ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី26 ខែ ធ្នូ ឆ្នាំ 2024

ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជា (CS) ចំនួន ៣៦ ក្នុងកិច្ចប្រជុំលើកទី២៩ ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។

ក្រុមប្រឹក្សាបានពិនិត្យស្តង់ដារចំនួន ៤១ និងអនុម័តស្តង់ដារជាតិចំនួន ៣៦។ សំណើអនុម័តស្តង់ដារចំនួន ៣ ដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងសំណើកែសម្រួលស្តង់ដារចំនួន ២ អំពីទឹកត្រី និងទឹកស៊ីអ៊ីវ ត្រូវបានលើកទៅពិភ្សាសម្រាប់ការអនុម័តនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា។

ស្ដង់ដារដែលទើបត្រូវបានអនុម័តទាំងនេះគ្របដណ្តប់លើវិស័យជាច្រើន រួមមានស្តង់ដារសំណង់ និងសម្ភារៈសំណង់, សារធាតុគីមី, ធញ្ញជាតិ បន្លែ និងផ្លែឈើ, ប្រព័ន្ធគ្រប់គ្រង, ផលិតផលអគ្គិសនី និងអេឡិចត្រូនិច, ផលិតផលកៅស៊ូ, យានយន្ត, គ្រឿងសំអាង, ផលិតផលឈើ, និងវាយនភណ្ឌ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍស្តង់ដារ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ ការទទួលយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិ ជួយយើងក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងជួយធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

កិច្ចប្រជុំបានស្នើឱ្យគណៈកម្មាធិការបច្ចេកទេសទាំង១២ កំណត់រកស្តង់ដារបន្ថែមទៀត ដែលជាអាទិភាពសម្រាប់ការអភិវឌ្ឍ ដោយផ្តោតលើស្តង់ដារដែលជំរុញការនាំចេញ និង/ឬស្តង់ដារដែលលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មក្នុងស្រុកសំខាន់ៗ។

ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានជំរុញឱ្យគណៈកម្មការបច្ចេកទេសរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តស្តង់ដារកម្ពុជាដែលបានអនុម័តហើយ ដូចជាការពង្រឹងសេវាមន្ទីរពិសោធន៍តាមវិស័យនីមួយៗ ដើម្បីគាំទ្រភាពអនុលោមតាមស្តង់ដារទាំងនេះ។ ឯកឧត្តមក៏បានណែនាំឱ្យលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តង់ដារជាតិ សិក្សាលទ្ធភាពក្នុងការអភិវឌ្ឍស្តង់ដារសម្រាប់ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

ក្រោយបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ជំហានបន្ទាប់ដើម្បីអនុវត្តស្តង់ដារទាំងនេះ រួមមានការជូនដំណឹងដល់អង្គការអន្តរជាតិ ដូចជា ISO និង IEC, ការបោះពុម្ពផ្សាយស្តង់ដារនៅក្នុងបញ្ជីស្តង់ដារជាតិ និងការចាប់ផ្តើមអនុវត្តស្តង់ដារដោយវិស័យឯកជន និងស្ថាប័ននានា។ 

ការអនុម័តស្ដង់ដារជាតិទាំងនេះជាវឌ្ឍនភាពថ្មីមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខណ្ឌបទប្បញ្ញត្តិស្របតាមនិយាមអន្តរជាតិ លើកកម្ពស់គុណភាព និងសុវត្ថិភាពក្នុងវិស័យនានា និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព