ក្រសួងឧស្សាហកម្ម និង Lotus Academy ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញការអប់រំ និងបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសុក្រ, ទី28 ខែ មីនា ឆ្នាំ 2025

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថាន Lotus Academy បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីលើកម្ពស់ការអប់រំ និងបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា។ ពិធី​ចុះអនុស្សរណៈនេះ​ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ   បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចសហការនេះមានគោលដៅបំពាក់ជំនាញអនាគត (future-ready skills) ដល់កម្លាំងពលកម្មកម្ពុជា តាមរយៈការបង្កើនជំនាញ ការចាប់យកជំនាញថ្មី និងកម្មវិធីបណ្តុះបណ្តាលដែលផ្តោតលើនវានុវត្តន៍ ដោយគាំទ្រគោលនយោបាយអាទិភាពជាតិនានា រួមទាំងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ២០២៥។

ឯកឧត្តម បណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ "ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការត្រៀមកម្លាំងពលកម្មរបស់ កម្ពុជាសម្រាប់សេដ្ឋកិច្ចឌីជីថល។ ការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ និងស្របតាមតម្រូវការឧស្សាហកម្មនឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់យើង ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។”

លោក Andy Ng តំណាង Lotus Academy បានលើកឡើងថា៖ "កម្មវិធីបណ្តុះបណ្តាលរបស់យើងលើជំនាញបញ្ញាសិប្បនិម្មិត សុវត្ថិភាពបច្ចេកវិទ្យា Blockchain ការវិភាគទិន្នន័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាបៃតង និងមុខជំនាញផ្សេងៗទៀត នឹងជំរុញឱ្យកម្លាំងពលកម្មរបស់យើងរីកចម្រើន នៅក្នុងស្ថានភាពនៃការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។”

ក្រោមអនុស្សរណៈនៃការយោគយល់នេះ វិទ្យាស្ថាន Lotus Academy នឹងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល និងវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដែលដឹកនាំ និងបណ្តុះបណ្តាលដោយអ្នកជំនាញក្នុងឧស្សាហកម្មផ្ទាល់។ គំនិតផ្តួចផ្តើមផ្សេងៗទៀត ដូចជាសិក្ខាសាលា និងកម្មវិធីចែករំលែកចំណេះដឹង នឹងចូលរួមកាត់បន្ថយគម្លាតជំនាញ ព្រមទាំងគាំទ្រដល់មហិច្ឆតានៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។

លោក Andy Ng បានលើកឡើងថា៖ "ការអភិវឌ្ឍកម្លាំងពលកម្មគឺជាដំណើរជាបន្តបន្ទាប់។ តាមរយៈ​ការកៀរគរការ​ចូលរួម​រយៈពេល​វែង យើង​មាន​បំណង​កសាង​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​ធន់ និងមានភាព​ប្រកួត​ប្រជែងខ្ពស់ ​ដើម្បី​ជំរុញ​​កម្ពុជា​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​ចំណេះដឹង។”

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព