ពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច

ពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច

ពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច

ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាផែនការវិនិយោគថ្នាក់ខេត្ត - Provincial Investment Plan (PIP)”

នៅរសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកខ្នាតតូច ដោយប្រើបច្ចេកវិទ្យា Ultra Filtration Membrane ក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាផែនការវិនិយោគថ្នាក់ខេត្ត (Provincial Investment Plan - PIP) ដែលសហការរៀបចំតាមប្រព័ន្ធអនឡាញ ដោយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (Investing in Infrastructure – 3i) និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹកនិងឧតុនិយម, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីខេត្ត, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា CWA, សមាគមទឹកអូស្ត្រាលី, អង្គភាពរដ្ឋារកទឹកសាធារណៈ, និងក្រុមហ៊ុនឯកជនរបស់អូស្ត្រាលី។ល។

នៅក្នុងកម្មវិធីនេះ សមាគមទឹកអូស្រ្តាលីបានធ្វើបទបង្ហាញពីបច្ចេកវិទ្យាសម្អាតទឹក Ultra Filtration Membrane របស់ក្រុមហ៊ុនឯកជនអូស្ត្រាលី ដែលបានសាងសង់នៅក្រុមហ៊ុន We Venture ក្នុងឃុំព្រែកជីក ហើយតាមរយៈការធ្វើបទបង្ហាញនេះ យើងឃើញថាបច្ចេកវិទ្យានេះគឺធានាបាននូវគុណភាពទឹកផលិតខ្ពស់ ដែលជឿទុកចិត្តបាន។ ម្យ៉ាងទៀត បច្ចេកវិទ្យានេះក៏កំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ផងដែរ។ ទន្ទឹមនឹងនោះ កម្មវិធី 3i បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាផែនការវិនិយោគថ្នាក់ខេត្ត PIP ដែលបានផ្តល់នូវព័ត៌មានគោលជាច្រើន ដូចជា ឱ្យយើងដឹងពីស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស តំបន់ដែលមានការផ្គត់ផ្គង់ និងមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាត, រូបភាពនៃការវិនិយោគសម្រាប់តំបន់ដែលមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាត (ផ្គត់ផ្គត់ទឹកស្អាតតាមរូបភាពទឹកស្អាតទីប្រជុំជន ឬ ទឹកស្អាតជនបទ, ការវិនិយោគតាមរូបភាពបណ្តុំភូមិ, ការវិនិយោគតាមរូបភាពបណ្តុំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច, ឬ ការលក់ទឹកដុំ ជាដើម) ហើយក៏បានបង្ហាញអំពីតម្រូវការទុនវិនិយោគផងដែរ។

ក្នុងនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងឯកឧត្តមអគ្គរាជទូត ក៏បានកាត់ខ្សែបូរដើម្បីដាក់ឱ្យដំណើរការផ្លូវការនូវប្រព័ន្ធប្រព្រឹត្តិកម្មខ្នាតតូច ដោយប្រើបច្ចេកវិទ្យា UF នៅក្នុងឃុំព្រែកជីក ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងក្តីរីករាយចំពោះលទ្ធផលដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈការអនុវត្តកម្មវិធី 3i ជាពិសេស ឯកឧត្តមបានមានឱកាសទៅទស្សនកិច្ចប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹក ដោយប្រើបច្ចេកវិទ្យា UF នៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ផងដែរថា អូស្ត្រាលីមានមោទនភាពជាដៃគូដែលទុកចិត្ត និងយូរអង្វែង ក្នុងការគាំទ្រដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា ជាពិសេស សម្រាប់ការត្រៀមបន្តអនុវត្តគម្រោងថ្មីទៀត “the Cambodia-Australian Partnership for Resilient Economic Development (CAP-RED)” ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែជួយគាំដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស ការផ្តល់ហិរញ្ញប្បទានឥតសំណង តាមរយៈកម្មវិធី 3i សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាត ដែលបានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាច្រើនម៉ឺនគ្រួសារបានទទួលសេវាទឹកស្អាត។ ទន្ទឹមនឹងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដូចជា រដ្ឋាភិបាលជប៉ុន, ទីភ្នាក់ងារ JICA, ធនាគារអភិវឌ្ឍន៍អាស៊ី ADB, ធនាគារពិភពលោក WB, អង្គការ UNICEF ជាដើម ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិសយ័ទឹកស្អាតនៅកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ទឹកគឺសម្រាប់អ្នកទាំងអស់គ្នា”។ សម្រាប់ប្រព័ន្ធ UF ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ ឯកឧត្តម បានស្នើឱ្យអគ្គនាយកដ្ឋានទឹកស្អាត និងកម្មវិធី 3i បន្តធ្វើការសិក្សាលម្អិតបន្ថែមទៀត ដើម្បីឱ្យបានយល់កាន់តែច្បាស់អំពីប្រសិទ្ធិភាពរបស់ប្រព័ន្ធនេះ សម្រាប់ ប្រតិបត្តិការរយៈពេលវែង។ ចំពោះលទ្ធផល PIP ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លទ្ធផលនៃការសិក្សានេះពិតជាមានសារសំខាន់សម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់វិស័យទឹកស្អាត ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រូវការជាចាំបាច់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពក្នុងការស្វែងរកហិរញ្ញប្បទានបន្ថែមសម្រាប់ជួយគាំទ្រដល់ប្រតិបត្តិករទឹកស្អាត ទាំងអង្គភាពសាធារណៈ និងឯកជន។ ឯកឧត្តមក៏បានស្នើឱ្យមានការពិភាក្សាបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងបំណងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងចៀសវាងនូវការកំណត់ថ្លៃលក់ទឹក ដែលអាចមានការខុសគ្នាខ្លាំងនៅក្នុងតំបន់ដែលនៅជាប់គ្នា។ ឯកឧត្តម ក៏បានលើកឡើងអំពីក្តីបារម្ភចំពោះការខ្វះខាតប្រភពទឹក ដែលមាននិន្នាការកើនឡើងជាប្រចាំ និងតម្រូវឱ្យមានការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី មានជំនឿថា រដ្ឋាភិបាលអូស្ត្រាលីនឹងជួយគាំទ្រដល់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាបន្តទៀត តាមរយៈកម្មវិធីនានា ដូចអ្វីដែលកម្មវិធី 3i បានអនុវត្តនាពេលកន្លងមក។