បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយនៅខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្រោមជំនួយឥតសំណងរបស់ជប៉ុន

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសុក្រ, ទី11 ខែ តុលា ឆ្នាំ 2024

បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋារករទឹកមណ្ឌលគិរីចំនួន៥០% បន្ថែមទៀត។ ក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នេះបង្ហាញពីជំហានឆ្ពោះទៅមុខថ្មីមួយទៀត ក្នុងការដោះស្រាយតម្រូវការទឹកស្អាតក្នុងក្រុងសែនមនោរម្យ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះ​គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។” ​

មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំង​នេះបានរួមចំណែក​ធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តា​រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាត​របស់​ប្រជាជន​ ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។”

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តមឯកអគ្គរាជទូត UENO Atsushi បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖ យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន។ នៅពេលអនាគត វាមានសារៈសំខាន់ណាស់ក្នុងការពង្រីក "ភ្នំពេញអច្ឆរិយៈ" ទៅកាន់តំបន់ប្រជុំជនផ្សេងទៀតនៃប្រទេសកម្ពុជា និងធ្វើឱ្យលទ្ធភាពទទួលបានសេវាទឹកស្អាត អាចសម្រេចបាននៅទូទាំងប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ។”

"ភ្នំពេញអច្ឆរិយៈ" សំដៅដល់បទពិសោធន៍ និងភាពជោគជ័យនៃការអភិវឌ្ឍវិស័យទឹកស្អាតក្នុងរាជធានីភ្នំពេញ។

 

 

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព