ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ នៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធី SSEAYP ជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ កម្មវិធីឆ្នាំ២០២៤ នេះ មានរយៈពេល៣៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា២០២៤ ដោយប្រតិភូយុវជនទាំងអស់នឹងធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុវជនជប៉ុន។
នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីអាណត្តិកិច្ចសំខាន់ៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងតួនាទីរបស់ក្រសួងក្នុងការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសក្រីក្របំផុត (LDC) ក្នុងឆ្នាំ២០២៩ផងដែរ។
ឯកឧត្តមបានអបអរសាទរប្រតិភូយុវជនទាំង១៥រូប និងប្រធានប្រតិភូ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីក្នុងចំណោមបេក្ខជនជាង៥០០នាក់ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតំណាងកម្ពុជាដោយឥរិយាបថស្វាគមន៍រាក់ទាក់។ ឯកឧត្តមបានរំលឹកប្រតិភូយុវជនថា៖ “កម្មវិធីនេះមិនមែនជាដំណើរកម្សាន្តទេ តែជាបេសកកម្មតំណាងជាតិ ដូច្នេះប្អូនៗត្រូវបង្ហាញគុណតម្លៃនៃជាតិសាសន៍របស់យើង។
ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកចំណុចមួយចំនួននៃភាពអ្នកដឹកនាំដែលប្រតិភូយុវជនគួរប្រកាន់យក ដូចជាការដាក់ខ្លួននិងមិនក្រអឺតក្រទម ការគោរពគ្នាទៅវិញទៅមក កាយវិការដែលបង្ហាញបដិសណ្ឋារកិច្ច និងមោទនភាពនៃវប្បធម៌ខ្មែរ។ ឯកឧត្តមបានបន្ថែមថា៖ "សូមប្អូនៗបើកចិត្តគំនិត រៀនសូត្រពីប្រតិភូយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ហើយត្រូវស្រឡាញ់ប្រទេសជាតិរបស់យើង។”
កម្មវិធី SSEAYP ឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីប្រតិភូយុវជនជប៉ុនចំនួន២៣រូប ខណៈដែលបណ្តាប្រទេសអាស៊ាននីមួយៗនឹងបញ្ជូនប្រតិភូយុវជនចំនួន១៦រូប។ ដោយឡែក ប្រទេសទីម័រខាងកើតនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមជាប្រទេសសង្កេតការណ៍ជាលើកដំបូង។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍