ក្រុមប្រឹក្សាស្តង់ដារជាតិអនុម័តស្ដង់ដារចំនួន២១ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី30 ខែ មករា ឆ្នាំ 2025

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារជាតិ បានបើកកិច្ចប្រជុំលើកទី៣០ ដើម្បីពិនិត្យ និងអនុម័តស្តង់ដារសម្រាប់វិស័យផ្សេងៗ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយជាសមាជិកពេញសិទ្ធនៃអង្គការស្តង់ដារអន្តរជាតិ (ISO) ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថាក្រុមប្រឹក្សាស្តង់ដារជាតិបានបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យនានារបស់សេដ្ឋកិច្ចជាតិ ទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី៣០ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារជាតិ (CS)។ ស្តង់ដារទាំងនោះរួមមាន

  • ស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់បង្ហូរទឹក លូទឹកកខ្វក់
  • ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ
  • ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន
  • ស្ដង់ដារ UNECE ចំនួនប្រាំ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត
  • ស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។

ការអនុម័តស្តង់ដារទាំងនេះនឹងជំរុញភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម លើកកម្ពស់ភាពអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ ដោយពង្រឹងសមាហរណកម្មកម្ពុជា ទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

កិច្ចប្រជុំបានពិភាក្សា និងស្នើឱ្យមានការសិក្សាអំពីលទ្ធភាពនៃការបង្កើតគណៈកម្មាធិការបច្ចេកទេសបន្ថែម​ផ្នែកគ្រឿងអលង្ការ។ ក្រុមប្រឹក្សាស្តង់ដារជាតិក៏បានលើកឡើងពីភាពចាំបាច់​ក្នុងការពង្រឹងសមត្ថភាព​សេវាមន្ទីរពិសោធន៍នានានៅក្នុងប្រទេស ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍស្តង់ដារ តាមរយៈការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានរបស់មន្ទីរពិសោធន៍ទូទាំងប្រទេស ព្រមទាំងការបង្កើតយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងចំណោមមន្ទីរពិសោធន៍នានា

ឯកឧត្តម ហែម ណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់សម្រាប់មន្ទីរពិសោធន៍ទាំងអស់ និងកិច្ចសហការ រួមទាំងភាពជាដៃគូជាមួយមន្ទីរពិសោធន៍ឯកជន ដើម្បីបង្កើនសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា

ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងស្នើឱ្យកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO ក្នុងឆ្នាំ ២០២៥ នេះ ដើម្បីពង្រឹងតួនាទី និងសិទ្ធិរបស់កម្ពុជា រួមទាំងសិទ្ធិបោះឆ្នោត និងការតវ៉ាផ្សេងៗ ចំពោះស្តង់ដារ និងបទប្បញ្ញត្តិដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។

បន្ថែមពីលើស្តង់ដារទាំង ២១ ដែលត្រូវបានអនុម័តនៅថ្ងៃនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារ​​ចំនួន ៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ កាលពីខែធ្នូ ឆ្នាំ២០២៤បញ្ជីស្តង់ដារដែលបានអនុម័តទាំងអស់ត្រូវបានដាក់ផ្សាយនៅលើគេហទំព័ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីបង្កើនភាពងាយស្រួលក្នុងការស្វែងរក និងលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារទាំងនេះ

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព