ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ – គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃវិធានការគន្លឹះ ដែលអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យការអនុវត្តវិធានការគន្លឹះទាំង៤៥ និងកំណត់បញ្ហាប្រឈមមួយចំនួននៃការអនុវត្តយុទ្ធសាស្ត្រជាតិក្នុងចំណោមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីភាពចាំបាច់ក្នុងការពន្លឿនវឌ្ឍនភាព ពិសេសក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ ទាក់ទងនឹងការ ចុះឈ្មោះ និងការធានាថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះហើយ អាចទទួលបានអត្ថប្រយោជន៍ពិតប្រាកដ។
គណៈកម្មាធិការក៏បានពិភាក្សាអំពីយន្តការគាំទ្រ និងការបន្តរៀបចំអត្ថប្រយោជន៍ពាក់ព័ន្ធនឹងពន្ធដារ ការអភិវឌ្ឍជំនាញ សេវាហិរញ្ញវត្ថុ សេវាគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាដើម។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ១.៥០០ នាក់ ក្នុងគោលដៅជំរុញការចុះឈ្មោះឱ្យកាន់តែទូលំទូលាយ។ គណៈកម្មាធិការក៏គ្រោងរៀបចំយុទ្ធនាការស្រដៀងគ្នានេះនៅខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ខេត្តសៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យចុះឈ្មោះចំនួន ១១.៤៤៧ ដែលភាគច្រើនស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងប្រទេស ឯកឧត្តមបានអំពាវនាវឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកឡើងជាឧទាហរណ៍ពីគម្រោងពង្រឹងស្តង់ដារអនាម័យ និងរបៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារ ដែលនឹងអនុវត្តសាកល្បងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចនានា ជំរុញចលនាចាប់យកស្តង់ដារអនាម័យទាំងនេះក្នុងចំណោមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏កំពុងរៀបចំប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីតាមដានសូចនាករសំខាន់ៗ ពង្រឹងគណនេយ្យភាព និងត្រៀមរបាយការណ៍វឌ្ឍនភាពដើម្បីដាក់ជូនរាជរដ្ឋាភិបាល។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍