សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំលើក​ទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេស​​រដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ​។​ កិច្ច​ប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលមួយព្រឹក ​ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខា​ធិការ​ដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ក្នុងគោលបំណងធ្វើការពិភាក្សានិងអនុម័តទៅលើ៖
ក.​​ស្តង់ដារអន្តរជាតិ ISO ផ្នែកសារធាតុនិងផលិតផលគីមីចំនួន ០៤ ស្តង់ដារ សម្រាប់“សុវត្ថិភាពប្រដាប់ក្មេងលេង” ដែលជាស្តង់ដារអនុវត្ត ដើម្បីការពារសុខមាលភាពនិងសុវត្ថិភាពក្មេង ជាពិសេសក្មេងដែលមានអាយុក្រោម ១៤ ឆ្នាំ អំពីហានីភ័យដែលកើតចេញពីប្រដាប់ក្មេងលេងមិនមានរចនាបទសមស្រប ផលិត ចេញពីវត្ថុធាតុដើម ជាពិសេសសារធាតុគីមីដែលហាមឃាត់ ងាយឆេះ និងការប្រើប្រាស់ខុសលក្ខខណ្ឌនិងគោលដៅ។​
ខ.​​ស្តង់ដារភេស្ជជៈទឹកក្រូចកាបូណាត និងស្តង់ដារកែសម្រួលសម្រាប់ទឹកពិសាដប CS 009:2005 ។ ស្តង់ដារនេះ ផ្តល់ជាមូលដ្ឋានដល់ រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងការបង្កើនគុណភាព និងសុវត្ថិភាពភេសជ្ជៈស្របតាមតម្រូវការរបស់ស្តង់ដារ ដើម្បីលុបបំបាត់ផលិតផលក្លែងបន្លំ និងការពារអ្នកប្រើប្រាស់ ដើម្បីចូលរួមកាត់បន្ថយហានីភ័យផ្នែកសុខមាលភាពសាធារណៈ។
គ.​​ស្តង់ដារអាស៊ានផ្នែកបន្លែនិងផ្លែឈើចំនួន ០៣ ស្តង់ដារ សម្រាប់ផ្លែខ្នុរ ផ្លែល្ពៅ និង​ផ្លែ​ត្រប់ ​ដែលស្តង់ដារនេះ
ផ្តោតជាសំខាន់លើការតម្រូវ​សម្រាប់ទំហំ គុណភាព សុវត្ថិភាព អនាម័យ ការប្រើប្រាស់ជីរនិងថ្នាំកសិកម្ម សារធាតុបង្ការ ការវេចខ្ចប់ ការដាក់ម៉ាក​និងស្លាកសញ្ញា​សម្រាប់បន្លែ​និងផ្លែឈើ ក្នុងទិសដៅការពារ​សុវត្ថិ​ភាព​អ្នកប្រើប្រាស់ កាត់បន្ថយនូវ​ហានី​ភ័យ​កើតចេញពីបន្លែ​និងផ្លែឈើដែលគ្មានគុណភាពនិងសុវត្ថិភាព បង្កើនផលិតផលកសិកម្ម ។
ឃ.​​ស្តង់ដារអន្តរជាតិ ISO ផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន ០៤ ស្តង់ដារ ​ដូចខាងក្រោម៖
១. ​ISO 31000:2018 ស្តីពីការគ្រប់គ្រងហានីភ័យ-គោលការណែនាំ ដែលស្តង់ដារនេះផ្តល់នូវគោលការណ៍ណែនាំ ក្របខណ្ឌការងារ និងនីតិវិធីនៃការគ្រប់គ្រងហានីភ័យដែលកើតមានឡើងនៅក្នុងក្រុមហ៊ុន/អង្គភាព ដោយសារកត្តាផ្ទៃក្នុងនិងមកពីខាងក្រៅ។
២. ​ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ-តម្រូវការជាមួយការណែនាំសម្រាប់​ ការប្រើប្រាស់ ដែលកំណត់តម្រូវការនិងគោលការណ៍​ណែនាំ​​ ដល់​ក្រុមហ៊ុន/អង្គភាព ​ក្នុងការធានាសុវត្ថិភាពនិងសុខភាពដល់កម្មករនិយោជិតនៅកន្លែងបំពេញ​ការងារ និងបង្ការ​ការកើត​ឡើងនូវគ្រោះថ្នាក់ការងារ។
៣. ​ISO/IEC 17011:2017 ការវាយតម្លៃភាពអនុលោម-តម្រូវការសម្រាប់​អង្គភាព​វាយតម្លៃទទួលស្គាល់​ គឺជាស្តង់ដារ ដែលផ្តល់តម្រូវការនានាជាមូលដ្ឋានដល់អង្គភាពវាយតម្លៃទទួលស្គាល់ ដើម្បីធ្វើការវាយតម្លៃទទួលស្គាល់សមត្ថភាពអង្គភាពចេញវិញ្ញាបនប័ត្របញ្ជាក់ផលិតផលនិងប្រព័ន្ធ អង្គភាពអធិការកិច្ច មន្ទីរពិសោធន៍ អង្គភាពផ្តល់សេវាព្យាសកម្ម (មាត្រាសាស្ត្រ) ។ល។
៤. ​ISO/IEC/TR 17028:2017 គឺជាស្តង់ដារដែលផ្តល់នូវ​គោលការណ៍ណែនាំនិងគំរូនានា សម្រាប់ការរៀបចំ scheme ផ្នែកសេវាកម្ម ដើម្បីអាចចេញវិញ្ញាបនប័ត្រ​បញ្ជាក់សេវាកម្មអនុលោមតាមតម្រូវការ​របស់ស្តង់ដារ ISO/IEC 17065:2012 ការវាយតម្លៃភាពអនុលោម - ការតម្រូវសម្រាប់អង្គភាពផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផល ​ ដំណើរការ និងសេវាកម្ម។​
ង.​​ស្តង់ដារអន្តរជាតិ ISO/IEC សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានចំនួន ០៣ គឺជាស្តង់ដារដែលផ្តោតអំពីទិដ្ឋភាពទូទៅនិងនិយមន័យប្រើប្រាស់​ក្នុងប្រព័ន្ធ​គ្រប់​គ្រង​សន្តិសុខព័ត៌មាន ​ការកំណត់តម្រូវការសម្រាប់ការចេញវិញ្ញាបនប័ត្រប្រព័ន្ធគ្រប់​គ្រង​សន្តិសុខ​ព័ត៌មាន និងការណែនាំនានាសម្រាប់ការត្រួតពិនិត្យសន្តិសុខ​ ព័ត៌មាន។ ស្តង់ដារនេះត្រូវបានជ្រើសរើសឡើងសម្រាប់ការអនុម័តទទួលយកជាស្តង់ដារជាតិ ផ្អែកតាមការជ្រើសរើសរបស់ក្រុមការងារអាស៊ានសម្រាប់ការធ្វើឲ្យចុះសម្រុងគ្នាក្នុងតំបន់ និងផ្អែកតាមអនុសាសន៍ដ៏ខ្ពង់​ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ក្រោមប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សហកម្ម 4.0” ដែលបានបញ្ជាក់ថា ស្របតាមភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងនិងអនុវត្តនូវគោលនយោបាយ បទប្បញ្ញត្តិ ច្បាប់ និងស្តង់ដារពាក់ព័ន្ធ ដូចជាសុវត្ថិភាពឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។
ច.​​ស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខាអគ្គីសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន ០៤ស្តង់ដារ មកធ្វើជាស្តង់ដារ ជាតិរបស់កម្ពុជា ដើម្បី​ផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់វាយតម្លៃ និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាព​បរិក្ខាខាងលើ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានីភ័យ និងបរិស្ថានដែលបង្កដោយបរិក្ខារទាំងនោះ។
បន្ទាប់ពីឆ្លងកាត់ការពិភាក្សាក្រោមក្របខណ្ឌបច្ចេកទេសយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានសម្រេចអនុម័តយកស្តង់ដារអន្តរជាតិខាងលើមកធ្វីជាស្តង់ដារជាតិ ដែលគិតសរុបមកដល់បច្ចុប្បន្ន ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ ដែលមានគណៈកម្មការបច្ចេកទេសចំនួន១២ កម្ពុជា បានយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិសរុបបានចំនួន៩៦៩ ស្តង់ដារហើយ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេច ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរួមទាំងអស់គ្នា និងស្នើឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ ខិតខំស្រាវជ្រាវចងក្រងឲ្យបានច្រើនថែមទៀតនូវស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ ពីព្រោះ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការងារធ្វើអធិការកិច្ច ជម្រុញឲ្យទទួលបាននូវឧត្តមភាពប្រកួតប្រជែង ព្រមទាំងងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ និងជំរុញការនាំចេញផលិតផលដែលមានស្តង់ដារទទួលស្គាល់ជាអន្តរជាតិ ។ ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីក៏បានស្នើផងដែរ ដល់គណៈកម្មការបច្ចេកទេសទាំងអស់ចងក្រងពាក្យពេជន៌បច្ចេកទេសនៃភាសារបរទេស បកប្រែជាភាសាខ្មែរ​រួចបញ្ជូនទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីបកប្រែជាភាសារជាតិឲ្យមានលក្ខណៈត្រឹមត្រូវ និងឯកភាពគ្នា ក្នុងការប្រើប្រាស់ភាសាជាតិ ។ ដោយឡែកទាក់ទង ការពិនិត្យ និងអនុម័តលើបទប្បញ្ញត្តិបច្ចេកទេសអគ្គិសនី​សម្រាប់​រៀបចំ​​បណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារ​និងលំនៅដ្ឋាននៅ​កម្ពុជា ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្រេចមិនទាន់អនុម័តនាពេលនេះទេ ដោយសារការជាន់ភារកិច្ចការងារគ្នា រវាងក្រសួងរ៉ែ និងថាមពល និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលត្រូវពិភាក្សាឲ្យជ្រះស្រលះជាមុនសិន។