កម្ពុជា និងជប៉ុន ជំរុញការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់ សម្រាប់ទាំងអស់គ្នាក្នុងវដ្តនៃទឹក

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី24 ខែ ធ្នូ ឆ្នាំ 2024

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៧ បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញការវិវត្តជឿនលឿននៃបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធនៃប្រទេសកម្ពុជា និងជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, រួមជាមួយសមភាគីជប៉ុន ដោយប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធប្រមាណ៣០០នាក់ មកពីប្រទេសទាំងពីរ។

សិក្ខាសាលាបានផ្តោតលើយុទ្ធសាស្ត្រនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពវដ្តនៃទឹក ដែលកាន់តែមានសារៈសំខាន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដែលបង្កហានិភ័យនៃការខ្វះទឹក និងហានិភ័យនៃទឹកជំនន់។ សិក្ខាសាលាក៏មានការតាំងបង្ហាញបច្ចេកវិទ្យាទំនើបៗ ទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ, ការចែករំលែកចំណេះដឹង និងឱកាសផ្គូផ្គង់អាជីវកម្មផងដែរ។

ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ វេទិកានេះជាស្ពានមួយដើម្បីដឹកជញ្ជូនបទពិសោធ ចំណេះដឹងស្តីពីទឹកស្អាត និងអនាម័យ ហើយក៏ជាការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុន និងប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែលឿន និងល្អប្រសើរនៅទូទាំងប្រទេសកម្ពុជា

ឯកឧត្តមបានរំលេចពីវឌ្ឍនភាពរបស់កម្ពុជា រួមមានកំណើននៃការតបណ្តាញទឹកស្អាតជាង ១,៤ លានតំណ និងសមត្ថភាពផលិតទឹកស្អាតប្រមាណ ៤៥ លានម៉ែត្រគូបក្នុងមួយខែ នាពេលបច្ចុប្បន្ន ព្រមទាំងស្នើឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងទាំងក្នុងស្រុកនិងអន្តរជាតិ ដើម្បីជំរុញសេវាសាធារណៈសំខាន់ៗទាំងនេះ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDC6) របស់កម្ពុជា ស្តីពីទឹកស្អាត និងអនាម័យ។ ឯកឧត្តមបានជំរុញឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីឧត្តមានុវត្តន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសផលប៉ះពាល់ដែលបង្កឡើងដោយ ការប្រែប្រួលអាកាសធាតុលើប្រភពទឹក។

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងរឹងមាំរបស់ជប៉ុនក្នុងវិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖ ភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុងការផ្តល់សេវាទឹកស្អាតនៅរាជធានីភ្នំពេញ ដែលគេស្គាល់ទូទាំងពិភពលោកថាជា 'អព្ភូតហេតុទីក្រុងភ្នំពេញ' ឆ្លុះបញ្ចាំងពីភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសយើងទាំងពីរ។ ហើយយើងចង់ពង្រីកគំរូនេះ ដើម្បីសម្រេចបាន 'អព្ភូតហេតុ' បែបនេះសម្រាប់តំបន់ផ្សេងៗទៀត នៅក្នុងការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់។”

ឯកឧត្តមឯកអគ្គរដ្ឋទូត UENO ក៏បានលើកឡើងពីគម្រោងថ្មីៗ ដែលគាំទ្រដោយជំនួយអភិវឌ្ឍន៍របស់ជប៉ុន សម្រាបវិស័យទឹកស្អាត និងអនាម័យ នៅខេត្តក្នុងសៀមរាប ពោធិ៍សាត់ ស្វាយរៀង និងខេត្តមណ្ឌលគិរី។

ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងពីភាពប្រទាក់ក្រឡានៃសេវាផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ និងថា ការគ្រប់គ្រងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់នឹងត្រូវបានពង្រឹង ជាមួយនឹង​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ទឹកកខ្វក់ដែល​ទើប​បាន​អនុម័ត​នា​ពេល​ថ្មីៗ​នេះ។ ឯកឧត្តមបានលើកឡើងថា សិក្ខាសាលានេះក៏នឹងជួយពង្រឹងសមត្ថភាពបច្ចេកទេសរបស់វិស្វករ និងមន្រ្តីជំនាញក្នុងវិស័យទឹកកខ្ចក់ ឱ្យកាន់តែប្រសើរឡើងផងដែរ។

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៧ ក៏រួមមានការផ្ទេរអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ (MoC) រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ​​ដឹកជញ្ជូន ​និងទេសចរណ៍ នៃប្រទេសជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយ ផ្តោតលើការផ្តល់សេវាទឹកស្អាតដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់លើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព