រាជរដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី16 ខែ ធ្នូ ឆ្នាំ 2024

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោ​បាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣

ក្នុងសុន្ទរកថាគន្លឹះសម្រាប់អង្គពិធី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃថ្នាលឌីជីថលនេះ ថាជាយន្តការផ្តល់អត្តសញ្ញាណផ្លូវការ សម្រាប់ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី បានមានប្រសាសន៍ថា៖ "ការរៀបចំ និងដាក់ឱ្យដំណើរការ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។”

ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់​ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនិងសេវាគាំពារសង្គមជាដើម។

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ថ្នាលឌីជីថលនេះនឹង
ផ្តល់ជាដំណោះស្រាយមួយសម្រាប់បញ្ហាកង្វះទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកន្លងមក។

ឯកឧត្តមបានបន្ថែមថា៖ “ទិន្នន័យតាមទម្រង់ឌីជីថល ហើយដែលត្រូវអាចចែករំលែកផ្លាស់ប្តូរគ្នាបាន នឹងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជា​ជួយ​លើកកម្ពស់ផលិតភាព ពង្រីកមុខរបរ និងការប្រកួតប្រជែង រហូតដល់ពួកគាត់អាចសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមយុទ្ធសាស្រ្តជាតិដែលបានកំណត់។”

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់មធ្យោ​បាយ​ចុះឈ្មោះច្រើនជម្រើស ដោយ ឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្ត ដោយផ្តោតលើក្រុមគោលដៅដូចជា សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យោងតាមអង្កេតកម្លាំកពលកម្មកម្ពុជា ឆ្នាំ២០១៩ កម្ពុជាមានកម្លាំងពលកម្មប្រមាណ , លាននាក់ ដោយក្នុងនោះ ២១,% ( , លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្មដ៏ច្រើន គឺ , លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារវិបត្តិ។

ដោយទទួលស្គាល់សារៈសំខាន់ និងសក្តានុពលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​នូវ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្នុងគោលដៅគាំទ្រវិស័យនេះឱ្យរីកធំធាត់ មានភាពធន់នឹងវិបត្តិ និងអាចឈានចូលក្នុងសេដ្ឋកិច្ចផ្លូវការ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព