គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិភាក្សាស្វែងរកវិធីគាំទ្រការចូលក្នុងប្រព័ន្ធរបស់សហគ្រាសធុនមីក្រូ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី18 ខែ មេសា ឆ្នាំ 2024

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលលើការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​ពិភាក្សាស្វែងរកវិធីគាំទ្រការចូលក្នុងប្រព័ន្ធរបស់សហគ្រាសធុនមីក្រូ ដោយផ្តោតលើការរៀបចំ​ស្ថាន​ភាព​នីតិបុគ្គល និងអត្ថប្រយោជន៍ពាក់ព័ន្ធសម្រាប់សហគ្រាសទាំងនោះ។ កិច្ចពិភាក្សាបានដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន​គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កិច្ចប្រជុំបានបង្ហាញគំរូពីប្រទេសមួយចំនួនដូចជា ប្រទេសបេនីន និងប្រេស៊ីល ដែលកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធបានផ្តល់បច្ច័យដ៏សំខាន់ចំពោះសេដ្ឋកិច្ចជាតិ។

នៅកម្ពុជា យោងតាមជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ជិត ៩៣% នៃអង្គភាព​សេដ្ឋ​កិច្ចគឺជាសហគ្រាសធុនមីក្រូ ដោយក្នុងនោះមានតែ ៦,៥% ប៉ុណ្ណោះដែលបានចុះ​បញ្ជី ដែលជាទូទៅធ្វើឡើងនៅ​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃគណៈកម្មាធិការនេះរៀបចំធ្វើសាមញ្ញកម្មដំណើរការចុះឈ្មោះសហគ្រាសធុនមីក្រូ សម្រាលលក្ខណ្ឌតម្រូវ និងផ្តល់ការលើកទឹកចិត្ត​សម្រាប់​ការចូលក្នុងប្រព័ន្ធរបស់ពួកគាត់។ គោលដៅគឺផ្តល់ស្ថានភាពស្របច្បាប់ដល់សហគ្រាសធុនមីក្រូ ដើម្បីផ្តល់លទ្ធភាព​ឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី​ជំនួយនានា ដូចជាការបណ្តុះបណ្តាលជំនាញ លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំពារសង្គមជាដើម ដែលអាចជួយឱ្យសហគ្រាសទាំងនោះ​ពង្រីក​ប្រតិបត្តិការ និងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើន​សេដ្ឋ​កិច្ចរបស់កម្ពុជា។

ដោយ: អគ្គនាយកដ្ឋានកិច្ចការទូទៅ

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព