ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការ Water.org

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការ Water.org

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្ពកម្ម ជាមួយលោក  Carlos P.Ani នាយកប្រចាំប្រទេស នៃអង្គការ Water.Org នៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩ បានផ្តោតជាសំខាន់ ទៅលើវិស័យទឹកស្អាតនៅកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីការយកចិត្តទុកដាក់ក្នុងការអនុវត្ត គោលដៅ និងគោលនយោបាយអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់រាជរដ្ឋាភិបាល  ព្រមទាំងបានគាំទ្រ សកម្មភាពការងាររបស់អង្គការ Water.Org នៅកម្ពុជាកន្លងមក ។ ប៉ុន្តែឯកឧត្តម បានបញ្ជាក់ថា៖ រាល់សកម្មភាពដែលអង្គការ Water.Org បានធ្វើកន្លងមក ដូចជា៖ ការគាំទ្រដល់ប្រតិបត្តិករ ទឹកស្អាតឯកជន ការបណ្តុះបណ្តាលអប់រំ ជាពិសេសការផ្តល់កម្ចីដល់ប្រជាពលរដ្ឋ តាមរយៈស្ថាប័ន មីក្រូហិរញ្ញវត្ថុណាមួយ ដើម្បីតបំពង់ទឹកស្អាតចូលផ្ទះនោះ គឺថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានការភ្ញាក់ផ្អើល ពីព្រោះទើបដឹងនៅពេលនេះ ។ ជាពិសេសដឹងថាប្រជាពលរដ្ឋប្រមាណ ៧ សែននាក់ បានទទួលសេវាកម្ចីប្រាក់ពីអង្គការនេះ តាមរយៈស្ថាប័នមីក្រូហិរញ្ញវត្ថុ WIF ។ ចំណុចនេះ ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា៖ បើចង់ឲ្យក្រសួងក៏ដូចជារាជរដ្ឋាភិបាលទទួល ស្គាល់តាមផ្លូវច្បាប់ អង្គការខ្លួនឯងត្រូវដាក់ ពាក្យចុះបញ្ជីពីក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃរបស់កម្ពុជា ព្រមទាំងផ្ញើរបាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពីសកម្មភាពទាំងឡាយ ដែលបានអនុវត្តកន្លងមក ។ ម៉្យាងនៅពេលអង្គការនេះ បានទទួលស្គាល់ផ្លូវការតាមផ្លូវច្បាប់ហើយ អង្គការនេះ ក៏នឹងអាចក្លាយជាដៃគូសហការជាមួយក្រសួង ហើយធ្វើសកម្មភាពដោយចេញមុខ និងការទទួលខុសត្រូវ ។

លោក Carlos P.Ani បានលើកឡើងពីប្រតិបត្តិការរបស់អង្គការ ទាក់ទងវិស័យ ទឹកស្អាត អនាម័យ និងការអប់រំ ដែលបានធ្វើសកម្មភាពប្រមាណ១៥ ប្រទេសលើពិភពលោក ដូចជា៖ នៅតំបន់អាស៊ី និងអាហ្រ្វិកជាដើម ដោយមានការកិច្ចសហការគាំទ្រពីក្រុមហ៊ុន ឯកជនធំៗ និងអង្គការអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន កូកាកូឡា ប៉ិបស៊ី អង្គការ UNICEF និង USAID ជាដើម ។

តាមការណែនាំរបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អង្គការលោក នឹងអនុវត្តតាមច្បាប់កម្ពុជាជាធរមាន ដើម្បីរួមចំណែកការអភិវឌ្ឍន៍ វិស័យទឹកស្អាត និងអនាម័យ ក៏ដូចជា ការបណ្តុះបណ្តាល និងការអប់រំទាក់ទងវិស័យទឹកស្អាតនៅកម្ពុជា ។