រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ – គណៈកម្មាធិការទី៩ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន បានអញ្ជើញចុះទស្សនកិច្ចមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) ដើម្បីស្វែងយល់ពីតួនាទី សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនាគតនៃស្ថាប័នទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកំណែទម្រង់សំខាន់ៗនៅស្ថាប័នទាំងពីរ ពិសេសការប្រែក្លាយមន្ទីរពិសោធន៍ជាតិ វបន ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងការផ្តោតជាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានជាតិ វបន លើការស្រាវជ្រាវអនុវត្ត (Applied Research) ដែលជំរុញការបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់ឧស្សាហកម្មក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងជាឧទាហរណ៍ពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ក្នុងការបង្កើតមជ្ឈមណ្ឌលផលិតអាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឱ្យបំពេញតាមស្តង់ដារសម្រាប់ការនាំចេញ។
បច្ចុប្បន្ន វិទ្យាស្ថានជាតិ វនប កំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួន ដូចជាគម្រោងប្រព្រឹត្តិកម្មវិទ្យុសកម្មសម្លាប់មេរោគលើផលិតផលចំណីអាហារដោយសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), កម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេងដើម្បីបំផុសទឹកចិត្តយុវជនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រនាពេលអនាគត, និងគម្រោង ស្រាវជ្រាវ និងការបណ្តុះបណ្តាលផ្សេងៗសម្រាប់វិស័យឯកជន។
ចំណែកឯ មន្ទីរពិសោធន៍ជាតិ វបន ក្រោយពីបានកែទម្រង់ បានពង្រីកសមត្ថភាពធ្វើតេស្តវិភាគ ដោយបន្ថែមប៉ារ៉ាម៉ែត្រថ្មីចំនួន៤០ ផ្តោតលើវិស័យនាំចេញសំខាន់ៗ ដូចជាអង្ករ និងគ្រាប់ស្វាយចន្ទី។ ជាមួយនឹងវិញ្ញាបនបត្រ ISO/IEC:17025 និងការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពី SAC-SINGLAS ប្រទេសសិង្ហបុរី និង NATA ប្រទេសអូស្ត្រាលី មន្ទីរពិសោធន៍នេះបានធ្វើតេស្តវិភាគសំណាកចំនួន ១១.០១៨ ក្នុងឆ្នាំ២០២៤ ជាមួយនឹងលទ្ធផលដែលទទួលស្គាល់ជាអន្តរជាតិ។ មន្ទីរពិសោធន៍ក៏គ្រោងពង្រីកសមត្ថភាពសម្រាប់សេវាមន្ទីរពិសោធន៍មេកានិច អគ្គិសនី និងអេឡិចត្រូនិច (MEEL) និងមន្ទីរពិសោធន៍ស្រាវជ្រាវ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។
គណៈប្រតិភូនៃគណៈកម្មាធិការទី៩ រដ្ឋសភា បានកោតសរសើរចំពោះសមិទ្ធផលរបស់ស្ថាប័នទាំងពីរ និងបានបញ្ជាក់ការគាំទ្រលើតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច គាំទ្រដល់យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល។
គណៈប្រតិភូបានបញ្ចប់ដំណើរទស្សនកិច្ចនេះ ដោយចុះទស្សនកិច្ចសម្ភារបរិក្ខារទំនើបៗនៅមន្ទីរពិសោធន៍ជាតិ វបន ជាមួយនឹងការផ្លាស់ប្តូរទស្សនៈយ៉ាងស្និទ្ធស្នាល ក្នុងស្មារតីសហប្រតិបត្តិការរវាងអង្គនិតិបញ្ញត្តិ និងស្ថាប័នទាំងពីរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍