ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME” ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅ

សណ្ឋាគារ Raffles Hotel Le Royal “តាមរយៈប្រព័ន្ធពាក់កណ្តាលអនឡាញ”៖

- ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា

- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា

- ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

- ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង

នវានុវត្តន៍

- ឯកឧត្តម លោកជំទាវ តំណាង​ ក្រសួង ស្ថាប័នពាក់ព័ន្ធ

- លោកបណ្ឌិត Günter Riethmacher នាយកនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់GIZ ប្រចាំប្រទេសកម្ពុជា

- លោក Frank Jattke ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់GIZ​ ប្រចាំប្រទេសកម្ពុជា

- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី នាងកញ្ញា ជាទីរាប់អាន!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង​​ ដែល​បានចូលរួមធ្វើជាអធិបតី​ក្នុងពិធី​ប្រកាសដាក់ឱ្យ​ដំណើរ​ការជាផ្លូវការនូវ “​គេហទំព័រ​​ Khme​r​SME” ដែលស្ថិតក្រោមគម្រោងកិច្ចសហប្រតិបត្តិកា ររវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់អ GIZ ស្តីពីការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និង មធ្យម។ “​គេហទំព័រ​​ Khme​r​SME” គឺជា ថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ដែលផ្តល់ឱកាសឲ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ទទួលបាននូវព័ត៌មាននៅនឹងកន្លែង ដូចជា ផ្នែកច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិ ការបណ្តុះបណ្តាល​បច្ចេកទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្ត សម្រាប់ការធ្វើធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកបដោយបរិយាប័ន្ន។ ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបាននូវសមិទ្ធិផលដ៏ថ្លៃថ្លានេះ ដែលជាថ្នាលព័ត៌មានពេញលេញ និងជាកន្លែងផ្តួចផ្តើមគំនិតធុរកិច្ចដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកសាង និងពង្រឹងសមត្ថភាពខ្លួន រួមទាំងពង្រីកវិមាត្រធុរកិច្ចពីធុនមីក្រូទៅធុនតូច តាមលំដាប់លំដោយ នៅក្នុងកិច្ចប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងសេវាកម្ម និងសំដៅជំរុញការប្រកួតប្រជែងប្រកបដោយស័ក្តិសិទ្ធភាព។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាទីរាប់អាន!

ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងក្នុងនាមរូបខ្ញុំផ្ទាល់ជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តខ្ពស់ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ពិសេស ក្នុងដំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ដែលបង្កវិនាសកម្មដ៏អាក្រក់ដល់ជីវិតមនុស្សជាតិ និងសេដ្ឋកិច្ច។ ផ្អែកលើបរិការណ៍នេះ រាជ រដ្ឋាភិបាលបានលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូចនិងមធ្យម ជាវិស័យអាទិភាព ដែលមានលទ្ធភាពជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិឲ្យមានភាពប្រសើរឡើងវិញ ដោយបានកំណត់នូវមុខផលិតផលមួយចំនួនជាទំនិញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។ តាមរយៈនេះ ផលិតផលទាំងអស់ ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដូចនេះ “​គេហទំព័រ​​ Khme​r​SME” ដែលជា ថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការទាញយកព័ត៌មានចាំបាច់និងសំខាន់ៗ តាមតម្រូវការ ដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារកម្ពុជា។

ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការនូវ “​គេហទំព័រ​​ Khme​r​SME” នេះ គឺមានលក្ខណៈស្រប និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ និងផែនទីបង្ហាញផ្លូវ សេដ្ឋកិច្ច ឌីជីថល ពាណិជ្ជកម្ម​អេឡិចត្រូនិក ជាដើម ដែលមានគោលដៅ បន្តនិងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើធុរកិច្ចការលើកកម្ពស់ ផលិតភាព គំនិតច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល និងក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម មានកំណើនល្អ រីឯវិស័យសេវាកម្មរងផលប៉ះពាល់ខ្លាំង ពិសេស ផ្នែកទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ ការព្យាករកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ គឺនឹងឡើងដល់ ៤.៨% តាមរយៈការដាក់ឲ្យដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម ដូចជា ផលិតកម្ម អាជីវកម្ម សាលារៀន សេវាកម្មទេសចរណ៍ ដោយស្នើឲ្យប្រជាពលរដ្ឋមានការចូលអនុវត្តន៍គោលការណ៍សុខាភិបាលឲ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុត ដែល គិតដល់ត្រឹមថ្ងៃទី២៧​តុលា ម្សិលម៉ិញ គឺអាត្រានៃការចាក់វ៉ាក់សាំងឡើងដល់ ៨៥.៥៥% នៃចំនួនប្រជាពលរដ្ឋ ១៦លាននាក់ (កុមារអាយុចាប់ពី ៦-១១ឆ្នាំ ស្មើ ១០០.៨៣%​​ នៃចំនួន ១.៨៩៧.៣៨២​នាក់, យុវជនអាយុ១២-១៧ឆ្នាំ ស្មើ ៩០.៧៨% នៃចំនួន​១.៩៦៦.៩៣១នាក់ និង មនុស្សចាស់អាយុពី១៨ឆ្នាំ ឡើងទៅ ស្មើ ៩៩.៩០% នៃចំនួន​១០.០០០.០០០នាក់) រួមទាំងការដាក់ចេញនូវវិធានមុតស្រួចបន្ថែមទៀតផងដែរ ដូចជា៖ ការបើកឲ្យដំណើរការហោះហើរ ជាមួយប្រទេសថៃដែលមានជើងហោះហើរចំនួន ៤៦ប្រទេស ក្នុងនោះមានកម្ពុជាផងដែរ ដោយអនុវត្តន៍គោលការណ៍បដិការ និងជើងហោះហើរពីប្រទេសដទៃទៀត ដើម្បីចាប់យកឱកាសដ៏ល្អនេះក្នុងការទទួលយកភ្ញៀវទេសចរណ៍បរទេស ទេសចរណ៍សុវត្ថិភាពឬទេសចរណ៍វ៉ាក់សាំង ម្ចាស់ការធ្វើតេស្ត​និងព្យាបាល ជម្ងឺមានអាការៈស្រាល ជាដើម ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។

ខ្ញុំសូមបញ្ជាក់បន្ថែមជូនអង្គពិធីទាំងមូលថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តជំរុញដំណើរការកសាងប្រព័ន្ធអេកូឡូស៊ីថ្នាលបណ្តុះអាជីវកម្មបច្ចេកទេស (Business​​ Technology Incubation) និងកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម (Business Acceleration) នៅកម្ពុជាឱ្យមានវិសាលភាពទូលំទូលាយ។ បន្ទាប់ពីបានតភ្ជាប់ប្រព័ន្ធ SME Online Registration ទៅនឹងប្រព័ន្ធថ្នាលបច្ចេកវិទ្យា CamDX រួចមក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធនេះ សម្រាប់ឲ្យសហគ្រាសធ្វើការចុះបញ្ជីតាមប្រព័ន្ធអនឡាញទាំងអស់។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង​​កញ្ញា

សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងសង្គម តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឲ្យអស់លទ្ធភាពនៃសក្តានុពលធនធានក្នុងស្រុក និងការទទួលយកនូវការផ្ទេរបច្ចេកវិទ្យា។ ជាក់ស្តែង កាលពីខែកក្កដាកន្លងទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំពិធីអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកម្ពុជាប្រារព្ធជាលើកដំបូងក្នុងឆ្នាំ២០២១ និងបានចូលរួមជាមួយគណៈកម្មការសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមអាស៊ាន (ACCSME) ដាក់ឱ្យដំណើរការជាផ្លូវការ គេហទំព័រព័ត៌មានអាជីវកម្មក្នុងតំបន់អាស៊ាន មានឈ្មោះថា ASEAN ​Access។ ខណៈពេលនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME”​ នាពេលដ៏ខ្លីខាងមុខនេះដែរ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង​​កញ្ញា តំណាងឲ្យក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានវត្តមានក្នុងអង្គពិធីនេះ ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដែលខិតខំប្រឹងប្រែងបង្កើត “គេហទំព័រ KhmerSME” នេះឡើង ដើម្បីជួយជំរុញបង្កើនសមត្ថភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូច តូច និងមធ្យមនៅកម្ពុជា ឲ្យមានសម្ទុះទៅមុខឈានមួយកម្រិតបន្ថែមទៀត សំដៅប្រែក្លាយជាកម្លាំងចលករពិតៗ ក្នុងការចូលរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ សង្គម។

មុននឹងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាង​ឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩។

ខ្ញុំសូមប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME” តាមប្រព័ន្ធអនឡាញ ឬឌីជីថលចាប់ពីពេលនេះតទៅ។