វិមានរដ្ឋសភា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ - វេទិកាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ វេទិកានេះត្រូវបានសហការរៀបចំដោយរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ប្រមាណ ៣០០ នាក់។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ជំរុញកិច្ចសន្ទនាគោលនយោបាយ និងស្វែងរកយុទ្ធសាស្ត្រ ដើម្បីជំរុញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងវិស័យទឹកស្អាត (វិស័យ ឧ.វ.ប.ន.) នៅកម្ពុជា។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសង្កត់ធ្ងន់លើតួនាទីស្នូលទាំងបីរបស់រដ្ឋសភាគឺ តួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ និងតួនាទីជាអ្នកតំណាង។ លោកជំទាវបានសម្តែងនូវការគាំទ្រយ៉ាងម៉ុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិស័យ ឧ.វ.ប.ន. របស់កម្ពុជា។
វិស័យ ឧ.វ.ប.ន. ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជំរុញភាពធន់របស់ជាតិ និងជាកម្លាំងចលករមួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃបន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះ កំពុងអភិវឌ្ឍឈានទៅមុខប្រកបដោយ និរន្តរភាព មានលក្ខណៈចម្រុះ សម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ វិស័យនេះត្រូវបានផ្តោតជាសំខាន់ក្នុងបញ្ចកោណទី១ ទី២ ទី៣ និងទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមានភាពប្រទាក់ក្រឡាស្អិតរមួតក្នុងគ្រប់មុំនៃបញ្ចកោណទាំងអស់ ដើម្បីឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ អង្គវេទិកាបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញរបៀបវារៈវិស័យ ឧ.វ.ប.ន. ដើម្បីជាឧត្តមប្រយោជន៍ជាតិ ពិសេសប្រជាពលរដ្ឋរបស់យើង។ តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន និងការពង្រឹងភាពជាដៃគូអន្តរវិស័យ យើងអាចបង្កើតគោលនយោបាយដ៏ទូលំទូលាយ និងអនុវត្តគោលនយោបាយនោះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នៅក្នុងសុន្ទរកថាគន្លឹះជូនដល់អង្គវេទិកា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍អំពីវឌ្ឍនភាពដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ "បេសកកម្មរបស់ក្រសួងគឺបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពំនឹងរបស់វិស័យឯកជន តាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ»។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន ៧ រួមមាន
១. ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់
២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម
៣. ការអភិវឌ្ឍគុណវុឌ្ឍិ និងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ
៤. ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត
៥. ការពង្រឹងតួនាទីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងវិស័យសាធារណៈ និងឯកជន
៦. ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ
៧. ការពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័ន។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកឡើងវិញថា វិស័យ ឧ.វ.ប.ន. មានសារៈសំខាន់ចំពោះកំណើន និងការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់វិស័យ។ សម្តេចមហារដ្ឋសភាធិការធិបតី បានផ្តល់នូវអនុសាសន៍គោលនយោបាយសំខាន់ៗចំនួនប្រាំ ដើម្បីជំរុញគោលដៅដែលមានដូចជា៖
· ទី១៖ យើងត្រូវលើកទឹកចិត្តពង្រឹងការសម្របសម្រួលលើគ្រប់វិស័យនិងគ្រប់ស្រទាប់នៃរដ្ឋាភិបាល ជំរុញភាពជាដៃគូសាធារណៈឯកជននិងប្រជាពលរដ្ឋ និងលើកកម្ពស់តួនាទីតាមដានត្រួតពិនិត្យរបស់សភាលើវិស័យ ឧ.វ.ប.ន.។
· ទី២៖ យើងត្រូវធ្វើការជ្រើសរើសបច្ចេកវិទ្យា ដែលស្របតាមគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដោយធានាថា ការច្នៃប្រឌិតនិងនវានុវត្តន៍ទាំងអស់នឹងរួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្នសង្គម និងការការពារបរិស្ថាន។ គួរកត់សម្គាល់ថា ការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយពង្រីកសក្ដានុពលសេដ្ឋកិច្ចសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាប័ន្ន និងសមធម៌បន្ថែមទៀតសម្រាប់កម្ពុជា។
· ទី៣៖ យើងត្រូវបង្កើតនូវក្របខ័ណ្ឌបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្ត ដែលជំរុញដល់ការអភិវឌ្ឍវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, ការងារស្ដង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព ដោយកាត់បន្ថយហានិភ័យនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងពីវិស័យនេះ។ យើងត្រូវរម្លឹកខ្លួនឯងជានិច្ចថា ភាពជោគជ័យ ឬបរាជ័យរបស់ប្រទេសជាតិយើង គឺអាស្រ័យ លើសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតាមវិស័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ខ្ពស់។ ការផ្តោតទៅលើគោលការណ៍ «ចុះជួយជាជាង ចុះចាប់ និងចុះរំខាន» ដែលឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ហែម វណ្ណឌី បាន លើកឡើង កាលពីសន្និបាតក្រសួងកន្លងទៅថ្មីៗនេះ គឺពិតជាចាំបាច់ណាស់ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងវិស័យសាធារណៈ និងឯកជន និងជំរុញការចូលរួមឱ្យបានសកម្មរបស់ប្រជាពលរដ្ឋ។
· ទី៤៖ យើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង និងធ្វើការវិនិយោគធនធានបន្ថែមទៀត លើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតវិទ្យាល័យ រួមនឹងការពង្រឹងមូលធនមនុស្ស ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។ បើមិនដូច្នេះទេ យើងមិនអាចតាមទាន់និន្នាការ នៃការអភិវឌ្ឍបច្ចេកវិទ្យាបាននោះឡើយ។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត ព្រមទាំងអ្នកពាក់ព័ន្ធពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីគាំទ្រ ដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាក្រសួងសាម៉ីដឹកនាំការងារបច្ចេកវិទ្យា ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិច (E-Government) ក្នុងប្រព័ន្ធការងារ ដើម្បីបង្កើនស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពឱ្យបានកាន់តែខ្ពស់ ដោយកាត់បន្ថយនូវភាពយឺតយ៉ាងបង្កដោយការិយាល័យធិបតេយ្យ។
· ទី៥៖ យើងគួររៀបចំយន្តការ និងយុទ្ធនាការថ្មីៗជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជាការផ្សព្វផ្សាយយុទ្ធនាការទាក់ទងនឹង ការបណ្តុះវប្បធម៌នវានុវត្តន៍ ក្រោមពាក្យស្លោក «នវានុវត្តន៍សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង» ការទទួលបានទឹកស្អាតក្រោមពាក្យស្លោក «ទឹកស្អាតសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង» និងលើកកម្ពស់ការផ្គត់ផ្គង់ និងការទទួលទានអាហារប្រកបដោយសុវត្ថិភាព និងសុខភាពល្អក្រោមប្រធានបទ «អាហារសុវត្ថិភាព និងសុខភាពសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង»។ យើងមិនអាចអភិវឌ្ឍសង្គមរបស់យើង និងសម្រេចបាននូវចក្ខុវិស័យរបស់យើងឆ្នាំ ២០៥០ បានទេ ប្រសិនបើយើងមិនមានធនធានមនុស្ស ប្រកបដោយចំណេះដឹង មានសីលធម៌ និងសុខភាពល្អ ។
កិច្ចពិភាក្សានេះក៏មានការរួមចំណែកជាយោបល់ជំនាញពី ឯកឧត្តម សាស្រ្ដាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ដោយបានធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖
១. ជំរុញអក្ខរកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍សាធារណៈ ការលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សង្គមទាំងមូល ដើម្បីអាចឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងអាចចូលរួមបាន។
២. វិនិយោគលើយុវជន និងការស្រាវជ្រាវ ពង្រឹងការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ ដើម្បីជំរុញទេពកោសល្យក្នុងស្រុក។
៣. ធានានវានុវត្តន៍ភាពប្រកបដោយក្រមសីលធម៌ និងបរិយាប័ន្ន – បង្កើតគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ដែលមានចាក់ឫសពីតម្លៃខ្មែរ និងសមធម៌សង្គម។
៤. លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាក្នុងតំបន់ - ពង្រឹងកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹងក្នុងអាស៊ាន ដើម្បីពន្លឿនកំណើនវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍របស់កម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើឧទ្ទេសនាមជូនអង្គវេទិកា៖
១- ការប្រកួតប្រជែងក្នុងពិភពលោកដូចជាប្រទេសមហាអំណាចក្នុងពេលបច្ចុប្បន្ន ប្រទេសនីមួយៗចាំបាច់ត្រូវមានបច្ចេកវិទ្យាខ្ពស់ ពោរពេញដោយក្រុមហ៊ុនឌីធីផលធំៗឈានមុខគេ។ ការធ្វើសង្គ្រាមដណ្ដើមវាតទីដើម្បីរុករកវត្ថុធាតុដើម ដូចជាធាតុដ៏កម្រ (rare earths) ដើម្បីផលិតម៉ៃក្រូឈីប (microchips) សឺមីកុងដាក់ទ័រ(semi-conductors) មានភាពស្រួចស្រាល់ឡើងៗ ហើយពិភពលោកឈានចូលយុគសង្រ្គាមត្រជាក់នៃសម័យឌីជីថល។
២- កម្ពុជាត្រូវការអភិវឌ្ឍវិស័យឌីជីថលឱ្យបានឆាប់រហ័ស ទាន់ពេលតាមការវិវឌ្ឍន៍របស់ពិភពលោកសម័យឌីជីថល ដោយត្រូវមានការប្រកាន់យកនូវការអភិរក្សវប្បធម៌ និងទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិខ្មែរ។ យើងត្រូវធ្វើនវានុវត្តន៍បច្ចេកទេសឌីជីថលទាំងឡាយណា ដែលមានប្រយោជន៍ដល់ការប្រើប្រាស់ដល់ប្រជាពលរដ្ឋ ថ្នាក់កណ្ដាល និងថ្នាក់ក្រោម ដែលភាគច្រើនចេះអានតែភាសាខ្មែរ ដែលជាភាសាផ្លូវការ (រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី១មាត្រា៥)។ បន្ថែមពីការរៀនប្រើកុំព្យូទ័រ និងកម្មវិធីទំនាក់ ទំនងសង្គម - ប្រជាពលរដ្ឋខ្មែរត្រូវរៀន និងចេះប្រើប្រព័ន្ធបញ្ញាសិប្បនិម្មិត (Artificial Intelligence ឬ AI) ដោយចាប់ផ្ដើមរៀនតាមគ្រូបង្រៀន AI (AI Tutor)។
៣- គួរតែមានយន្តការដើម្បីលើកទឹកចិត្តយុវជន យុវនារីខ្មែរ ដែលមានចំណេះវិជ្ជាបច្ចេកវិទ្យាខ្ពស់ ទាក់ទាញគាត់ឱ្យមកធ្វើការជួយអភិវឌ្ឍប្រព័ន្ធកម្មវិធី ឬអាល់ហ្គូរីធម៍ (algorithm)ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ។
ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានបូកសរុបលទ្ធផលវេទិកានេះ ដោយសង្កត់ធ្ងន់លើសារសំខាន់ៗ និងអនុសាសន៍នយោបាយផ្សេងៗ ។ អង្គវេទិកាបានសម្តែងមតិគាំទ្រលើកយោបល់ ជាសំណួរផង និងផ្តល់ជាអនុសាសន៍ផង ព្រមទាំងបង្កើនពុទ្ធិ ឧត្តមានុវត្ត និងនវានុវត្តន៍ ដើម្បីជាធាតុចូលដ៏សំខាន់ៗយ៉ាងច្រើន ធ្វើឱ្យអង្គវេទិកាផ្សព្វផ្សាយយើងកាន់តែជ្រួតជ្រាបស៊ីជម្រៅ និងមានការយកចិត្តទុកដាក់ខ្ពស់។
លទ្ធផលនៃវេទិកាផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តជាមួយនិងការចូលរួមសហការគ្នារវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីស្វែងរកដំណោះស្រាយជាយុទ្ធសាស្រ្ត សម្រាប់តាក់តែងច្បាប់ និងបទដ្ឋានគតិយុត្ត ព្រមទាំងសម្រាប់រៀបចំគោលនយោបាយជាតិសំខាន់ៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព និងលុបបំបាត់បញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍវិស័យ ឧ.វ.ប.ន. នៅចំពោះមុខ ក៏ដូចជាផែនការយូរអង្វែង ឱ្យកាន់តែល្អប្រពៃ មានគុណភាពល្អ និងការទទួលស្គាល់ជាសកល។
លទ្ធផលនៃអង្គវេទិកាផ្សព្វផ្សាយក្នុងថ្ងៃនេះ ពិតជាបានចូលរួមចំណែកគាំទ្រហើយបញ្ជាក់ច្បាស់ពីការពង្រឹងពង្រីកថែមទៀតនូវសាមគ្គីភាព ឯកភាពជាតិ និងចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យ ឧ.វ.ប.ន. ជាពិសេសសំដៅបំពេញតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីដំណើរឆ្ពោះទៅវិបុលភាព បរិយាបន្ន និងនិរន្តរភាព ហើយមានប្រៀបក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។
កំណើនការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពចាប់យកបច្ចេកវិទ្យា ព្រមទាំងបញ្ញាសិប្បនិម្មិត គឺជាមូលដ្ឋានគ្រឹះនៃបដិវត្តកម្មសេដ្ឋកិច្ច ដែលសមស្របនឹងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជាយើងក្នុងបច្ចុប្បន្ន។ សរុបមកបច្ចេកវិទ្យានិងនវានុវត្តន៍ នឹងបង្កើតការងារហើយផ្សារភ្ជាប់និងឧស្សាហកម្មថ្មីៗ នាំដល់កំណើនប្រសិទ្ធភាពនិងផលិតភាព ដែលនឹងទទួលផលចំណេញបានច្រើនជាងមុន។
យើងរំពឹងទុកថាក្នុងអនាគត វិស័យ ឧ.វ.ប.ន. របស់យើងត្រូវ ឈរឱ្យរឹងមាំលើគោលការណ៍ស្រាវជ្រាវជាន់ខ្ពស់ ការងារស្តង់ដាកម្ម និងមាត្រាសាស្ត្រ ពិពិធកម្ម ការច្នៃប្រឌិត សហគ្រិនភាព ផលិតភាព និងយកប្រៀបក្នុងការប្រកួតប្រជែងកម្រិតសកល។ ជាពិសេសត្រូវអនុលោមតាមច្បាប់ បទដ្ឋានគតិយុត្ត និងលក្ខខណ្ឌទីផ្សារ ហើយត្រូវគិតដល់គោលនយោបាយជាចម្បងដូចជាការលើកទឹកចិត្ត ការប្រុងប្រយ័ត្នអំពីសន្តិសុខ សុវត្ថិភាពកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងការកសាងសមត្ថភាពធនធានមនុស្ស ឱ្យស្របទៅនឹងជំនាញ ហើយក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកឱ្យស្របតាមបច្ចេកវិទ្យាសម័យកាលដែរ។ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គួរតែត្រូវមានចំណែកដ៏ស័ក្តិសមក្នុងវិស័យឧស្សាហកម្មជាតិ រីឯសន្ទស្សន៍នវានុវត្តន៍សហគ្រាស កម្ពុជាចាំបាច់ត្រូវអនុវត្តឱ្យបានកាន់ទូលំទូលាយថែមទៀតដើម្បីជំរុញនវានុវត្តន៍ជាតិឱ្យដល់កម្រិតក្នុងការប្រកួតប្រជែង។
ការចូលរួមដ៏សកម្មពីវិស័យឯកជន ជាពិសេសអ្នកវិនិយោគទុនធុរជនជាតិ និងបរទេស ព្រមទាំងសហប្រតិបត្តិការដ៏សកម្មទាំងក្នុងតំបន់ និងអន្តរជាតិ គឺជាចំណែកដ៏ធំដែលពុំអាចខ្វះបានសម្រាប់ការអភិវឌ្ឍវិស័យ ឧ.វ.ប.ន.។
វេទិកាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបិទបញ្ចប់ដោយ ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា ដោយឯកឧត្តមបានអំពាវនាវឱ្យមានការពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន និងបង្កើនការវិនិយោគលើការលើកកម្ពស់ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមបណ្ឌិត បានផ្តល់នូវអនុសាសន៍មួយចំនួន ជាអាទិ៍៖
- សូមបន្តខិតខំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទឹកស្អាតឱ្យបានជាអតិបរមាជូន ប្រជាជន ព្រោះទឹកស្អាតគឺចាំបាច់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាប្រភពនៃ ជីវិត អនាម័យ និងសុខភាព ។
- សូមផ្តល់អាទិភាពដល់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ ជំរុញការបង្កើតថ្មី លើកកម្ពស់ការប្រកួតប្រជែង នៃឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ការផ្តល់អាទិភាពលើការសិក្សា ស្រាវជ្រាវនេះ មិនត្រឹមតែជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា និងផលិតផលទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជំរុញឱ្យមានកិច្ចសហការរវាងអ្នកសិក្សាស្រាវជ្រាវ និងឧស្សាហកម្ម បង្កើតប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិត និងការដោះស្រាយបញ្ហា។ លើសពីនេះ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ នឹងជួយទាក់ទាញការវិនិយោគ ពីបរទេស និងធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងពិភពលោក ។
- ក្នុងវិស័យសហគ្រាសមីក្រូ តូច និងមធ្យម សូមលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេស ធនាគារ ដើម្បីជួយបង្កើនលទ្ធភាពដល់សហគ្រិនវ័យក្មេង ជាពិសេសស្ត្រី ទទួលបានហិរញ្ញប្បទានដើម្បី ចាប់ផ្តើមសហគ្រាសរបស់ពួកគាត់។ ការផ្តល់ហិរញ្ញប្បទានដល់ MSME គឺជាកម្លាំងចលករផ្ទាល់រុញច្រាន កំណើនសេដ្ឋកិច្ចជាតិ ។
វេទិកានេះបានគូសបញ្ជាក់អំពីតួនាទីសំខាន់នៃវិស័យ ឧ.វ.ប.ន. ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនផលិតភាព និងភាពធន់របស់ជាតិ និងការសម្រេចបាននូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
វេទិកានេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធទៅលើគ្រប់វិស័យ គ្រប់កម្រិត និងពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍