ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ នៅសណ្ឋាគារកាំបូឌីយ៉ាណា​

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ នៅសណ្ឋាគារកាំបូឌីយ៉ាណា​

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ នៅសណ្ឋាគារកាំបូឌីយ៉ាណា​
------------------------------------
បន្ទាប់​ពីប្រសាសន៍ស្វាគមន៍​និងលេីកឡេីងពីរបាយការណ៌​លទ្ធផលការងាររបស់លោក​ឧកញ៉ា​គួច​ ផេង​ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា​អណត្តិ​ចាស់​រយ:ពេល០៣ឆ្នាំ​ ក្នុងកម្មវិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ នៅរសៀលថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ​២០២១​​ នាសណ្ឋាគារកាំបូឌីយ៉ាណា​ រួចមក​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ បានអញ្ជេីញមានប្រសាសន៍ក្នុងសន្ទរកថាទាំងស្រុងដូចខាងក្រោម​៖
- សូមគោរពឯកឧត្តមបណ្ឌិត កាន ច័ន្ទមេតា្ត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- សូមគោរព លោកជំទាវលោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី
- លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
- លោក ស៊ាង សុបញ្ញា ប្រធានជាប់ឆ្នោតថ្មី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
- សូមគោរពឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតតំណាំងប្រទេសផ្សេងៗ និងប្រធានសភាបរទេសប្រចាំនៅប្រទេសកម្ពុជា
- សូមគោរពឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលជាម្ចាស់ជំនួយ អ្នកឧបត្ថម្ភគាំទ្រដល់សមាគម ដែលមានវត្តមាននៅទីនេះជាទីគោរពរាប់អាន ។
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយណាស់ ដែលបានចូលរួមជាអធិបតី ក្នុងពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ តាមការសង្កេត ក្រោមការដឹកនាំរបស់លោកឧកញ៉ា គួច​ ផេង ​ក្នុងរយៈពេល​៣ឆ្នាំ​ កន្លងមកនេះ ឃើញថា សមាគមបានអនុវត្តន៍សកម្មភាពយ៉ាងខ្លាំងក្លា ក្នុងការជួយជំរុញលើកកម្ពស់ និងអភិវឌ្ឍន៍​វិស័យ SMEs តាមរយៈកម្មវិធីបណ្ដុះបណ្ដាលម្ចាស់អាជីវកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស គឺការចូលរួមសហការការងារជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយលើកទឹកចិត្តដល់ SMEs។
តាមរយៈរបាយការណ៍របស់លោកឧកញ៉ា គួច ផេង, តាងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមកោតសរសើរនូវស្នាដៃ និងធ្វើការវាយតម្លៃខ្ពស់នូវរាល់ការចូលរួមអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅជំរុញអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម តាមផែនការសកម្មភាព និងវិធីសាស្ត្ររបស់ខ្លួន ពិសេសក្នុងដំណាក់កាលជម្ងឺរាតត្បាត កូវីដ-១៩ ដ៏គ្រោះថ្នាក់បំផុត ហើយបាននឹងកំពុងបន្តរីករាល​ដាលជាសកល ដែលបានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ​ដល់ប្រតិបត្តិការផលិតកម្ម អាជីវកម្មប្រចាំថ្ងៃ។
ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី បានជ្រាបហើយថា៖ ជម្ងឺកូវីដ-១៩ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជីវិតមនុស្ស ដែលនាំឲ្យយើងទាំងអស់គ្នាត្រូវធ្វើការផ្លាស់ប្តូរការរស់នៅ ការប្រាស្រ័យទាក់ទងគ្នា ការគិត របៀបរបបធ្វើការ វិធីសាស្រ្ត និងប្រើប្រាស់បច្ចេកវិទ្យាតាមបែបទម្រង់ថ្មីៗ ដើម្បីសម្រេចគោលដៅ បំណងប្រាថ្នាតាម មហិច្ឆិតាក្នុងការរស់នៅ ប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងការធ្វើសេវាកម្ម។
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាទីគោរពរាប់អាន!
កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងវិធានការដ៏មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កំពុងធ្វើឱ្យបណ្តាប្រទេសនៅលើសកលលោកចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃការគ្រប់គ្រងស្ថានការណ៍ប្រទេសជាតិ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។ សម្តេចតេជោ ក៏បានដាក់ចេញនូវ​បទបញ្ជាដឹកនាំយ៉ាងហ្មត់​ចត់ ប្រកបដោយបញ្ញា​ញាណឈ្លាសវៃ ដើម្បីគ្រប់គ្រងឲ្យបានល្អនូវសភាពការណ៍ទាំងនេះ រហូតដល់ក្លាយជាប្រទេសឈរ​នៅ​លំដាប់ខ្ពស់ក្នុងពិភពលោក ដែលអាចគ្រប់គ្រងស្ថានការណ៍ជំងឺឆ្លងសកលកូវីដ-១៩ នេះបានល្អឥតខ្ចោះ ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បានកោតសរសើរចំពោះការដឹកនាំ​ និងការចាត់​ចែងអនុវត្តន៍ វិធានការយ៉ាងមាន​ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម រាជ​រដ្ឋាភិបាល​កម្ពុជា បាន​​ដាក់​ចេញ​នូវវិធានការកែ​ទម្រង់ មុត​ស្រួច​ជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម ពាណិជ្ជកម្ម​ និងរដ្ឋាភិបាលឌីជីថល (Digital Government)។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ ដែលជាមានវិធានការមុតស្រួច ដើម្បីជំរុញកំណើន​សេដ្ឋកិច្ចជាតិ រួមមាន៖ (១) ការដាក់ឱ្យអនុវត្តន៍នូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលខ្លី ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម (២) បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលបានចូលជាធរមាន​ចាប់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២១នេះ និង(៣)ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ជាដើម។ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមសម្ដែងនូវអំណរសាទរ ចំពោះលោក ស៊ាង សុបញ្ញា ដែលត្រូវបាន​បោះឆ្នោត​​គាំទ្រ ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់អាណត្តិ ឆ្នាំ២០២១-២០២៣ ហើយក៏សូម​កោតសរសើរ​ដល់ក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ប្រកបដោយឆន្ទៈមោះមុត ដោយមានការគាំទ្រ និងផ្តល់ទំនុកចិត្តខ្ពស់ពីសមាជិក សមាជិការបស់សមាគមគ្រប់ៗរូប នាពេលកន្លងមក។ ទន្ទឹមនេះ ខ្ញុំក៏មានជំនឿចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិថ្មីក្រោមការដឹកនាំរបស់ ស៊ាង សុបញ្ញា សមាគមសហគ្រិន​វ័យក្មេង​កម្ពុជានឹងបន្តអភិវឌ្ឍន៍កាន់តែរឹងមាំមួយកម្រិតទៀត ដោយមានកិច្ចសហការដ៏ល្អជាមួយក្រសួង ស្ថាប័ន​ ពាក់ព័ន្ធ ដើម្បីចូលរួមអភិវឌ្ឍន៍​វិស័យធុរកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនជឿនលឿនថែមទៀត។
ជាថ្មីម្តងទៀត ខ្ញុំសូម​ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងធុរជនទាំងអស់ សូមបន្តចូលរួម​ជួយជ្រោមជ្រែងដល់សហគ្រិនវ័យក្មេងកម្ពុជា ដោយ​សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិពិតៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកថា វិស័យឯកជន ជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និង​សមាជិក សមាជិកានៃអង្គពិធី​ទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ និងសម្រេចជោគជ័យលើគ្រប់ភារកិច្ច និង​សូម សមប្រកបតែនឹងពុទ្ធពរ និងពរជ័យប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
និងសូមប្រកាសបើកពិធីផ្ទេរតំណែង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចាប់ពីពេលនេះតទៅ។​​​​​​​​​​​​​​​​​​​​
សូមអរគុណ!