សេចក្តីជូនដំណឹងស្តីពី ការបើកទទួលពាក្យ កម្មវិធីប្រលងសមត្ថច្នៃប្រឌិតសហគ្រិន៖ “អេកូតុងកម្ពុជា ២០២២” ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

សេចក្តីជូនដំណឹងស្តីពី ការបើកទទួលពាក្យ កម្មវិធីប្រលងសមត្ថច្នៃប្រឌិតសហគ្រិន៖ “អេកូតុងកម្ពុជា ២០២២” ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជូនដំណឹងអំពីការចាប់ផ្តើមទទួលពាក្យដោយឥតគិតថ្លៃ ស្តីពីការចូលរួមក្នុង កម្មវិធី ECOTHON Cambodia 2022 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ តាមរយៈគេហទំព័រ www.ecothon.net

 

ក្រសួងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងលើកទឹកចិត្តសហគ្រិនគ្រប់ផ្នែកដែលកំពុង ឬគ្រោងmមានប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យ MSMEs ពិសេសសហគ្រាសទើបចាប់ផ្តើមថ្មីៗ (Startups) ចូលរួមដាក់ពាក្យប្រលងសមត្ថភាព បង្ហាញភាពឆ្លាតវៃ លើការរៀបចំផែនការអាជីវកម្មគំរូ តាមបែបនវានុវត្តន៍ ស្របតាមទិសដៅ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ពិសេសគោលដៅទី១២ ស្តីអំពី“ការប្រើប្រាស់ និងការផលិតដោយចីរភាព”។

 

ECOTHON Cambodia 2022 មានគោលបំណងលើកកម្ពស់ ការយល់ដឹងស្តីអំពីបញ្ហាប្រឈមសហគ្រិន រួមចំណែកសម្រេចបាននូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ពិសេសគោលដៅទី១២ ស្តីអំពី “ការប្រើប្រាស់ និងការផលិតដោយចីរភាព”​ / (Sustainable Consumption & Production)

 

កម្មវិធី ECOTHON នឹងមានការចូលរួមពីបណ្តាសហគ្រិនពីគ្រប់ទិសទីដើម្បីចែករំលែកចំណេះដឹង បទពិសោធទៅវិញទៅមក ក្នុងការត្រៀមលក្ខណៈប្រលងសមត្ថភាពបង្ហាញពី ផែនការអាជីវកម្ម (Business Pitching) ដែលតម្រូវឱ្យក្រុមចូលរួមមានភាពឆ្លាតវៃ ចំណេះដឹង ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានភាពម្ចាស់ការ អាចបកស្រាយច្បាស់លាស់ក្នុង ថេរវេលាខ្លី ត្រឹម ៥នាទី។

 

ក្រៅពីឱកាសចូលរួមពិភាក្សា ប្រឹក្សាផ្នែកធុរកិច្ច និងបច្ចេកទេសជំនាញ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិដែលមានបទពិសោធ និងភាពជោគជ័យក្នុងវិស័យធុរកិច្ច សិក្ខាកាមចូលរួម អាចបង្កើនឱកាសទំនាក់ទំនង ផ្សារភ្ជាប់ជាមួយបណ្តាញសហគ្រិនលើគ្រប់វិស័យ ការស្វែងរកព័ត៌មានផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងផ្នែកផ្តល់សេវាគាំទ្រ ពីគេហទំព័រដែលបានដាក់ឱ្យដំណើរ ការជួបជាមួយវិនិយោគិនបរទេស និងក្នុងស្រុក។ ដោយឡែក សម្រាប់ក្រុមជាប់ចំណាត់ថ្នាក់ជ័យលាភី នឹងទទួលបានការគាំទ្រ ការប្រឹក្សាបច្ចេកទេសធុរកិច្ចពិសេសបន្ថែម ចំពោះប្រតិបត្តិការអាជីវកម្ម ការផ្គូរផ្គងអាជីវកម្ម តាមជំនួបធុរកិច្ច និងការអញ្ជើញចូលរួមក្នុងកម្មវិធីសហគ្រិនអន្តរជាតិ។

 

លទ្ធផលរំពឹងទុកពី កម្មវិធី ECOTHON Cambodia 2022

វគ្គបណ្តុះបណ្តាល ក៏នឹងនាំមកជូននូវចំណេះដឹង អំពីការរៀបចំផែនការយុទ្ធសាស្ត្រអាជីវម្ម ការស្វែងរកទីផ្សារ បច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការអាជីវកម្មប្លែកៗ ចំណេះដឹងហិរញ្ញវត្ថុ ឥណទាន ការរៀបចំបញ្ជី និងផែនការវិនិយោគ បទបញ្ញត្តិបច្ចេកទេស ច្បាប់បទដ្ឋានគតិយុត្តិពាណិជ្ជកម្ម ការប្រែក្លាយអាជីវកម្មប្រកបដោយបរិយាប័ន្ន បន្ថែមជាមួយការរំលេចចំណាប់អារម្មណ៍ពាក់ព័ន្ធប្រព័ន្ធស្តង់ដាអនាម័យ គុណភាព និងសុវត្ថិភាព ការជំរុញផលិតភាពសេវាកម្ម និងផលិតកម្ម។

 

ជាលទ្ធផលរំពឹងទុក សហគ្រិនចូលរួម អាចបន្តប្រើប្រាស់ផ្សព្វផ្សាយបន្តនូវចំណេះដឹងពាក់ព័ន្ធ កែសម្រួលចំណុចខ្វះខាតបានត្រឹមត្រូវនិងទាន់ពេលវេលា បង្កើនសមត្ថភាពវិភាគស្ថានការណ៍បែបវិទ្យាសាស្ត្របែបប្រាកដនិយម ស្គាល់ពីវិធីសាស្ត្រនៃការចរចារ ការប៉ាន់ស្មាន កាអង្កេតដោយប្រើប្រាស់ទិន្នន័យ និងការកំណត់គោលដៅ សូចនាករវាស់វែង តាមដាន វាយតម្លៃ វឌ្ឍនភាព ជាធាតុចូលក្នុងការលើកទិសដៅបន្តធានាបាននូវការលូតលាស់ពង្រីកអាជីវកម្ម មានភាពធន់ទៅនឹងហានិភ័យ និងមានភាពបត់បែនបានល្អ ក្នុងបរិបទធុរកិច្ចសកល ប្រែប្រួលរហ័សនិងមិនជាក់លាក់ពិសេសវិវត្តដ៏លឿនផ្នែកបច្ចេកវិទ្យា ក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

 

ភាពជោគជ័យរបស់សហគ្រិន ជាការរួមចំណែកដ៏វិសេសយ៉ាងចាំបាច់មិនអាចខ្វះបាន ក្នុងការសម្រេចគោលដៅអភិវឌ្ឍចីរភាព​ ២០៣០ សំដៅធានាដល់សុខសុវត្ថិភាព សុខមាលភាព សេដ្ឋកិច្ច សង្គម បរិស្ថាន និងការកាត់បន្ថយភាពក្រីក្រ។

 

លទ្ធផលទាំងនេះ អាចសម្រេចទៅបាន លុះត្រាតែមានការចូលរួមពីបណ្តាសហគ្រិន ដែលបានខិតខំជាប្រចាំក្នុងការស្វែងរកដំណោះស្រាយ និងការផ្លាស់ប្តូរសមស្របជូនជាប្រយោជន៍ដល់ការអភិវឌ្ឍសម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន​​ ប្រកបដោយបរិយាប័ន្ន និងចីរភាពយូរអង្វែង ជាកេរ្តិ៍តំណែលជំនាន់ក្រោយ ពិសេសរួមចំណែកកសាងសង្គមប្រកបដោយភាពថ្លៃថ្នូរ និងសន្តិភាព។​

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការកោតសរសើរខ្ពស់ នូវស្នាដៃដ៏​ប្រពៃរបស់សហគ្រិនកម្ពុជាយើង។ ក្រសួងសូមលើកទឹកចិត្តចំពោះការបន្តខិតខំ និងចូលរួមការអនុវត្ត ការផ្សព្វផ្សាយ បៃតង ពិសេសការជំរុញ ការកែច្នៃ ការកាត់បន្ថយសំណល់ និងប្រើប្រាស់ឡើងវិញ ការប្តេជ្ញាប្រែក្លាយ រោងចក្រ សហគ្រាស សិប្បកម្ម ស្របតាមគោលនយោបាយ “ឧស្សាហកម្មបៃតង” និង​ប្រែក្លាយអាជីវកម្មរបស់មូលដ្ឋានតាមលំនាំ ​” អាជីវកម្មបរិយា​​ប័ន្ន“។

 

អំពីស្ថាប័នរៀបចំ៖

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំកម្មវិធីនេះឡើងជារៀងរាលឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “អាស៊ាន និងសាធារណៈរដ្ឋកូរ៉េ” សហការជាមួយស្ថាប័នសំខាន់ៗរួមមាន ASEM SMEs ECO-Innovation Center (ASEIC), ក្រសួង SMEs & Startups នៃសាធារណរដ្ឋកូរ៉េ, មូលនិធិ Hanns Seidel Foundation (HSF) និងស្ថាប័នរដ្ឋ និងឯកជនជាច្រើនទៀត ដើម្បីចូលរួមគាំទ្រដល់ការសម្រេចបាននូវយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា ជំរុញគាំទ្រលើកកំពស់ ដល់ការធ្វើពិពធកម្ម ទំនើបកម្ម គុណភាពរបស់វិស័យសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយក៏ជាវិស័យអាទិភាពដ៏សំខាន់នៅគ្រប់ប្រទេស។


ECOTHON ភាពស្រដៀងទៅនឹងកម្មវិធី Hackathon ដែលជាកម្មវិធីគាំទ្រសហគ្រិនបែបអន្តរជាតិ (www.hackathon.com/online/2022)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Facebook (ហ្វេសប៊ុក) : ECOTHON in Cambodia

Email (អ៊ីមែល) : aseic.ECOTHON@gmail.com

Web (គេហទំពីរ) : www.ecothon.net

 


(កម្មវិធី ECOTHON 2022 រៀបចំតាមប្រព័ន្ធអនឡាញ (Virtual) និងស្នើសុំរៀបចំជាភាសាអង់គ្លេស ដោយយោងទៅលើស្ថានភាពជំងឺឆ្លង និងមានការចូលរួមពីភ្ញៀវអន្តរជាតិ)

* ECOTHON: Eco-entrepreneurs’ Marathon (for developing an innovative business solution)

** A total of six AMS participated between 2019-2021 includes Cambodia, Indonesia, Lao PDR, Malaysia, Myanmar, and the Philippines.