សហប្រតិបត្តិការកម្ពុជា-កូរ៉េ៖ស្តីអំពីការ សិក្សាសមិទ្ធិលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC)នៅកម្ពុជា

សហប្រតិបត្តិការកម្ពុជា-កូរ៉េ៖ស្តីអំពីការ សិក្សាសមិទ្ធិលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC)នៅកម្ពុជា

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ គាំទ្រពេញទំហឹងចំពោះភាគីកូរ៉េ ស្តីអំពីការ សិក្សាសមិទ្ធិលទ្ធភាពបង្កើតមជ្ឈមណ្ឌលម្ហូបអាហារ ( FTC)នៅកម្ពុជា។

បន្ទាប់ពីការអនុវត្ត គម្រោងក្នុងការជម្រុញវិស័យចំណីអាហារ ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថាន ស្រាវជ្រាវ ម្ហូបអាហារ កូរ៉េ (KFRI) និងវិទ្យាស្ថាន បច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (KAIT) នៅកម្ពុជាអស់ រយៈ ពេល ៣ឆ្នាំ ពីឆ្នាំ ២០១៨ -២០២០ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ជាពិសេស វិស័យ សហគ្រាស ធុនតូច និង មធ្យមផ្នែកចំណីអាហាររួចមក នៅរសៀល ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង មាន ជំនួបពិភាក្សាមួយ រវាង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយលោក KIM Young Chan នាយក គម្រោងនៃវិទ្យាស្ថាន KFRI និងលោក CHEONG Jin Woong អ្នកប្រឹក្សាយោបល់ ដើម្បីសុំការអនុញ្ញាត និងឯកភាពព្រមទាំងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងបន្ត ឬហៅថាការអនុវត្តគម្រោងជំហានទី២ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពបង្កេីត មជ្ឈមណ្ឌលម្ហូបអាហារ ( FTC)នៅកម្ពុជា ។ ក្នុងនោះភាគីកូរ៉េបានស្នេីសុំកិច្ចសហការមួយចំនួន ដូចជាការផ្តល់ទិន្នន័យ និងទីតាំង បង្កើតរោងចក្រគំរូខ្នាតតូច មន្ទីរ ពិសោធន៍ បន្ទប់ប្រជុំ និងបណ្តុះបណ្តាលជាដើម ។ ជាការ ឆ្លើយតប ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអនុវត្តការងារកន្លងមកក្នុងលទ្ធផលផ្លែផ្កា សម្រាប់ជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ។ ចំពោះការអនុវត្តគម្រោងជំហានទី២នេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី សូមគាំទ្រពេញទំហឹង ដោយឯកឧត្តមចាត់ទុកថា មានសារៈសំខាន់ និងចំពេលវេលាល្អណាស់ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារកម្ពុជា ឲ្យមានលក្ខណៈស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន ដូចជាភាពល្បីល្បាញនៃម្ហូបអាហារកូរ៉េផងដែរ ។

ចំពោះការស្វែងរកទីតាំង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពយកទីតាំង អាគារ ចំនួន ២ ដែលមានកំពស់៧ជាន់ដូចគ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាក់អង្រែលើដែលអាគារទាំងពីរ នោះ ជាទីតាំងធ្វើការរបស់ថ្នាក់ដឹកនាំនិងមន្ត្រី នៃអគ្គនាយក ដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ហើយក៏ជាទីតាំងបម្រុងសម្រាប់បំពាក់ឧបករណ៍មន្ទីរពិសោធន៍ឧស្សាហកម្មផងដែរ ។

ស្ថិត ក្នុង ឱកាសនោះ ភាគីកូរ៉េបានសម្តែងនូវទឹកចិត្តរីករាយចំពោះកិច្ចសហការដ៏ល្អ នេះ ព្រមទាំងពេញចិត្តជាខ្លាំងចំពោះទីតាំងដែលឯកឧត្តមណែនាំពីព្រោះទីតាំងនេះ គឺអាចប្រមូលផ្តុំ ការងារទាំងអស់នៅក្នុងកន្លែងតែមួយ ហើយយើងក៏មានលទ្ធភាព អាចសាងសង់អគារបន្ថែម នៅលើដីទំនេរបាន ។ លោក KIM បានបញ្ជាក់ថា៖ក្រុមការ ងារ របស់លោកនឹងធ្វើរបាយការណ៍លំអិតចុងក្រោយ ទៅរដ្ឋាភិបាលកូរ៉េ ដើម្បីពិនិត្យនិងសម្រេចឲ្យបានឆាប់បំផុត ហើយសង្ឃឹមថានឹងអនុវត្តគម្រោងជំហានទី២ ដែលមានលក្ខណៈស៊ីជម្រៅនេះ នៅកម្ពុជាបន្តទៀត ដើម្បីអនាគតឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា ។