នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីអង្គភាព Infrastructure Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាអំពីការផ្តល់ដំណោះស្រាយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់គំនិតផ្តួចផ្តើមឧស្សាហកម្មបៃតង ការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះរបៀបវារៈបៃតង ដោយរំលេចជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមដូចជា កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ព្រមទាំងលក្ខខណ្ឌតម្រូវរបស់ទីផ្សារសម្រាប់ការផលិតប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។
ឯកឧត្តមបានបន្ថែមថា កម្ពុជាបន្តទទួលបានការវិនិយោគជាច្រើន ដែលរោងចក្រខ្លះបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មមកកម្ពុជា និងបានអនុលោមតាមលក្ខខណ្ឌតម្រូវទាំងនេះ ប៉ុន្តែនៅមានរោងចក្រមួយចំនួនទៀតដែលនៅបន្តបញ្ចេញកាបូនច្រើន។
ឯកឧត្តមបានស្នើឱ្យអង្គភាព Infrastructure Asia បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគសម្រាប់បច្ចេកវិទ្យា និងដំណោះស្រាយបៃតង ដោយសាកល្បងអនុវត្តជាមួយរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។
ទាក់ទងនឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការក្របខ័ណ្ឌច្បាស់លាស់ គោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ ជាពិសេសសម្រាប់សំណល់ឧស្សាហកម្មដែលមានហានិភ័យខ្ពស់។
អង្គភាព Infrastructure Asia ដែលបច្ចុប្បន្នកំពុងស្នើអនុវត្តគម្រោងគ្រប់គ្រងសំណល់ឧស្សាហកម្មនៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្រដៀងគ្នានេះ នៅក្នុងប្រទេសកម្ពុជា។
សម្រាប់វិស័យទឹកស្អាត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការពង្រីកបណ្តាញផ្គត់ផ្គង់សេវាទឹកស្អាត ព្រមទាំងបញ្ហាប្រឈមនានាពិសេសប្រភពទឹក។ ឯកឧត្តមបានស្វាគមន៍ជំនាញផ្តល់ហិរញ្ញប្បទានរបស់អង្គភាព Infrastructure Asia ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដោយជំរុញឱ្យអង្គភាពនេះពិចារណាប្រើប្រាស់វិធីសាស្រ្តភាពជាដៃគូរដ្ឋ និងឯកជន ដើម្បីទាក់ទាញការវិនិយោគ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍