ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី​

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី​

សន្ទរកថាទាំងស្រុងរបស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ក្នុងឱកាស​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី​ នៅ

ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦ត្រូ​វ​នឹង​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១​

- ​សូមក្រាបថ្វាយបង្គំ ព្រះមណ្ឌលលានុរក្ខ័ ពេជ្រ សុភ័ក្រ ព្រះបាឡាតគណខេត្ត និងព្រះថេរា នុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ

សូមគោរព

- ​ឯកឧត្តម ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី

- ​ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី

- ​ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ

- ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស តំណាងមកពីស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន

- ​លោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី ជាទីនឹករលឹក ស្រឡាញ់រាប់អាន!

• ​ថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយ ដែលខ្ញុំព្រះករុណាខ្ញុំបានដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មក​បំពេញបេសកកម្មនៅខេត្តមណ្ឌលគិរីជាថ្មីម្តងទៀត ដើម្បីធ្វើជា អធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាពណាស់ ដោយបានឃើញ ដោយផ្ទាល់នូវការរីកចម្រើន ប្រែប្រួលមុខមាត់ថ្មីរបស់ខេត្ត ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

• ​ក្នុងឱកាសនៃការជួបជុំក្នុងអង្គពិធីនាពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពី​សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយនិងប្រគេនចំពោះព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ, ផ្ញើជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងបណ្តាអង្គភាពគ្រប់ លំដាប់ថ្នាក់, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែ​រក្សា ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ រក្សាការពារបាននូវស្ថិរភាព​នយោ​បាយ ស្ថិរភាពសង្គម និងជំរុញការ​ អភិវឌ្ឍ សេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ពិសេសថែមទៀត បានចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការពារបានល្អ នូវការឆ្លងរាលដាលនៃ ជំងឺសកលកូវីដ-១៩(COVID-19) ដោយគ្មានការឆ្លងក្នុងសហគមន៍នោះឡើយ។ ការគ្រប់គ្រង ដោះស្រាយសភាពការណ៍បញ្ហាឆ្លងជំងឺកូវីដ-១៩បានល្អដូច្នេះ គឺជាការរួមចំណែកធំណាស់ក្នុងការ បញ្ចៀសបញ្ហាប្រឈម និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពសង្គមជាតិ ក៏ដូចជាជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង។

• ​កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងវិធានការដ៏មុតស្រួចរបស់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី កំពុងធ្វើឱ្យបណ្តាប្រទេសនៅលើសកលលោកចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃ ការគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។

• ​បញ្ហាប្រឈមនឹងជំងឺឆ្លង កូវីដ-១៩ នៅកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ៣ រួចហើយ គឺ (ទី១) ការចាប់ផ្តើមដំបូងមុនចូលឆ្នាំខ្មែរ២០២០ (ទី២)ព្រឹត្តការណ៍ថ្ងៃ៣ វិច្ឆិកា (ទី៣)ព្រឹត្តការណ៍ចាប់ផ្តើម ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា, ហើយចំពោះមុខនេះ នៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ទប់ស្កាត់និងការគ្រប់គ្រងការពារករណីឆ្លងចូលសហគមន៍ តាមរយៈកម្មករ​ដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងពេលដែលប្រទេសថៃក៏កំពុងកើតឡេីងការឆ្លងក្នុងសហគមន៍ខេត្តសាមុតសាខន និងតំបន់ ដទៃទៀត រហូតដល់ក្រុងបាងកកផងដែរ។

• ​សម្តេចតេជោ បានបញ្ជាដឹកនាំយ៉ាងហ្មត់​ចត់ ប្រាកដប្រជា ឈ្លាសវៃ និងគ្រប់គ្រងបានល្អនូវ សភាពការណ៍ទាំងនេះ រហូតដល់ក្លាយជាប្រទេសឈរនៅលំដាប់ខ្ពស់ក្នុងពិភពលោក ដែលអាច គ្រប់គ្រងស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ នេះបានល្អ។ អង្គការសុខភាពពិភពលោក (WHO) ក៏ បានកោតសរសើរចំពោះការដឹកនាំ​ និងការចាត់​ចែងអនុវត្តវិធានការយ៉ាងមានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជាដែរ។ • ​ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការកោត​សរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមទាំងកិច្ចសហការពួតដៃគ្នាជាធ្លុងមហាសាមគ្គីរបស់មន្ទីរ អង្គភាព​ជំនាញ​​នានា, រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់, កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៃខេត្ត​មណ្ឌលគិរីទាំងមូល បង្កើតជាកម្លាំងសរុបដ៏មានប្រសិទ្ធភាព សម្រេចបាននូវ​សមិទ្ធផលលើគ្រប់វិស័យទូទាំងខេត្ត និងបានខិតខំដោះស្រាយបញ្ហានានាឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ តាម​រយៈវេទិកាសាធារណៈ និងការផ្តល់សេវារដ្ឋបាលនានា ដែលត្រូវបានកែទម្រង់ជាបន្តបន្ទាប់ និងរំកិលកាន់តែកៀកជិតទៅដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ និង ស្រុក ក្រុង។

• ​ជាមួយនឹងភូមិសាស្ត្រអំណោយផលខាងដំណាំកសិកម្ម និងដោយសារជាខេត្តមួយដែលរាជរដ្ឋាភិបាល បានដាក់បញ្ចូលនៅក្នុង «គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តកែប-មណ្ឌលគិរី» ខ្ញុំព្រះករុណាខ្ញុំ សូមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ខិតខំពង្រីកសក្តានុពលផលិតផលកសិ-ឧស្សាហកម្ម ដើម្បីអាចនាំទៅកាន់ទីផ្សាររបស់យើងនៅក្រៅប្រទេស រាប់ទាំងទីផ្សារវៀតណាមដែលនៅជិតខាងនេះ និងទីផ្សារធំរបស់យើងនៅប្រទេសចិន ក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីដែលនឹងកើតមានឡើង។

• ​ក្រៅពីនេះ ត្រូវបន្តខិតខំទាក់ទាញការ​វិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេស។ ចំពោះការទាក់ទាញការវិនិយោគ ពិតណាស់គឺត្រូវផ្សារភ្ជាប់ទៅនឹងការណ៍​ដែលយើងចេះពង្រីកកិច្ចទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានធុរជន, ចេះបង្កលក្ខណៈ​ងាយស្រួលដល់គេ ទាំងសេវាលិខិតស្នាម និងទាំងការ ការពារសន្តិសុខ សុវត្ថិភាព។

• ​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ នៅវិមាន សន្តិភាព ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ​២០២០, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​​ដាក់​ចេញ​នូវវិធានការកែទម្រង់មុត​ស្រួច​ជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ ការធ្វើឌីជីថលូបនីយកម្ម ទាំង ក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាល ឌីជីថល (Digital Government)។ កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាង មុខនេះ។ ក្នុងនោះ មានវិធានការមុតស្រួច (១)ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ៨ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម (២) បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមាន​ចាប់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ និង(៣)ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។

• ​ប៉ុន្តែកត្តាសំខាន់បំផុតគឺ សុខសន្តិភាព ដែលបានផ្តល់លទ្ធភាព និងកាលានុវត្តភាពសម្រាប់ជាតិយើង ក៏ដូចជាខេត្តយើង ដែលអាចធ្វើការអភិវឌ្ឍបានលឿន ហើយបានកែប្រែជីវភាពរស់នៅរបស់ប្រជាជន យើងយ៉ាងពិតប្រាកដ។ ដូចនេះ ស្មារតី «អរគុណសន្តិភាព» «អរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន» ដែលជាអ្នកនាំមកនូវសន្តិភាពជូនប្រទេសជាតិ គឺជាស្មារតី អមតៈដែលកំពុងចាក់ជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា។

- ព្រះថេរានុត្ថេរៈ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់!

- គណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកានៃអង្គពិធីទាំងមូលជាទីមេត្រី!

• ​បន្ថែមលើសមិទ្ធផលថ្មីរបស់ខេត្ត, ថ្ងៃនេះ យើងមានក្តីសោមនស្សរីករាយ ដោយបាន​ប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តមណ្ឌលគិរី ដែលបានកើតជារូបរាងឡើងថ្មីស្រឡាង ក្រោមគម្រោងថវិការដ្ឋ និងដោយ មានការគាំទ្រពីក្រសួងទាំង២គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ លទ្ធផលនេះ ក៏បង្ហាញពីការខិតខំដោយផ្ទាល់របស់លោកប្រធានមន្ទីរ ព្រមទាំងសហការីក្រោមឱវាទ ជាមួយនឹងការគាំទ្រ សម្របសម្រួលយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ទីរជំនាញពាក់ព័ន្ធនៅទីនេះ ដែល​ញ៉ាំងឱ្យសំណង់អគារបានបញ្ចប់ទៅដោយរលូនល្អ។

• ​អគាររដ្ឋបាលថ្មីនេះ ពិតជាបានដោះ​ស្រាយ​ការលំបាកកន្លងទៅរបស់មន្ត្រីរាជការយើង ដែលខ្ញុំ ព្រះករុណា ខ្ញុំព្រះករុណាខ្ញុំនៅចាំបានថា ពេលដែលចាប់ផ្តើមបំបែកមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ទៅជា២មន្ទីរ គឺមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីររ៉ែ ​និងថាមពល កាលពីឆ្នាំ២០១៤ គឺមន្ត្រី របស់យើងបានធ្វើការជាបណ្តោះអាសន្ននៅទីតាំងជួលរបស់ឯកជន។ ប៉ុន្តែមន្ត្រីរបស់យើង នៅតែធានា បាន​ដំណើរការការងារជាធម្មតាហើយសម្រេច​លទ្ធផលល្អ មិនចាញ់អ្នកមានអគារធ្វើការធំស្អាតនោះទេ។ ចំណុចនេះបង្ហាញថា ឆន្ទៈទៅវិញទេជាកត្តាកំណត់សម្រេចជោគជ័យ ដោយមិនមែនចំណុះលើកត្តា អគារធ្វើការទំនើបល្អ ឬមិនទំនើបល្អនោះឡើយ។ • ​អគារធ្វើការថ្មីនេះ គឺជាសក្ខីភាពមួយផងដែរនៃការរីកចម្រើនរបស់ខេត្ត ហើយក៏ជាទីកន្លែងដ៏សមរម្យ សម្រាប់ជួបប្រាស្រ័យទាក់ទង ធ្វើការជាមួយសាធារណជន ធុរជន និងអាជីវករ ផលិតករនានា ដែល ត្រូវការចាំបាច់សេវាសាធារណនៅទីនេះ និងក៏ជាកន្លែង​បណ្តុះបណ្តាលបន្ថែមចំណេះដឹង មុខជំនាញ ការផ្សព្វផ្សាយណែនាំអំពីអត្ថបទច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ ដែលអាចធ្វើបាននៅទីនេះ តាមរយៈ កិច្ចប្រជុំ ឬវគ្គសិក្សា សិក្ខាសាលា ជាដើម។ មិនតែប៉ុណ្ណោះ ការដាក់សម្ពោធអគាររដ្ឋបាលថ្មីនេះ គឺ សម​ស្របណាស់ទៅនឹងដំណាក់កាលដែលមន្ទីរទាំង២៥រាជធានី ខេត្ត ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធថ្មី របស់ខ្លួន ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មកជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ហើយការិយាល័យថ្មីដែលទទួលបន្ទុកការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ត្រូវ បានបង្កើតបន្ថែមដែរ។ ប៉ុន្តែ បញ្ហាធនធានមនុស្សនៅតែជាចំណោទខ្លាំងនៅឡើយ ទាំងនៅថ្នាក់មន្ទីរ និងថ្នាក់ក្រសួង ដែល​យើង​នឹងខិតខំជម្នះដោះស្រាយជាបន្តបន្ទាប់ទៀត។

• ​មុននេះបន្តិច អង្គពិធីរបស់យើងបានស្តាប់រួចហើយនូវរបាយការណ៍សង្ខេបរបស់ លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងការថ្លែងមតិស្វាគមន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមុននេះ, ដែលខ្ញុំព្រះករុណាខ្ញុំជឿថា អ្នកចូលរួមទាំងអស់ បានជ្រាបច្បាស់ហើយពីអ្វីដែលជាលទ្ធផលស្នាដៃរបស់រដ្ឋបាលខេត្តសម្រេចបានកន្លងមក ហើយដែល ក្នុងនោះ ក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់មន្ទីរ និងខេត្ត ក្នុងការរួមចំណែកជំរុញ ការអភិវឌ្ឍ​វិស័យឧស្សាហកម្ម ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខេត្ត។

• ​ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះ ធ្វើការណែនាំ និងផ្តាំផ្ញើបន្ថែមដូចខាងក្រោម ៖

ទី១-​តាមច្បាប់ស្តីពីការបង្កើតក្រសួង (MISTI) បានចែងថា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត​នៃព្រះរាជាណាចក្រកម្ពុជា»។ នៅក្នុងនេះ គឺមានវិស័យចំនួន៦ ជាវិស័យចម្បង។ ហេតុដូចនេះ ជាការចាំបាច់ ដែលមន្ទីរត្រូវកែប្រែរបៀបរបប ធ្វើការ និងពង្រឹងការងារធនធានមនុស្ស ឱ្យស្របទៅនឹងរបត់នៃកំណែទម្រង់ការងារ និងរចនាសម្ព័ន្ធ ថ្មីរបស់ក្រសួង និងរបស់មន្ទីរ ដែលត្រូវ​បានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តរួចហើយ។

ទី២-​បន្តជំរុញសកម្មភាពគាំទ្រ និងលើក​ស្ទួយសមត្ថភាពផ្នែកឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្តឱ្យមានដំណើរការជាធម្មតា មិនប្រឈមនឹងការបិទទ្វារ ឬផ្អាកដំណើរការ ដោយរដ្ឋបាលខេត្ត រួមទាំងមន្ទីរ អង្គភាពនានាជុំវិញខេត្ត គួរមានវេទិកាជួបប្រាស្រ័យទាក់ទងគ្នាជាមួយផ្នែកឯកជនក្នុងខេត្ត ដើម្បីមាន​លទ្ធភាពពិភាក្សារួមគ្នា គិតគូរដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលជូនដល់ផ្នែក ឯកជន និងធុរជន។ ករណីនេះ កាន់តែ​មានភាពចាំបាច់ក្នុងពេលដែលយើងកំពុងទ្រទ្រង់សេដ្ឋកិច្ចយើង ដោយការបង្កើនផលិតកម្មក្នុងស្រុក ជំនួសឱ្យការនាំចូលពីប្រទេសនានា ក្នុងពេលជួបវិបត្តិកូវីដ-១៩។ (ខ្ញុំព្រះករុណាខ្ញុំតែងតែលើកឡើងជានិច្ចថា សេដ្ឋកិច្ចរបស់រដ្ឋត្រូវការណាស់នូវការចូលរួមរបស់ឯកជន ដូច្នេះ នៅគ្រប់កាលៈទេសៈ ត្រូវជួយឱ្យវិស័យឯកជនមានការរស់រាននិងរឹងមាំ ហើយចៀសវាងទង្វើ ប៉ះដៃយកដៃ ប៉ះជើង​យកជើង ក្នុងការអនុវត្តច្បាប់)ទី៣-​ លើកកម្ពស់ និងជួយតម្រង់ទិសដល់ការអភិវឌ្ឍ​សហគ្រាស​ធុនតូច​និង​មធ្យម ព្រមជាមួយ​នឹងការកែ លម្អបរិស្ថាននិយ័តកម្ម ដើម្បីពង្រីកភាពប្រកួតប្រជែង។ បន្តចូលរួមអនុវត្តវិធានការកំណែទម្រង់ថ្មីៗ ទាក់ទងនឹងការធ្វើប្រតិភូកម្មអំណាចជូនដល់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងឱ្យកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការគ្រប់គ្រងមូលដ្ឋាន សហគ្រាស រោងចក្រ ឧស្សាហកម្ម សិប្បកម្មគ្រប់ប្រភេទ តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

​​(កាលពីដើមខែកក្កដា ឆ្នាំ២០២០កន្លងទៅ អន្តរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំចំនួន២ គឺ៖ (១)សេចក្តីណែនាំអន្តរក្រសួង ស្តីពីនីតិវិធីនៃការចុះបញ្ជីសិប្បកម្មដែលមានដើមទុនសមមូលលើសពី ៨០លានរៀល ដល់​ ២០០លាន រៀល និងគ្មានហានិភ័យ និង(២)សេចក្តីណែនាំអន្តរក្រសួង ស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាល ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ)

​​ដូច្នេះ មន្ទីរ និងរដ្ឋបាលថ្នាក់ស្រុក ក្រុង ខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តតាម គោលការណ៍ណែនាំនេះឱ្យមាន​ប្រសិទ្ធ​ភាព។ទី៤-​មន្ទីរ និងបណ្តាច្រកចេញចូលតែមួយនៅក្រុង ស្រុក ខេត្ត ត្រូវរៀនសូត្រ បង្កើនចំណេះដឹងថែមទៀត ក្នុងការចាប់ផ្តើមអនុវត្តទម្រង់បែបបទមួយចំនួន តាមរបៀប​ប្រព័ន្ធអនឡាញ (Online Networks) រាប់ទាំងពីការចុះបញ្ជីសហគ្រាសធុនតូចនិង​មធ្យម និងរោងចក្រសហគ្រាស ដើម្បីអាចដើរទន្ទឹមគ្នា នឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធអនឡាញ ហើយក៏អាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃផងដែរ។​​ទស្សនទានរបស់យើង គឺចង់ឱ្យសហគ្រាស​ទាំងអស់នោះ ចូលមកនៅក្នុងរង្វង់ច្បាប់ ដើម្បី មិនត្រឹមតែក្នុងគោលដៅគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺការជួយអភិវឌ្ឍន៍សហគ្រាស និង ចូលរួមជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែល​ម្ចាស់សហគ្រាសទាំងនោះជួបប្រទះ តាមរយៈ ការផ្តល់សេវាសាធារណៈប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងការជឿទុកចិត្ត។ ជាពិសេស ផ្នែកសិប្បកម្មតូចតាច ត្រូវជួយបង្កលទ្ធភាពឱ្យគេអាចកែលម្អផលិតកម្ម និងត្រូវជួយឱ្យគេរឹងដៃរឹង ជើងសិន, ហើយដើម្បីផ្តើមចេញពីនេះ នឹងជំរុញឱ្យគេអាចប្រែ​ក្លាយ​ខ្លួនទៅជាសហគ្រាសកម្មន្តសាល ខ្នាតតូចនិងមធ្យមនាពេលអនាគត។

ទី៥-​ត្រូវពង្រឹងការអនុវត្តស្តង់ដារផលិតផល ដើម្បីភាពរឹងមាំនៃមូលដ្ឋានផលិតកម្ម និងដោះស្រាយការ ប្រឈមជាមួយនឹងទំនិញ​នាំចូលពីបរទេស។ ពង្រឹងការអនុវត្តការត្រួតពិនិត្យឧបករណ៍មាត្រាសាស្ត្រ ដើម្បីការពារអ្នកប្រើប្រាស់ និងតុល្យភាពផល​ប្រយោជន៍រវាងធុរជន និងអតិថិជនជាប្រជាពលរដ្ឋ។ទី៦-​ក្នុងអាណត្តិទី៦នេះ វិស័យផ្គត់ផ្គង់ទឹកស្អាតគឺជាវិស័យអាទិភាពខ្ពស់របស់ក្រសួង។ ដូចនេះ ត្រូវរួមគ្នា ខិតខំ​សម្រេចឱ្យបានគោលបំណង «គោល​នយោបាយទឹកស្អាត របស់សម្តេចតេជោ» ជាពិសេស ការប្តេជ្ញាចិត្ត​ជា​យុទ្ធសាស្ត្រ អនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​កំណត់គឺ «ពង្រីកវិសាលភាព​នៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈ ការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើ បុរេលក្ខខណ្ឌបួន​យ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ»។ តាមរយៈការ​ដាក់​ចេញ​គោលនយោបាយនេះ នឹងនាំទៅដល់សុខដុមភាព​នៃការរីក​លូតលាស់​របស់ សង្គម សេដ្ឋកិច្ចជាតិផង។ ក្នុងន័យនេះ ត្រូវបន្តយកចិត្ត​ទុក​ដាក់ការស្តារ ពង្រីក និងកសាងប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនៅតាមទីប្រជុំជន និងជនបទបន្ថែមទៀត (ទាំងផ្នែករដ្ឋ និងផ្នែកឯកជន គឺ ត្រូវចូលរួមអភិវឌ្ឍន៍ព្រមគ្នា) ដោយមិនផ្តោតតែលើទីប្រជុំជនសុទ្ធសាធ​នោះទេ សំដៅពង្រីកផ្ទៃសេវា គ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាត។

​​ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំស្នើដល់រដ្ឋបាលខេត្ត និងក្រុង ស្រុក គិតគូរបម្រុងទុកជាអាទិភាព នូវការដោះស្រាយបញ្ហាប្រភពទឹកឆៅ សម្រាប់យកមកប្រើប្រាស់ក្នុងការផលិត និងផ្គង់ផ្គង់ទឹកស្អាត។ ពីព្រោះថា បើសិនគ្មានទឹកស្អាត នោះការអភិវឌ្ឍ​មូលដ្ឋានរបស់យើង និងការកែលម្អជីវភាព​រស់នៅ របស់ប្រជាជន នឹងជួបឧបសគ្គ។

• ​មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ លើកទឹក​ចិត្ត និងសហការអនុវត្តគ្រប់សកម្មភាព ការ​ងាររបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជោគជ័យ។ ខ្ញុំព្រះករុណាខ្ញុំសូម​ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រី្តរាជការមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ខេត្តមណ្ឌលគិរី សូមប្រើប្រាស់អគារ​ថ្មីនេះ ដោយក្តីស្រឡាញ់ដូចជារបស់ ផ្ទាល់ខ្លួន ហើយយកចិត្តទុកដាក់ថែរក្សា ការពារឱ្យបានហ្មត់ចត់ ជាគុណប្រយោជន៍ក្នុងបុព្វហេតុបម្រើ ជាតិ និងប្រជាជន និងត្រូវបន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ចំណេះ​ដឹង មនសិការទទួលខុសត្រូវ និងឆន្ទៈម្ចាស់ការ ក្នុងការបំពេញការងារ។

• ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល​២០២១ ដែលនឹងខិតមកដល់ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ខ្ញុំព្រះករុណាសូមថ្វាយនិងប្រគេនពរចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមមាន ព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់នៃពុទ្ធបរិស័ទជិតឆ្ងាយ និងទ្រទ្រង់ដល់ព្រះពុទ្ធ សាសនា។ ខ្ញុំសូមជូនពរគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ​និង​សមាជិក សមាជិកានៃអង្គពិធី​ទាំងមូល សូមមានសុខភាពល្អបរិបូរណ៌ និងសម្រេចជោគជ័យលើ គ្រប់ភារកិច្ច ហើយ​សូមសមប្រកបតែនឹងពុទ្ធពរ និងពរជ័យប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

• ​ក្នុងនាមគណៈអធិបតី ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលរបស់មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវានុវត្តន៍ខេត្តមណ្ឌលគិរី ចាប់ពីពេលនេះតទៅ។

​​​​​​​​​​​​​​​​​​​​សូមអរព្រះគុណ និងអរគុណ!