កម្ពុជា និងកូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញាដើម្បីទាក់ទាញការវិនិយោគ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី30 ខែ មេសា ឆ្នាំ 2025

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជា​មួយ​ក្រសួងពាណិជ្ជកម្ម និងសមាគមអតីតនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) ក្រោមការគាំទ្រពីទីភ្នាក់ងារ​សហ​ប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះ​ដឹងស្តីពី​ការ​លើក​កម្ពស់​វិនិ​យោគ​នៅកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា កម្មវិធី​ទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និងការចុះបញ្ជី​ប្រកាសនីយបត្រតក្កកម្មតាមប្រព័ន្ធអន​ឡាញ។

សិក្ខាសាលា ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានគោល​ដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការលើកកម្ពស់ការចុះបញ្ជីប្រកាស​នីយបត្រ​តក្ក​កម្ម ការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មបរទេស និងការសម្របសម្រួលការធ្វើពាណិជ្ជកម្ម​លើ​ការរក​ឃើញថ្មីៗ

ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ "កម្មសិទ្ធិបញ្ញាជួយការពារសិទ្ធិរបស់តក្កករ អ្នកច្នៃប្រឌិត និងសហគ្រិន ដោយលើកទឹកចិត្ត​ដល់​​ការ​អភិវឌ្ឍគំនិត និងបច្ចេកវិទ្យាថ្មីៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរចរន្តនៃការច្នៃប្រឌិត និងការវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។”

សិក្ខាសាលាបានចែករំលែកយុទ្ធសាស្ត្រទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសតាមរយៈកម្មសិទ្ធិបញ្ញា ដោយ​មានតំណាងពី​គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកជំនាញកម្ពុជា និងកូរ៉េ  ​ ចែក​រំលែក​ឧត្តមានុវត្តន៍ និងមេរៀនសំខាន់ៗស្តីពីបរិវត្តកម្មសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ។

ចាប់តាំងពីការបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំ១៩៩៤ ទីភ្នាក់ងារ KOICA បានបន្តរួមចំណែកយ៉ាង​សកម្ម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរជំនាញ និងការផ្ទេរបច្ចេកវិទ្យា ដោយបានបញ្ជូនមន្ត្រីកម្ពុជា ៤.១៧៩​នាក់​ទៅចូលរួមកម្មវិធីបណ្តុះបណ្តាលនៅប្រទេសកូរ៉េ។

ដោយ: Soleak_Super_admin

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព