សិក្ខាសាលាអឺរ៉ុប-អាស៊ានលើកទី៦ កំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ថ្នាលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសៅរ៍, ទី07 ខែ មិថុនា ឆ្នាំ 2025

សៀមរាប, កម្ពុជា – គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI កម្ពុជា) និង COSTI ឥណ្ឌូនេស៊ី តាមរយៈគម្រោង E-READI  របស់សហភាពអឺរ៉ុប បានសហការរៀបចំសិក្ខាសាលា «អឺរ៉ុប-អាស៊ានលើកទី៦ នៃគម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន - ASEAN TMH » នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ សិក្ខាសាលានេះផ្តោតសំខាន់លើការបង្កើតថ្នាលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលគ្រោងដាក់ឱ្យ​ដំណើរការជាផ្លូវការនៅក្នុងកិច្ចប្រជុំ COSTI លើកទី៨៨ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

សិក្ខាសាលារយៈពេលពីរថ្ងៃនេះបានប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗ រួមមានតំណាង COSTI កម្ពុជា និងឥណ្ឌូនេស៊ី គម្រោង E-READI លេខាធិការដ្ឋានអាស៊ាន និងអង្គភាព ASEAN TMH មកពីបណ្ដារដ្ឋជាសមាជិកទាំងអស់។ សិក្ខាកាមបានពិភាក្សាលើការរៀបចំបញ្ចប់ផែនការអនុវត្តថ្នាលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាននេះ​​ ក្នុងគោលដៅពន្លឿនការស្រាវជ្រាវ ជំរុញនវានុវត្តន៍ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹងក្នុងតំបន់។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់លើការកំណត់ជំហានច្បាស់លាល់សម្រាប់ការអនុវត្ត បន្ថែមពីលើការពិភាក្សាឯកឧត្តមបានលើកឡើងថា៖ “ការពិភាក្សាអំពីតួនាទីរបស់​ក្រុមការងារASEAN TMH និងការរៀបចំឯកសារស្តីពីមុខងារ និងលក្ខខណ្ឌតម្រូវបច្ចេកទេស គឺជាមូលដ្ឋានសម្រាប់ការអនុវត្តថ្នាលបច្ចេកវិទ្យានេះ។

ឯកឧត្តមក៏បានបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុប តាមរយៈគម្រោង E-READI ថា៖ “ជា​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។

ឯកឧត្ដម Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា៖ «ASEAN TMH នឹងផ្ដល់ជាថ្នាលបច្ចេកវិទ្យារួមមួយសម្រាប់តម្រូវការ និងបំណងប្រាថ្នារបស់តំបន់តាមរយៈគម្រោង E-READI សហភាពអឺរ៉ុបបានគាំទ្រសិក្ខាសាលា​​ជាច្រើនកន្លងមក  ហើយសិក្ខាសាលាលើកទី៦នេះ ផ្តោតលើការរៀបចំបញ្ចប់ផែនការអនុវត្តសម្រាប់ ASEAN TMH»។

ឯកឧត្ដមក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើម Horizon Europe ដែលមានមូលនិធិ ៩៥,៥ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រគម្រោងស្រាវជ្រាវនវានុវត្តន៍ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ថាជាឧទាហរណ៍គំរូមមួយសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងនវានុវត្តន៍ជាសកលរបស់អឺរ៉ុប

លោកស្រីបណ្ឌិត Elrade Rofaani តំណាងប្រធាន COSTI ឥណ្ឌូនេស៊ី បានកោតសរសើរចំពោះស្មារតីសហការនៃសិក្ខាសាលាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ លោកស្រី បានលើកឡើងថា​៖”ASEAN TMH ត្រូវបានបង្កើតឡើងជាថ្នាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អនឡាញ ដើម្បីភ្ជាប់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ ជាមួយស្ថាប័នឯកជនដែលផ្តោតលើនវានុវត្តន៍ ក្នុងគោលដៅបង្កើនផលសម្រាប់សង្គម និងសក្តានុពលពាណិជ្ជកម្ម។ យើងរំពឹងថាថ្នាលអនឡាញនេះនឹងរួមចំណែកដោះស្រាយ​បញ្ហាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​ក្នុងតំបន់ដែលចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការពង្រីកផលនៃនវានុវត្តន៍។

លោកស្រីបណ្ឌិត Zurina Moktar ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃលេខាធិការដ្ឋានអាស៊ាន បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃនិរន្តរភាពបច្ចេកទេស និងហិរញ្ញវត្ថុនៃថ្នាលនេះលោកស្រីបានលើកឡើងថា៖ “ជាង ៥០% នៃកំណើនផលិតផលក្នុងស្រុកសរុបនៅទសវត្សរ៍នេះ នឹងជំរុញដោយវិស័យដែលមានឫសគល់ក្នុងនវានុវត្តន៍ និងបច្ចេកវិទ្យា។ ប្រសិនបើអាស៊ានចង់បន្តនាំមុខកំណើននេះ យើងត្រូវតែធានាថាថ្នាលបច្ចេកវិទ្យាដូចជា TMH មិនត្រឹមតែជាបំណងប្រាថ្នាប៉ុណ្ណោះទេ តែជាថ្នាលអាចដំណើរការប្រកបដោយប្រសិទ្ធិភាព ត្រឹមត្រូវតាមបច្ចេកទេស មាននិរន្តរភាពហិរញ្ញវត្ថុ និងមានរចនាសម្ព័ន្ធរឹងមាំផងដែរ។

គម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានស្នើឡើងដំបូងដោយកម្ពុជា និងឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអាស៊ាន COSTIគាំទ្រជាអាទិភាពប្រចាំឆ្នាំ២០២២ ២០២៣ និង ២០២៤។ គម្រោង​នេះមានគោលដៅផ្សារភ្ជាប់អ្នកស្រាវជ្រាវ ជាមួយវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ធុរកិច្ចបង្កើតថ្មី និងអ្នកវិនិយោគនៅទូទាំងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ភាពជាដៃគូ បង្កើតការសហការ និងពន្លឿនការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មីៗ។ អ្នកទទួលផលសំខាន់ៗនែគម្រោងនេះ រួមមានសាកលវិទ្យាល័យដែលផ្ដោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ, និងស្ថាប័នគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ។

ដោយ: Soleak_Super_admin

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព