នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCARO) និងការិយាល័យសន្តិសុខវិទ្យុសកម្មរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីអ្នកជំនាញ និងសិក្ខាកាមចម្រុះ តំណាងក្រសួង-ស្ថាប័ន មន្ទីរពេទ្យជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ សិក្ខាសាលាក៏ផ្តល់ជាវេទិកាសម្រាប់កិច្ចសហការ ដោយផ្សារភ្ជាប់នវានុវត្តន៍ ជាមួយនឹងការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យា E-beam និង X-ray ដែលបម្រើប្រយោជន៍សង្គម។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “បច្ចេកវិទ្យា E-beam និង X-ray អាចត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងវិស័យជាច្រើន ហើយពិតណាស់ ការប្រើប្រាស់ទាំងអស់គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ។ មិនថាប្រើដើម្បីសម្លាប់មេរោគលើឧបករណ៍វេជ្ជសាស្ត្រ, បង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការកែច្នៃរូបធាតុនោះទេ បច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យពាក់ព័ន្ធឱ្យរីកចម្រើនបានឆាប់រហ័ស។”
ក្រៅពីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ទូលំទូលាយនៃបច្ចេកវិទ្យា E-beam និង X-ray សិក្ខាសាលាក៏មានគោលដៅលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លើសពីនេះ សិក្ខាសាលាក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាដែលមានមេត្រីភាពបរិស្ថាន ដើម្បីបង្កើតដំណោះស្រាយនិរន្តរភាព ដូចជាការគ្រប់គ្រងសំណល់ និងការកែច្នៃរូបធាតុ ដែលឆ្លើយតបទៅនឹងបញ្ហាបរិស្ថានដែលកាន់តែមានសភាពធ្ងន់ធ្ងរ។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ “យើងត្រូវចូលរួមលុបបំបាត់ការយល់ខុសជុំវិញវិទ្យុសកម្មចំណីអាហារ ដើម្បីធានាដល់សាធារណជនថា នីតិវិធី និងបទប្បញ្ញត្តិសុវត្ថិភាពតឹងរ៉ឹងស្តីពីប្រព្រឹត្តិកម្មវិទ្យុសកម្ម ត្រូវបានអនុវត្ត ដើម្បីធានាសុវត្ថិភាពចំណីអាហាររបស់យើង។”
សិក្ខាសាលាបង្កើនការយល់ដឹងនេះជាជំហានថ្មីមួយឆ្ពោះទៅរកការចាប់យកបច្ចេកវិទ្យា E-beam និង X-ray មកប្រើប្រាស់ដោយជោគជ័យនៅកម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍