស្សជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឬស្សីរបស់ជាតិ មន្ត្រីវ័យក្មេងចំនួន ៤៥​រូប ជាបញ្ញវ័ន្តដែល​ភាគច្រើនបំផុតបានបញ្ចប់ការសិក្សានៅក្រៅប្រទេស មានកំរិតសញ្ញាប័ត្រ ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ វិស្វករ អនុបណ្ឌិត និងបណ្ឌិតក្នុងជំនាញខុសៗគ្នា ក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានជ្រើសរើសក្នុងលក្ខណៈពិសេសសម្រាប់ចូលបម្រើការ​ ងារជាមន្ត្រីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ដោយមិនឆ្លងកាត់ការប្រលងក្របខណ្ឌ ។
​ដើម្បីណែនាំខ្លួន និងទទួលបានការអនុសាសន៍ចង្អុលបង្ហាញល្អៗ ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នៅរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមានរៀបចំពិធីសំណេះសំណាលមួយជាមួយមន្ត្រីថ្មីទាំងនោះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទជាច្រើនរូប ។
​មានប្រសាសន៍សំណេះសំណាលនាឱកាស​នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងចាត់ទុកមន្ត្រីថ្មីទាំងអស់គឺជាឈាមជ័រថ្មី ចូលក្នុងជីវភាពជាមន្ត្រីរាជការក្នុងក្របខណ្ឌពិសេស ពីព្រោះជាធម្មតាការចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការត្រូវឆ្លងកាត់ការប្រលងដ៏តឹងតែងមួយ ។ ប៉ុន្តែនេះជាលក្ខណៈពិសេសក្នុងតម្រូវការជាក់ស្តែង ស្របពេលរាជរដ្ឋាភិបាលកំពុងមានការរិតត្បិតការចំណាយថវិកា​ និងផ្អាកការជ្រេីសរេីសប្រលងក្របខណ្ឌមន្ត្រីរាជការដោយសារផលប៉ះពាល់ពីមេរោគ​Covid-19 និងសូមបញ្ជាក់ថា៖ការជ្រើសរើសជា​លក្ខណៈ​ពិសេសនេះ គឺឆ្លងកាត់ការពិនិត្យវិនិច្ឆ័យច្បាស់លាស់មិនមានបក្សពួកនិយមឡើយ គឺផ្អែកលើសញ្ញាបត្រ និងចំណេះជំនាញពិតប្រាកដ ។ ចំពោះឯកឧត្តមផ្ទាល់ក៏មិនបានលូកលាន់លើការងារនេះផងដែរ គឺមានថ្នាក់ដឹកនាំ​និងមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអ្នកពិនិត្យពិច័យពីប្រវត្តិ និងសញ្ញាបត្រពាក់ព័ន្ធ ។
​ដោយយល់ថាមន្ត្រីទាំងអស់មិនធ្លាប់ឆ្លងកាត់ជីវភាពជាមន្ត្រីរាជការ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដោយបាន​បញ្ជាក់ថា៖ជាមន្ត្រីរាជការត្រូវមានការលះបង់ច្រើន ពីព្រោះមិនមែនត្រឹមបម្រើក្រសួងប៉ុណ្ណោះទេ តែបម្រើរាជរដ្ឋាភិបាល និងប្រជាជនទាំងមូល ។ ជាពិសេសការចូលធ្វើការដំបូងមិនគួរគិតពីការយកមុខតំណែងជា​គោលការណ៍ធំឡើយ គឺត្រូវបញ្ចេញសមត្ថភាព និងចំណេះជំនាញរបស់ខ្លួនដែលបាន​សិក្សាពិតប្រាកដ ទេីបតំណែង​ការងារមកតាមក្រោយ​។ ក្នុងនោះការបំពេញការងារត្រូវគោរពតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល គោរពពេលវេលា មានឯកសណ្ឋានត្រឹមត្រូវ និងមានសាមគ្គីផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមឲ្យមន្ត្រីទាំងអស់ចូលបំពេញការងារចាប់ពីសប្តាហ៍​ក្រោយ ក្នុងនាមជាមន្រ្តីជាប់កិច្ចសន្យាសិន រហូតដល់ឆ្នាំ២០២១ ទើបទទួលបានក្របខណ្ឌពេញសិទ្ធិ ។