អំពីក្រសួង
  • Home
  • អំពីក្រសួង

អំពីក្រសួង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បំពេញបេសកកម្មជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើការដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត នៃព្រះរាជាណាចក្រកម្ពុជា។

បេសកកម្មនេះត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឲ្យបានត្រឹមត្រូវនូវគោលនយោបាយ ក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលទាក់ទងនឹងការដឹកនាំនិងការគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖

-ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត

-ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និងផែនការអនុវត្តក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត

-ដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងសិប្បកម្មនិងទឹកស្អាត នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

-រៀបចំគោលនយោបាយនិងកម្មវិធីអភិវឌ្ឍន៍រោងចក្រ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្មនិងទឹកស្អាត

-សម្របសម្រួល សហការ និងអនុវត្តការងារសិក្សាស្រាវជ្រាវ ពិសោធន៍ និងអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្រ្តនិងនវានុវត្តន៏ ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត

-ជំរុញនិងគាំទ្រនវានុវត្តន៍ បច្ចេកវិទ្យា តក្កកម្ម គ្រប់គំនិតផ្ដួចផ្ដើមថ្មីៗ រួមទាំងសហគ្រិនភាពក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត

-គ្រប់គ្រង វាយតម្លៃ ទទួលស្គាល់ និងផ្ដល់វិញ្ញាបនបត្រ ប្រកាសនីយប័ត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម

-រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយបច្ចេកវិទ្យានិងនវានុវត្តន៍

-រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយការងារស្តង់ដារូបនីយកម្មនិងការធានាគុណភាពផលិតផល

-ធ្វើជាអាណាព្យាបាលបច្ចេកទេសលើសហគ្រាសសាធារណៈនិងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបានបង្កើតឡើងនៅក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម ​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​​​ និងនវានុវត្តន៍

-រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយការងារមាត្រាសាស្ត្រ

-រៀបចំ គ្រប់គ្រង និងអនុវត្តនយោបាយផ្គត់ផ្គង់ទឹកស្អាតដល់ទីក្រុងនិងទីប្រជុំជន

-សហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័ន អង្គការជាតិនិងអន្តរជាតិនានា រួមទាំងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្មនិងទឹកស្អាត