សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ឆ្នាំ២០២១ តាមប្រព័ន្ធOnline Zoom ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ឆ្នាំ២០២១ តាមប្រព័ន្ធOnline Zoom ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ឆ្នាំ២០២១ តាមប្រព័ន្ធ​Online Zoom
..................................................................
ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២១ សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ឆ្នាំ២០២១ ត្រូវបានប្រារព្វធ្វើតាមប្រព័ន្ធ Online Zoom ពីចម្ងាយរវាងប្រទេស កម្ពុជា និងជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សិក្ខាសាលានេះ ត្រូវរៀបចំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹង ក្រសួងសុខាភិបាល ការងារ និងសុខមាលភាព នៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ក្រោមការឧបត្ថម្ភដោយ អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យក្រុងគីតាគ្យូស៊ុ (Kitakyushu) និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ។
គោលបំណងរបស់សិក្ខាសាលា គឺដើម្បីពង្រឹងដល់ភាគីពាក់ព័ន្ធផ្នែកសាធារណៈ និងឯកជនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រវាងប្រទេសកម្ពុជា និងជប៉ុន ឆ្ពោះទៅការបង្កើនដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ។ សមាសភាពចូលរួមក្នុងសិក្ខាសាលាទាំងនៅកម្ពុជា និងជប៉ុន រួមមានមកពីផ្នែករដ្ឋាភិបាល វិស័យឯកជន និងអ្នកជំនាញ រួមទាំងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជុំវិញ២៥ ខេត្ត ក្រុង សរុបចំនួន២១៦ នាក់ ក្នុងពីទីតាំងផ្សេងៗគ្នា ។
បេីតាមរបៀបវីរៈនៃការអង្គសិក្ខាសាលា គឺមានមតិស្វាគមន៍ពី ឯកឧត្តម KITAHASHI Kenji អភិបាលក្រុង គីតាឃ្យុស៊ុ​ ពីប្រទេស​ជប៉ុន​ -ចំណាប់អារម្មណ៍​របស់​ឯកឧត្ដម​ MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា​ ពីទីក្រុងសៀមរាប​ -ឯកឧត្ដម​អ៊ឹង​ រចនា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ ពី​ទីក្រុង​តូក្យូ​-លោក​ AZUMA Toshihiro ការិយាល័យ​ផ្គត់ផ្គង់​ និង​ការណែនាំ​ ,នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹកស្អាត​,អង្គភាព​សុវត្ថិភាព​ឱសថ​និងសុខភាពបរិស្ថាន​​ នៃក្រសួងសុខាភិបាល​ ការងារ​ និងសុខមាលភាព​ ពីទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ និងបន្ទាប់មកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានអញ្ជេីញ​មានប្រសាសន៍បេីក​អង្គសិក្ខាសាលា​ ពីទីស្តីការ​ក្រសួង​ ដែលមានសន្ទរកថាទាំងស្រុងដូចតទៅ៖ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមន្សរីករាយដែល​បានចូលរួមជាអធិបតីក្នុង “សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ២០២១ Cambodia Japan Water Supply and Sewer Seminar 2021” ដែលរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងកម្ពុជា-ជប៉ុននៅពេលនេះ។ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីត១៩ កំពុងរីករាលដាលយ៉ាងណាក៏ដោយ ក៏ការរៀបចំសិក្ខាពេលនេះនៅតែបានរៀបចំធ្វើតាមកាលកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធអនឡាញ ដែលការប្រើប្រាស់បច្ចេកវិទ្យានេះក្លាយជាទំនោរថ្មីសម្រាប់រាល់ការប្រជុំ បណ្តុះបណ្តាល និងសិក្ខាសាលានានាដែលមានអ្នកចូលរួមច្រើន។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះ ដែលបានដំណើរការជារៀងរាល់ឆ្នាំ។ សិក្ខាសាលាដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាសិក្ខាសាលាលើកទី១៣ ក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ(KOWBA) ប្រទេសជប៉ុន ដោយមានកិច្ចសហការរៀបចំគាំទ្រពីក្រសួងសុខាភិបាល ការងារ និងសុខមាលភាព នៃប្រទេសជប៉ុន (MHLW) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងអង្គការ សមាគម ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ជាពិសេស តំណាងក្រសួង ស្ថាប័ន និង វិស័យឯកជនរបស់ភាគីជប៉ុនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលានេះ ទាំងការចូលរួមដោយផ្ទាល់ និងតាមអនឡាញ។ សិក្ខាសាលានេះ ក៏នឹងបង្ហាញអំពីទស្សនវិស័យទឹកស្អាត​របស់កម្ពុជា បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍវិស័យទឹកស្អាតរបស់ប្រទេសជប៉ុន ការជួយគាំទ្ររបស់ភាគីជប៉ុន ជាពិសេសអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ដល់វិស័យទឹកស្អាតនៅកម្ពុជា។ ខ្ញុំសូមអរគុណ និងស្វាគមន៍ផងដែរចំពោះវាគ្មិននៃ​ប្រទេសជប៉ុន ដែលចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងបច្ចេកទេសនានាដល់អង្គសិក្ខាសាលា អំពីការងារដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាទិសដៅក្នុងការចូលរួមអភិវឌ្ឍន៍វិស័យ​ទឹកស្អាតនៅកម្ពុជា។ខ្ញុំចាំបានថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបានចូលរួមវេទិកាទឹកស្អាតកម្ពុជា-ជប៉ុន (JAPAN CAMBODIA WATER SUPPLY FORUM) “ស្តីពីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត និងតួនាទីរបស់ក្រុមហ៊ុនឯកជនជប៉ុន” ដែលបានប្រព្រឹត្តិធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា នៅសណ្ឋាគារ RIHGA Royal ក្នុងក្រុងកូគូរ៉ា (Kokura), ខ្ញុំពិតជាមានកិត្តិយស និងសោមនស្សចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីភាគីមិត្តជប៉ុន ហើយក៏បានទទួលនូវបទពិសោធថ្មីបន្ថែមទៀតអំពីតួនាទីនៃការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត ក៍ដូចជាបច្ចេកវិទ្យា និងគំនិតឆ្នៃប្រឌិតផ្សេងៗ។
ក្នុងឱកាសនោះដែរ ខ្ញុំក៏បានស្នើឱ្យមានការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមរយៈយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលយន្តការនេះបង្កលក្ខណៈ និងការទាក់ទាញក្រុមហ៊ុនឯកជនរបស់ជប៉ុនចូលរួមដំណើរការផលិតទឹកស្អាត និងលក់ទឹកដុំឱ្យអង្គភាពរដ្ឋាករទឹករបស់កម្ពុជា ដែលបច្ចុប្បន្នយើងបាននិងកំពុងអនុវត្តគម្រោងតាមរូបភាពនេះ​នៅរដ្ឋាករទឹកខេត្តកំពង់ធំ និងក្រុងតាខ្មៅ (រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ)។ តាមរយៈការអនុវត្តយន្តការនេះផងដែរ យើងសង្ឃឹមថាការអនុវត្តគម្រោងអាចប្រព្រឹត្តទៅ​បានឆាប់រហ័ស ក៏ដូចជាការផ្ទេរនូវបទពិសោធន៍ និងបច្ចេកវិទ្យារបស់ជប៉ុនដល់សមភាគីកម្ពុជា ក្នុងការគ្រប់គ្រង និងដំណើរការប្រតិបត្តិការប្រព័ន្ធផលិតកម្មមានប្រសិទ្ធភាពខ្ពស់ផងដែរ។ លើសពីនេះ ខ្ញុំក៏បានសំណូមពរ​ឱ្យមិត្តជប៉ុនសូមជួយគាំទ្រដល់កម្ពុជាបន្តទៀត ជាពិសេសលើវិស័យទឹកស្អាត ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចទទួលបាន​សេវាទឹកស្អាតប្រើប្រាស់ប្រកប​ដោយ​និរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ហើយក៏សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះក្រុមហ៊ុនឯកជនជប៉ុនធ្វើការវិនិយោគនៅកម្ពុជា ដែលនឹងនាំនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ការធ្វើប្រព្រឹត្តិកម្មទឹក ដែលមានថ្លៃសមរម្យ និងចំណាយដំណើរការសមស្រប ជាពិសេស ប្រព័ន្ធខ្នាតតូចៗ ដែលអាចអនុញ្ញាតឱ្យយើងអាចតម្លើងបាននៅតំបន់ទីប្រជុំជនតូចៗ ដែលការវិនិយោគ​លើប្រព័ន្ធបណ្តាញចែកចាយធម្មតាមិនមានលក្ខណៈសេដ្ឋកិច្ច។
គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រីឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនអង្គសិក្ខាសាលាជ្រាបថា ដោយសារប្រទេសកម្ពុជាទទួលបាន សុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម នៅពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាព និងឱកាសអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិបាន កាន់តែរីកចម្រើន ជឿនលឿន ឆាប់រហ័សលើគ្រប់វិស័យ។ ការរីកចម្រើននេះ ចាំបាច់តម្រូវឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានសមស្របនិងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍផងដែរ។ សម្រាប់វិស័យទឹកស្អាត យើងសង្កេតឃើញថា តម្រូវការប្រើប្រាស់ទឹកស្អាតនៅតាមបណ្តារាជធានី ខេត្ត ក្រុង និងទីប្រជុំជន នានា​នៅទូទាំងប្រទេសមានការកើនឡើងយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំពិធីបញ្ចុះបឋមសិលាបើកការ​ដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតនិងផ្គត់ផ្គង់បាន ១៩៥.០០០ម៣/ថ្ងៃ និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនដែលមានសមត្ថភាពផលិតនិងផ្គត់ផ្គង់ ៥២.០០០ ម៣/ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រែក្លាយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបន្ថែមនូវបន្ទុកការងារស្នូលលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បន្ថែមទៀតដល់ក្រសួង។ ដោយឡែកចំពោះ វិស័យទឹកស្អាត ក្រសួងបានខិតខំប្រឹងប្រែងជំរុញ និងអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈកំណែទម្រង់លើរចនាសម្ព័ន្ធដឹកនាំនិងគ្រប់គ្រង ការកសាងបទដ្ឋានគតិយុត្ត មធ្យោបាយគ្រប់គ្រង ការ​លើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិន និងផ្នែកឯកជន ដែលបានជំរុញឱ្យមានការចូលរួមវិនិយោគជាច្រើនពីផ្នែកឯកជនក្នុងនិងក្រៅប្រទេសលើវិស័យទឹកស្អាត​។ គិតមកដល់បច្ចុប្បន្ន ក្រសួងបានចេញប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតចំនួន ២៨២ទីតាំង ដែលកើនឡើងជិតពីរដង ធៀបនឹងឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ យើងបានខិតខំអភិវឌ្ឍន៍​ វិស័យទឹកស្អាតដោយមាន​ការចូលរួមយ៉ាងសំខាន់របស់ដៃគូអភិវឌ្ឍន៍នានា ដូចជា រដ្ឋាភិបាលជប៉ុន (តាមរយៈ JICA, JICS), ADB, AFD, WB, WHO, UNICEF, UNHABITAT, រដ្ឋាភិបាលអូស្រ្តាលី (តាមរយៈ 3i) ជាដើម។ការជួយគាំទ្ររបស់មិត្តជប៉ុន គឺមិនអាចកាត់ថ្លៃបាន តាមរយៈគម្រោងសហប្រតិបត្តិការនានា មានដូចជា គម្រោងជំនួយបច្ចេកទេសរៀបចំផែនការមេរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, គម្រោងកសាងសមត្ថភាពអង្គភាពរដ្ឋាករទឹកសាធារណៈ, គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា ដែលផ្តោតសំខាន់លើការកសាងសមត្ថភាពការគ្រប់គ្រងវិស័យទឹកស្អាតរបស់អគ្គនាយកដ្ឋានទឹកស្អាត រួមទាំងការជួយគាំទ្រលើការរៀបចំសេចក្តីព្រាងច្បាប់ “ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា” ដែលមកដល់ពេលនេះ សេចក្តីព្រាងច្បាប់នេះបានឆ្លងចប់កម្រិតបច្ចេកទេសផ្ទៃក្នុងក្រសួង និងអន្តរក្រសួងមួយចំនួន ហើយនឹងត្រៀមបញ្ជូនទៅសុំការគាំទ្រ និងជំនួយបច្ចេកទេសផ្នែកច្បាប់ពីក្រុមប្រឹក្សាអ្នកច្បាប់របស់រាជរដ្ឋាភិបាល និងឆ្លងអន្តរក្រសួងបើកទូលាយ នាពេលខាងមុខ, ហើយក៏មានគម្រោងវិនិយោគអភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាច្រើនទៀត ដែលមានទំហំហិរញ្ញប្បទានសរុបប្រមាណជាង ៣០០លានដុល្លារអាមេរិក (ទាំងហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទាន)។ គម្រោងជំនួយទាំងនេះភាគច្រើនគឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍អង្គភាពរដ្ឋាករទឹកសាធារណៈ ហើយក្រុមហ៊ុនឯកជនរបស់ជប៉ុន ក៏បានចូលរួមត្រឹមតែជាទីប្រឹក្សាបច្ចេកទេស ឬជាក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។
កិច្ចសហប្រតិបត្តិការនេះគឺទទួលបានលទ្ធផលល្អ​ប្រសើរជាទីគាប់ចិត្ត ដោយក្នុងនោះអង្គភាពរដ្ឋាករទឹ​ក​សាធារណៈរបស់យើងទាំងអស់បានពង្រឹងសមត្ថភាពគ្រប់គ្រង និងដំណើរការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានប្រសិទ្ធភាពល្អ ហើយមន្ត្រីជំនាញជាច្រើន​នាក់ត្រូវបានទទួលការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង តាមរយៈគម្រោងសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន, ដែលបង្កើតបានជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតកម្ពុជាប្រកបដោយចីរភាព។ ទោះយ៉ាងនេះក្តី តម្រូវការទុនវិនិយោគ និងការគាំទ្រតាមគ្រប់រូបភាពទាំងអស់ គឺជាការចាំបាច់ ដើម្បីអាចឈានទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ទីប្រជុំជនឱ្យបាន ១០០% នៅឆ្នាំ២០២៥ និងទូទាំងប្រទេសនៅឆ្នាំ២០៣០។ ដោយមូលហេតុនេះ ផ្តោតតែលើអង្គភាពរដ្ឋាករទឹកសាធារណៈ គឺនៅមិនទាន់គ្រប់គ្រាន់ទេ។ ក្នុងន័យនេះ ការពង្រីកកិច្ចសហប្រតិបត្តិការ និងការចាប់ដៃគូជាមួយវិស័យឯកជន គឺជាការចាំបាច់។
គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី​
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមរំលឹកនូវប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងជំនួបរបស់ សម្តេច ជាមួយ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZ0) សមាជិកសភាជប៉ុន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ លើការងារ ២ចំណុច គឺ៖ (១)ត្រូវពង្រីកសមត្ថភាពការផ្គត់ផ្គង់ទឹក​ស្អាតឱ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំ​ទូលាយ និង(២)ធ្វើយ៉ាងណាពង្រីកបណ្តាញចែកចាយទៅកាន់តំបន់ អភិវឌ្ឍន៍ថ្មីៗថែមទៀត។ ជាមួយគ្នានេះ ខ្ញុំក៏មានឱកាសជួបផ្ទាល់ជាមួយ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ ផងដែរ និងក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានតាមគ្រប់រូបភាពសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និយាយជារួម, និង សម្រាប់វិស័យទឹកស្អាត និយាយដោយឡែក ក្នុងទំហំមួយដ៏ធំ ហើយមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ អនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនទាំងផ្នែកសាធារណៈ និងឯកជន។ ជាលទ្ធផល៖
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគាំទ្រ និងបន្តអនុស្សរណៈសហប្រតិបត្តិការ (Memorandum of Cooperation​-MOC) ជាមួយ​ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពប្រទេសជប៉ុន លើកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅកម្ពុជារយៈពេល ៥ (ប្រាំ) ឆ្នាំទៀត
• បានគាំទ្រកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ជាមួយសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ហើយក្រសួងនឹងចុះហត្ថលេខាជាសាក្សីលើអនុស្សរណៈនោះ
• បានគាំទ្រការវិនិយោគ និងបានផ្តល់ប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតជូនក្រុមហ៊ុន សោម៉ា ខូប៊ែលកូ វ៉ធើរ សឹបផ្លាយ ឯ.ក ដែលមាន​ទីតាំងផលិតកម្មនៅសង្កាត់កោះដាច់ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុនឯកជនកម្ពុជា និងក្រុមហ៊ុនឯកជនជប៉ុន ដែលកាលនោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងនូវការកត់សម្គាល់ថា នេះជាលើកទី១ ដែលក្រុមហ៊ុនឯកជនជប៉ុនវិនិយោគដោយផ្ទាល់ក្នុងវិស័យទឹកស្អាតនៅកម្ពុជា
• ក្រសួងនឹងត្រៀមចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Kobelco Eco-Solutions Co., Ltd. ដើម្បីពង្រីក និងន្លឿនការអភិវឌ្ឍន៍ទឹកស្អាតខ្នាតតូចនៅកម្ពុជា។ • ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិ​យោគិនទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសវិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី
តាមរយៈការចូលរួមអង្គសិក្ខាសាលានៅថ្ងៃនេះ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែមទៀតពីគ្នាទៅវិញទៅមក ក៏ដូចជាស្វែងយល់អំពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ព្រមទាំងឱកាសក្នុងការវិនិយោគ និងចូលរួមអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាឱ្យមានការរីកលូតលាស់កាន់តែប្រសើរថែមទៀត។ ខ្ញុំសូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់វាគ្មិន និងពិភាក្សាដេញដោលលើបញ្ហាផ្សេង ដើម្បីស្វែងយល់ និងស្វែងរកដំណោះស្រាយសមស្របសម្រាប់​ការអភិវឌ្ឍន៍ទឹកស្អាតប្រកបដោយចីរភាពស្របតាម​បរិបទរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះមិត្តជប៉ុន និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែកមិនអាចកាត់ថ្លៃបានក្នុងគ្រប់កាលៈទេសៈដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យទឹកស្អាត។ ការចូលរួមនិងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ម្ចាស់ជំនួយ ជាពិសេសភាគីមិត្តជប៉ុន នឹងធ្វើឱ្យប្រជាជនកម្ពុជាដែលបានទទួលទានទឹកស្អាត នៅតែនឹកនៅតែចាំជានិច្ច ស្របតាមសុភាសិតខ្មែរដែលថាបានផ្លែឈើហូបត្រូវ នឹកឃើញដល់អ្នកដាំដើមឈើ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ និង បង្ហាញពីការគាំទ្រមុតមាំដល់បុព្វហេតុអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។ ខ្ញុំសូមកោតសរសើរ និងវាយ​តម្លៃ ខ្ពស់ចំពោះកិច្ចសហការរវាងអគ្គនាយកដ្ឋានទឹកស្អាត ជាមួយនិង អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមទឹកស្អាតក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ប្រទេសជប៉ុន JICA ដែលបានជួយជ្រោមជ្រែងបង្កើតឱ្យមានសិក្ខាសាលាដ៏មានសារសំខាន់នេះ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ជាគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិជាតិ អន្តរជាតិ សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល សូមទទួលបានជោគជ័យថ្មីៗធំធេងថែមទៀតក្នុងឆ្នាំថ្មី២០២១នេះ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
តាងនាមគណៈអធិបតី ខ្ញុំសូមប្រកាសបើក អង្គសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ២០២១ ចាប់ពីពេលនេះតទៅ។
សូមអរគុណ