ក្របខ័ណ្ឌរួមនៃយុទ្ធសាស្ត្រជាតិ
  • Home
  • ក្របខ័ណ្ឌរួមនៃយុទ្ធសាស្ត្រជាតិ

ក្របខ័ណ្ឌរួមនៃយុទ្ធសាស្ត្រជាតិ

ក្របខ័ណ្ឌរួមនៃយុទ្ធសាស្ត្រជាតិ

នៃ​«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»

   

ចក្ខុវិស័យ

អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

   

គោលបំណង

ស្របតាមចក្ខុវិស័យខាងលើ យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញនិងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

   

គោលដៅ

ស្របតាមចក្ខុវិស័យនិងគោលបំណងខាងលើ យុទ្ធសាស្ត្រជាតិនេះ ដាក់ចេញនូវគោលដៅចំនួន៤សំខាន់ៗ ដូចខាងក្រោម៖

ទី១. បង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬនិយាយម្យ៉ាងទៀត ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយ (Into the System) មុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី២.ផ្តល់ប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីធានាថា មិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធក៏ដោយ។

ទី៣.ថែបំប៉នអ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ឱ្យរីកធំធាត់ ដើម្បីអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី៤. លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធ។

   

អាទិភាពជាយុទ្ធសាស្ត្រ

ទី១. ការកំណត់ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ

ទី២. ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព

ទី៣. ការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ

ទី៤. ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ

ទី៥. ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយនិងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។