ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ Daikin បានសម្ពោធប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាជំហានដ៏សំខាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនជប៉ុនមួយនេះនៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖“ការសម្រេចចិត្តរបស់ក្រុមហ៊ុន Daikin ក្នុងការបង្កើតប្រតិបត្តិការរបស់ខ្លួននៅកម្ពុជានាពេលនេះ មិនមែនគ្រាន់តែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់នូវទំនុកចិត្តរបស់អ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគផ្សេងៗទៀត លើសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។”
បច្ចុប្បន្ន ក្រុមហ៊ុន Daikin បានផ្តល់ការងារជាង១០០កន្លែងនៅកម្ពុជា ហើយរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនបន្ថែមទៀត នៅពេលដែលក្រុមហ៊ុនពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ជាពិសេសសម្រាប់ជាងដំឡើង ជាងជួសជុល និងជំនាញដែលពាក់ព័ន្ធនឹងដំណោះស្រាយអគារដែលមានប្រសិទ្ធភាពថាមពល។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “ខណៈដែលជីវភាព និងបែបផែនរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង តម្រូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ម៉ាស៊ីនត្រជាក់ និងដំណោះស្រាយប្រព័ន្ធត្រជាក់ (Cold Chain) ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងវិស័យចំណីអាហារ និងកសិ-ឧស្សាហកម្ម កំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។”
ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលរបស់ Daikin ក្នុងការរួមចំណែកដល់ការសម្រេចមហិច្ឆតាអព្យា ក្រឹតភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០ ដោយជំរុញឱ្យក្រុមហ៊ុនធ្វើជាគំរូ និងឈានមុខលើការផលិត និងចែកចាយផលិតផលដែលសន្សំសំចៃថាមពល និងដំណោះស្រាយបៃតង។
ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុន Daikin ពិចារណាបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលអនាគត, សហការជាមួយក្រុមហ៊ុនក្នុងស្រុកឱ្យបានច្រើន ព្រមទាំងចូលរួមអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទាក់ទងនឹងបច្ចេកវិទ្យាប្រព័ន្ធត្រជាក់
Daikin ជាម៉ាកយីហោម៉ាស៊ីនត្រជាក់ឈានមុខមួយរបស់ពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសជប៉ុនកាលពី១០០ឆ្នាំមុន។ បច្ចុប្បន្ន ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៣៤៩ ទីតាំង, មានបុគ្គលិកជាង ៩៨.០០០ នាក់, និងមានប្រតិបត្តិការលក់នៅក្នុង១៧០ប្រទេស ដោយផ្តោតប្រតិបត្តិការរបស់ខ្លួនលើនវានុវត្តន៍បច្ចេកវិទ្យា និងដំណោះស្រាយប្រសិទ្ធភាពថាមពល ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍