ក្រសួងឧស្សាហកម្មពង្រឹងសមត្ថភាពរៀបចំផែនការថវិកា ដើម្បីគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសៅរ៍, ទី29 ខែ មីនា ឆ្នាំ 2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា គម្រោងថវិកាប្រចាំឆ្នាំ និងកិច្ចព្រមព្រៀង​សមិទ្ធកម្មនៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ២១៤ នាក់ និងមានគោលដៅពង្រឹងសមត្ថភាពអង្គភាពថវិការបស់ក្រសួងលើការងាររៀបចំផែនការថវិកា លទ្ធកម្មសាធារណៈ កិច្ចព្រមព្រៀង​សមិទ្ធកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដើរ​ដល់​ចំណុច​របត់ថ្មីនៃការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ នោះគឺការដាក់បណ្តាអគ្គនាយកដ្ឋាន វិទ្យាស្ថាន និង​មជ្ឈមណ្ឌល​នានាក្រោម​ឱវាទ​ក្រសួង ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចាប់ពីឆ្នាំ​២០២៥ តទៅ ជាពិសេស​គឺចំពេល​ដែលក្រសួងកំពុងត្រៀមលក្ខណៈរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ​២០២៦​-២០២៨ និង​ការរៀបចំ​គម្រោងថវិកាឆ្នាំ២០២៦។”

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្ត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានយុទ្ធសាស្ត្រចំនួន៧ ចង្កោមសកម្មភាពចំនួន១៧ និងសកម្មភាពគន្លឹះចំនួន៨៩ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ខ្ពស់។

ឯកឧត្តមបានលើកឡើងពីសមត្ថភាព ៦ កម្រិត ដែលចាំបាច់ ដើម្បីប្រសិទ្ធភាពស្ថាប័ន រួមមានសមត្ថភាពគិតជាយុទ្ធសាស្ត្រ ការយកគំនិតយុទ្ធសាស្ត្រទាំងនោះរៀបចំជាគោលនយោបាយ ការរៀបចំផែនការសកម្មភាពដែលមានអាទិភាពច្បាស់លាស់ ការកៀរគរធនធាននិងមធ្យោបាយ ការអនុវត្តផែនការដោយរស់រវើក និងប្រព័ន្ធពិនិត្យតាមដាននិងវាយតម្លៃដ៏រឹងមាំ។

ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង បន្តសហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានលើកទឹកចិត្តឱ្យសិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្ត គាំទ្រគ្នាទៅវិញទៅមក និងបណ្តុះវប្បធម៌រៀនសូត្រ តាមពាក្យស្លោក អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនទាន់ចេះសោះ”

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព