ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន ស៊ីភី ពិភាក្សាអំពីកិច្ចសហការ ដើម្បីបង្កើនការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារ 7-Eleven

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី12 ខែ មីនា ឆ្នាំ 2025

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន ស៊ីភី (CP ALL Cambodia) ដើម្បីពិភាក្សាអំពីការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅក្នុងផ្សារ 7-Eleven ។ កិច្ចប្រជុំនេះមានគោលបំណងបង្កើតកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ឱ្យស្របតាមស្តង់ដារទីផ្សារ។

ក្រុមហ៊ុន CP ដែលដំណើរការផ្សារ 7-Eleven នៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ ដាក់​លក់ផលិតផលកម្ពុជា ដែលបច្ចុប្បន្នមានចំណែកប្រមាណ ១០% នៃផលិតផលដែលបានដាក់លក់នៅក្នុងផ្សារ 7-Eleven  ហើយគ្រោងបង្កើនចំណែកលក់នេះ។

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកសាងបណ្តាញធុរកិច្ចកាន់តែទូលំទូលាយជាមួយក្រុមហ៊ុនផលិតក្នុងស្រុកដែលមានសក្តានុពល តាមរយៈដៃគូ ដូចជាសហគ្រិនខ្មែរ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការណែនាំអំពីឧត្តមានុវត្តន៍ក្នុងការធ្វើនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយផ្តោតលើកិច្ចសហការការ និងសម្របសម្រួល ដើម្បីបំពេញតាមស្តង់ដារផលិតកម្មចំណីអាហារ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញក្រុមហ៊ុនឱ្យបន្តលើកកម្ពស់ការចុះបញ្ជីផលិតផល (ច.ប.ផ) ជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើតទំនុកចិត្តពីអ្នកប្រើប្រាស់។

ទន្ទឹមនឹងនោះឯកឧត្តមបានអញ្ជើញក្រុមហ៊ុនឱ្យសាកល្បងប្រើប្រាស់សេវាតេស្តវិភាគផ្នែកគីមីអាហារនៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលអាចជួយដល់ការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យផលិតផលក្នុងស្រុកឈានចូលក្នុងទីផ្សារបានកាន់តែទូលំទូលាយ។

 

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព