ពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨

ពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨

ពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធាន បទ ៉ស្ត្រី រួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ ៉ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃសុក្រ ០១ រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការ ក្រសួង ។ 
បន្ទាប់ពីលោកជំទាវ ងិន ចន្ទ្រា អគ្គនាយករង រដ្ឋាករទឹកក្រុងភ្នំពេញ អានប្រវត្តិនារី ០៨ មីនា លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម អាន ព្រះរាជសារសម្តេចព្រះមហាក្សត្រីយ៍ នរោត្តមមុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ និងរបាយការណ៍សកម្មភាព សមាគមនារី អានដោយលោកស្រីទេព រ៉ានី ប្រធាននារីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួចមក លោក ជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ធ្វើឲ្យបងប្អូននារីជាមន្ត្រីរាជការទទួលបានឋានៈតួនាទី សមតាមសមត្ថភាព និងការបណ្តុះបណ្តាល បង្កើនកំរិតចំណេះដឹង បានយ៉ាងប្រសើរ ។ ជាក់ស្តែងតាមរបាយការណ៍ ពីក្រសួងមុខងារ សាធារណៈក្នុងរាជរដ្ឋាភិបាលអណត្តិទី៥នេះ គឺនៅឆ្នាំ ២០១៣ ស្ត្រីបម្រើការងារក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានចំនួន១៣% ដល់ឆ្នាំ ២០១៧ កើនដល់ចំនួន ២៣% ។ ក្នុងនោះស្ត្រីដែលឈរក្នុងតួនាទីធ្វើសេចក្តី សម្រេច មាន១៩ % ។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី បានផ្តល់តម្លៃលើកត្តាសន្តិភាព ដែលធ្វើឲ្យកំលាំងស្ត្រី មានឱកាសគ្រប់យ៉ាងចូលរួមគ្រប់សកម្មភាពសង្គម ហើយត្រូវបាន រាជរដ្ឋា ភិបាលចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ទៀតផង ។ ជាក់ស្តែង មន្ត្រីរាជការ ជាស្ត្រីនៅកម្ពុជា បច្ចុប្បន្នឡើងដល់ចំនួន ៤១ % លើសពីការកំណត់តាមស្តង់ដារអន្តរជាតិ ត្រឹម ៣០% ប៉ុណ្ណោះ ។
មានប្រសាសន៍សំណេះសំណាលនាឱកាស នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់សារៈសំខាន់ នៃការជ្រើសរើស ប្រធានបទខាងលើ និងបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសុខ សន្តិភាព ដោយលំបាក ដែលយើង ទាំង អស់គ្នាទាំងស្ត្រី ទាំងបុរស ត្រូវរួមគ្នាថែរក្សាឲ្យ បាន ។ 
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ក្រោយថ្ងៃរំដោះ ឆ្នាំ ១៩៧៩ រដ្ឋាភិបាល បាន យកចិត្តទុកដាក់ជាចំបងទៅលើតួនាទីរបស់ស្ត្រី ដោយបានបង្កើតជាសមាគមនារីតាំងពីពេលនោះមក ជាមួយនិងរំលឹកខួប ទិវាអន្តរជាតិ៨មីនាជារៀងដរាបមក ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារី ទូទាំងពិភពលោក ក្នុងការទាមទារឲ្យមានការ លើក កម្ពស់សិទ្ធ ស្ថានភាព ជីវភាព តួនាទីរបស់ស្ត្រី ឲ្យទទួលបាននូវអ្វីៗដែល នារីបានបាត់បង់ជាយូរអង្វែងណាស់មកហើយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីសមភាព យេនឌ័រ ដែលបុរស និងស្ត្រីក្រៅពីទទួលបានសិទ្ធិស្មើគ្នារួចហើយ គឺត្រូវចេះសហការ យោគយល់ សាមគ្គីគ្នាទើបការ បំពេញកិច្ចការនានាសម្រេចបានជោគជ័យ ។ រីឯសង្គមគ្រួសារក៏ដូច្នេះដែរ ត្រូវចេះយោគ យល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ទើបគ្រួសារមានសុភមង្គល ។ 
ទាក់ទង និងមន្ត្រីរាជការជាស្ត្រី ឯកឧត្តម
ទេសរដ្ឋមន្ត្រី បានផ្តល់តម្លៃទៅលើភាព ម៉ត់ចត់របស់ស្ត្រីលើការងារស្នូលរបស់ខ្លួន បន្ទាប់ពីការប្រគល់ឋានៈទួនាទី ក្នុងការ សម្រេចចិត្តជូនពួកគាត់ហើយ ។ ជាមួយគ្នានេះ ឯកឧត្តម ស្នើឲ្យស្ត្រីជាមន្ត្រីរាជការទាំងអស់ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជីវៈឲ្យកាន់តែជ្រៅជ្រះឡើង ដើម្បីក្រសួងពិនិត្យ វាយតម្លៃប្រគល់ឋានៈតួនាទីជូនតាមសមត្ថភាពរៀងៗខ្លួន ។ តែ ឯកឧត្តម ក៏សូមដាស់តឿនផងដែរ កុំទទួល បានឋានៈតួនាទីហើយ បែរជាបាត់បង់សាមគ្គីភាព ខ្វះចារិកមហាជន គឺត្រូវបន្តអនុវត្តក្នុងស្មារតីសាមគ្គីភាពខ្ពស់ និងទទួលខុសត្រូវលើការងារ ដូចដែលស្ត្រីទាំងឡាយក្នុងក្រសួងបានអនុវត្ត បានប្រសើរនាពេលបច្ចុប្បន្ននេះ ។ 
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ឧបត្ថម្ភ នារី ទាំងអស់ក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម សរុបចំនួន ៣៨៣ នាក់ ដែលក្នុង នោះ មានស្ត្រីក្រោមឱវាទអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញចំនួន ១៩៨នាក់ផងដែរនោះ ទទួលបានទឹកប្រាក់ម្នាក់់ៗចំនួន ១០ មុឺន រៀល ឧបត្ថម្ភទឹកប្រាក់បន្ថែម ៥០០ ដុល្លារ សម្រាប់ចូលរួមក្នុងដំណើរកំសាន្ត របស់ បងប្អូននារីនាពេលខាងមុខ និង ទឹកប្រាក់ ៥០០ ដុល្លារទៀត ជាថវិការឧបត្ថម្ភប្រចាំឆ្នាំ ដល់សាខាសមាគមនារីក្រសួង ។ ដោយឡែក ក្រសួងកិច្ចការនារី ក៏បានឧបត្ថម្ភអាវយឺត ចំនួន២០០ អាវ និង ក្រុមហ៊ុនលីលី នំស្រួយក៏បានឧបត្ថម្ភ នំស្រួយ៣៥ កេសផងដែរ ។