នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកិច្ចការនារី និងអង្គការ UNIDO បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ និងជំរុញសមភាពយេនឌ័រ និងគោលការណ៍សេដ្ឋកិច្ចបៃតង នៅក្នុងគោលនយោបាយវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សិក្ខាសាលាបានពិភាក្សាលើគោលនយោបាយនានាពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងឧស្សាហកម្មបៃតង ព្រមទាំងភាពប្រទាក់ក្រឡាជាមួយនឹងផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងឧស្សាហកម្មបៃតងទាមទារការបង្កើនការអប់រំជំនាញ STEM សម្រាប់ស្ត្រី និងក្មេងស្រី ព្រមទាំងការចូលរួមរបស់ពួកគេក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកាតាលីករសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព ភាពធន់ និងបរិយាបន្ន។
លោកជំទាវបានបន្ថែមថា៖ “ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងឧស្សាហកម្មបៃតងគឺជាកាលានុវត្តភាពដ៏សំខាន់មួយ ដែលមិនត្រឹមតែដោះស្រាយនូវគម្លាត និងឫសគល់នៃបញ្ហាយេនឌ័រប៉ុណ្ណោះទេ តែក៏បង្កើនការរួមចំណែករបស់ពួកគេ នៅក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០ ផងដែរ។”
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ “បច្ចេកវិទ្យាឌីជីថលមានសក្ដានុពលក្នុងការបង្កើតឱ្យមានឱកាសផ្សេងៗសម្រាប់ស្ត្រី ដើម្បីដឹកនាំ ចូលរួម និងទទួលផលពីការអភិវឌ្ឍបច្ចេកវិទ្យា។ ប៉ុន្តែបើគ្មានគោលនយោបាយអំណោយផលទេនោះ បច្ចេកវិទ្យាឌីជីថលអាចនឹងជំរុញឱ្យមានទស្សនទានរើសអើងយេនឌ័រ និងឃ្លាតចេញកាន់តែឆ្ងាយពីសកម្មភាពសេដ្ឋកិច្ច និងសង្គម។”
លោកបានចែករំលែកអនុសាសន៍ពីរបាយការណ៍អង្គការ UNIDO ស្តីពីយេនឌ័រ បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត រួមមានការលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត, ការបញ្ជ្រាបយេនឌ័រទៅក្នុងយុទ្ធសាស្ត្រឧស្សាហកម្ម និងនវានុវត្តន៍, និងការជំរុញភាពជាដៃគូចម្រុះភាគី ដើម្បីកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញផែនការយុទ្ធសាស្រ្តបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ក្នុងវិស័យរបស់ខ្លួនសម្រាប់ ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល និងជំរុញការចូលរួមរបស់ស្ត្រី នៅក្នុងរចនាសម្ព័ន្ធដឹកនាំ ទាំងនៅតាមបណ្តាស្ថាប័នសាធារណៈ និងស្ថាប័នឯកជន ព្រមទាំងបង្កើនសំឡេងរបស់ស្រ្តីក្នុងកម្មវិធីនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សិក្ខាសាលាពិគ្រោះយោបល់នេះគឺជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្ត GEDSI របស់ក្រសួង ក្រោមក្របខណ្ឌគម្រោង "ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងឧស្សាហកម្មបៃតង" (EEWiGI) ដំណាក់កាលទី២ ដែលគាំទ្រដោយក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់សហព័ន្ធអាល្លឺម៉ង់។ គម្រោងនេះមានគោលដៅផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងឧស្សាហកម្មបៃតង តាមរយៈការវិភាគគោលនយោបាយ ការប្រមូលទិន្នន័យ និងការចូលរួមពីភាគីពាក់ព័ន្ធ ដោយពង្រឹងតួនាទីសំខាន់របស់ស្ត្រីក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍