នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខ្លួននៅ «សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ»។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងឧ.វ.ប.ន. ចាប់ពីថ្នាក់ប្រធានការិយាល័យ ប្រធានមន្ទីរទាំង២៥ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក និងអគ្គនាយករដ្ឋាករទឹកទាំង ១១ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៦០០រូប។
១) វិស័យឧស្សាហកម្ម៖ គិតត្រឹមចុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ២.៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ បិទទ្វារចំនួន ២៦ ដោយផ្តល់ឱកាសការងារចំនួន ១.១៦០.១៨១កន្លែង (ស្រី ៧៣,៦៨%) មានកំណើន ១១,៥២% ធៀបនឹងឆ្នាំ២០២៣។ ទុនវិនិយោគសរុបចំនួន ២០.៤៥៦លានដុល្លារអាមេរិក មានកំណើនចំនួន ១.៨៩០លានដុល្លារអាមេរិក ស្មើនឹង ១០,១៨% ធៀបនឹងឆ្នាំ២០២៣ ។
២) វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម៖ គិតត្រឹមចុងឆ្នាំ២០២៤ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានសរុបចំនួន ៤៣.៩៧០មូលដ្ឋាន និងមានកម្លាំងពលកម្មចំនួន ៤៧៦.២២៣នាក់។ ក្នុងនោះ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ១.២៩២មូលដ្ឋាន ចេញវិញ្ញាបនបត្រដំណើរការចំនួន ១.០៥២មូលដ្ឋាន ចេញវិញ្ញាបនបត្របន្តដំណើរការចំនួន ១.៣៣៨មូលដ្ឋាន ដោយបានបង្កើតការងារថ្មីចំនួន ២៥.៨៣៣កន្លែង។
៣) ការងារស្ដង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម៖ ស្តង់ដាថ្មីចំនួន ៥៥ ត្រូវបានអនុម័តជាស្ដង់ដាជាតិ ធ្វើឱ្យស្តង់ដាកម្ពុជាកើនឡើងដល់ចំនួន ១.១៣២ ស្តង់ដា។ ជាមួយគ្នានេះ ក្រសួងក៏បានចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមសម្រាប់ផលិតផល ប្រព័ន្ធគ្រប់គ្រងផលិតកម្ម និងប្រព័ន្ធគ្រប់គ្រងសេវាកម្ម ទៅតាមតម្រូវការនៃស្តង់ដាកម្ពុជាមួយចំនួនផងដែរ។
៤) ការងារមាត្រាសាស្ដ្រ៖ ក្រសួងបានអនុវត្តការងារមាត្រាសាស្រ្ត ដោយសម្រេចបានលទ្ធផល ដូចជា៖ បានធ្វើព្យាសកម្មឧបករណ៍មាត្រាសាស្រ្តជូនក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាព ចំនួន ១.០៩៧គ្រឿង, បានចេញវិញ្ញាបនបត្រព្យាសកម្មចំនួន ៧១០ច្បាប់, និងបានចេញវិញ្ញាបនបត្រស្តង់ដាប្រតិបត្តិចំនួន ៦៣ច្បាប់។
៥) ការងារវាយតម្លៃទទួលស្គាល់ សម្រេចបានលទ្ធផលដូចជា៖ បានផ្តល់វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ជូនដល់មន្ទីរពិសោធន៍ដែលអនុលោមតាមស្តង់ដាអន្តរជាតិ ISO/IEC 17025: 2017 ចំនួន០២, បានផ្តល់វិញ្ញាបនបត្រចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម ដល់ក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃភាពអនុលោមចំនួន២០ និងបានផ្តល់លិខិតអនុញ្ញាតដល់អង្គភាពវាយតម្លៃទទួលស្គាល់ក្រៅប្រទេស មកធ្វើការវាយតម្លៃទទួលស្គាល់ដល់មន្ទីរពិសោធន៍ក្នុងប្រទេសកម្ពុជាចំនួន ១១។
៦) ការងារមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រែក្លាយទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណងអភិវឌ្ឍស្ថាប័ននេះជាមន្ទីរពិសោធន៍ជាតិឈានមុខ ដែលបង្កើនអានុភាពដល់នវានុវត្តន៍ និងធានាគុណភាពតេស្តវិភាគប្រកបដោយសុក្រឹតភាព ទំនុកចិត្ត និងការទទួលស្គាល់ជាអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងជំរុញការនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៤ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់សេវាធ្វើតេស្តវិភាគគុណភាពផលិតផលសរុបចំនួន ១១.០១៨ គំរូផលិតផល។
៧) វិស័យទឹកស្អាត៖ ក្រសួងបានបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងបានបន្តអនុវត្តគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាពមានដូចជាតំបន់សេដ្ឋកិច្ចពិសេស, សួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម និងតំបន់ប៉ូលសេដ្ឋកិច្ច ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ២០២៤ បរិមាណទឹកស្អាតដែលផលិត និងផ្គត់ផ្គង់មានសរុបជាង ៥៣០លានម៉ែត្រគូប មានកំណើនប្រមាណ ៦៨លានម៉ែត្រគូប ស្មើនឹង ១៤,៩% ធៀបនឹងឆ្នាំ២០២៣។ ជារួម គិតត្រឹមចុងឆ្នាំ២០២៤ រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន បានភ្ជាប់តំណជូនអតិថិជនសរុប ១.៤៤០.៩១៣តំណ កើនឡើង ១៣៣.១០៣តំណ ស្មើនឹង ១០,២% ប្រៀបធៀបនឹងឆ្នាំ២០២៣។
៨) ការងារវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ ក្រសួងបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យ វ.ប.ន. ដោយផ្តោតលើការរៀបចំ និងអនុវត្តផែនទីបង្ហាញផ្លូវ និងរបៀបវារៈស្រាវជ្រាវជាតិ, ការកសាងប្រព័ន្ធអេកូឡូស៊ី និងឯកសារសំខាន់ៗផ្សេងទៀត ដើម្បីគាំទ្រវិស័យ វ.ប.ន.។ លើសពីនេះ ក្រសួងបានរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ អមជាមួយពិព័រណ៍បច្ចេកវិទ្យា គ្រឿងឧបករណ៍កម្មន្តសាល និងពិព័រណ៍វិទ្យាសាស្ត្រ, បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20), កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85) និងកិច្ចប្រជុំពាក់ព័ន្ធ និងបានរៀបចំកម្មវិធី «អាស៊ានបូក៣ វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេង» (ASEAN Plus Three Junior Science Odyssey) ក្រោមមូលបទ «ជម្នះឧបសគ្គឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Racing Up Against Climate Change)» នៅខេត្តសៀមរាប។
៩) ការងារវិទ្យាស្ថានជាតិ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ វិទ្យាស្ថានជាតិ បានកំណត់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺ៖ «សិក្សា ស្រាវជ្រាវ និងជំរុញលើកទឹកចិត្តឱ្យប្រើបច្ចេកវិទ្យា ឬ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ក្នុងគោលដៅបម្រើឱ្យអន្តរវិស័យ ពិសេសវិស័យឧស្សាហកម្ម ៤.០ និងឧស្សាហកម្មជំនាន់ក្រោយបន្តបន្ទាប់ទៀត»។
១០) ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ក្រសួងបានដឹកនាំសម្របសម្រួលការរៀបចំផែនការសកម្មភាពលម្អិត សូចនាករគន្លឹះ និងតួនាទីភារកិច្ចរបស់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន និងសមាគម សម្រាប់អនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, បានរៀបចំអនុក្រឹត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហការ អភិវឌ្ឍថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ គិតត្រឹមចុងឆ្នាំ២០២៤ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចំនួន ១.១៨៥នាក់ រួមមានកម្មករនិយោជិត ១៦៨នាក់ សហគ្រាសធុនមីក្រូ ១៥៩នាក់ និងបុគ្គលស្វ័យនិយោជន៍ ៨៥៨នាក់។ ក្រសួងបានបន្តដឹកនាំរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនទៀត។
១១) ការងារពង្រឹងស្ថាប័ន៖ ក្រសួងបានបន្តដុះខាត់ផ្នត់គំនិតថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់រូប ឱ្យបំពេញតួនាទីជា អាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពំនឹងរបស់វិស័យឯកជន តាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ»។ ក្នុងឆ្នាំ២០២៤ ក្រសួងបានដាក់ឱ្យអនុវត្តប្រព័ន្ធទំនាក់ទំនងការងាររដ្ឋបាលតាមប្រព័ន្ធឌីជីថល (E-Doc), បន្តជំរុញដំណើរការឯកសារដោយមិនប្រើក្រដាស (Paperless), តម្រង់ធនធានដើម្បីបង្កើនប្រសិទ្ធិភាពការងារ, កែលម្អច្រកចេញចូលតែមួយរបស់ក្រសួង, និងប្រែក្លាយអង្គភាពកម្រិតអគ្គនាយកដ្ឋានចំនួន ៩ បន្ថែមទៀត (សរុប ៣៤) ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ឧ.វ.ប.ន បានថ្លែងសុន្ទរកថាបើកអង្គសន្និបាត និងបានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមក ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឧ.វ.ប.ន គ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងបញ្ញាស្មារតី ក្នុងការចូលរួមបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាក្នុងពេលកន្លងមក។
ក្នុងរយៈពេលពេញមួយថ្ងៃនៃអង្គសន្និបាត វាគ្មិនតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចពិភាក្សារួមក្រោមប្រធានបទ “គោលនយោបាយ យុទ្ធសាស្ត្រ និងក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩” និងបានចែកក្រុមពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន៦ គឺ៖ ១) ការជំរុញការកែច្នៃ និងឧស្សាហកម្មប្រតិគមន៍, ២) របៀបវារៈអាទិភាពនៃវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០៣០, ៣) ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, ៤) ការកសាងសហគ្រិនភាព និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ៥) ការកែទម្រង់សេវាសាធារណៈ ឌីជីថលូបនីយកម្ម និងការងារកសាងស្ថិតិ និងទិន្នន័យ, និង ៦) ការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា។ ក្រោយពីកិច្ចពិភាក្សាតាមក្រុម អង្គសន្និបាតបានពិភាក្សារួមក្រោមប្រធានបទ “កាលានុវត្តភាព បញ្ហាប្រឈម និងទិសដៅការងារតាមវិស័យ” ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ទទួលមតិយោបល់ ការកែលម្អ និងដកស្រង់បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន បានគូសរំលេចនូវទិដ្ឋភាពសំខាន់ៗមួយចំនួនរបស់ក្រសួងក្នុងឆ្នាំ២០២៤ រួមទាំងបញ្ហាប្រឈម និងទិសដៅយុទ្ធសាស្ត្រ ដោយផ្តោតការធ្វើពិពិធកម្មឧស្សាហកម្ម ដើម្បីរួមចំណែកត្រៀមកម្ពុជា ក្នុងដំណើរចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយជោគជ័យ។ ក្នុងនោះ ក្រសួងឧ.វ.ប.ន. បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន ៧ ដូចខាងក្រោម៖
ទី១. ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់
ទី២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម
ទី៣. ការអភិវឌ្ឍគុណវុឌ្ឍិ និងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ
ទី៤. ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត
ទី៥. ការពង្រឹងតួនាទីវិស័យ វ.ប.ន. ដើម្បីលើកកម្ពស់សមត្ថភាពក្នុងវិស័យសាធារណៈ និងឯកជន
ទី៦. ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ, និង
ទី៧. ការពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័ន (ក្រសួង ឧ.វ.ប.ន.)
អង្គសន្និបាតបានទទួលអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់ជាការតម្រង់ទិសការងារ និងការចូលរួមចំណែកសម្រេចឱ្យបានតាមគោលដៅសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍៖
ទី១) បន្តពង្រឹង និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈ៖
ក) ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា៖ ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពឧស្សាហកម្ម និងបរិស្ថាន ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកល។
ខ) ត្រូវដឹកនាំ ជំរុញចលនាការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស, បង្កើតតម្លៃបន្ថែមខ្ពស់លើធន ធានក្នុងស្រុក និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។
គ) ត្រូវបន្តសម្របសម្រួល និងដឹកនាំការរៀបចំបទដ្ឋានគតិយុត្តដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះ ក៏ដូច ជាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីពង្រឹងអនុលោមភាព, កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តធុរកិច្ច
ឃ) ត្រូវបន្តជំរុញការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនមានមូលដ្ឋានវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទីផ្សារអន្តរជាតិរួចហើយ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃសកល។
ង) ពង្រឹង និងលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកទេស សុវត្ថិភាព និងកាត់បន្ថយការបំពុលពីឧស្សាហកម្ម ដើម្បីអភិវឌ្ឍឧស្សាហកម្មបៃតង។
ច) បន្តពង្រឹងការគ្រប់គ្រង និងអភិរក្សដីស្រែអំបិល (ខេត្តកំពត-កែប) ដែលជាកេរ្តិ៍ដំណែលពីដូនតា និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិលដែលមិនមានសក្តានុពល។
ទី២) បន្តការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ៖
ក) ដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍស្តង់ដាជាតិឱ្យបានច្រើនបន្ថែមទៀតលើវិស័យអាទិភាព ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងជំរុញការ នាំចេញ ។
ខ) តម្លើងកម្រិតសមាជិកភាពរបស់កម្ពុជា ជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដាអន្តរជាតិ ISO និងAssociate Member របស់អង្គការអន្តរជាតិ IEC ។
គ) រៀបចំប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ផលិតផល ប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអធិការកិច្ចវាយតម្លៃភាពអនុលោម ដើម្បីទទួលបានការវាយតម្លៃទទួលស្គាល់ស្របតាមស្តង់ដាអន្តរជាតិ។
ឃ) បង្កើន និងពង្រីកប្រសិទ្ធភាពលើការព្យាសកម្មឧបករណ៍មាត្រាសាស្រ្ត ត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្រ្ត និងត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិត និងទំនិញវេចខ្ចប់នាំចូល។
ង) រៀបចំអភិវឌ្ឍប្រព័ន្ធនីតិវិធី (Schemes) សម្រាប់វាយតម្លៃទទួលស្គាល់ និងបណ្តុះបណ្តាលធនធានមនុស្សទៅតាមស្តង់ដា ជាតម្រូវការតាមអាទិភាព ពិសេសពង្រឹងការងារវាយតម្លៃទទួលស្គាល់ និងការគាំទ្រសម្រាប់មន្ទីរពិសោធន៍សំខាន់ៗដែលបម្រើដល់ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
ច) បន្តអភិវឌ្ឍមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យក្លាយជា មន្ទីរពិសោធន៍ឈានមុខគេ និងពង្រីកសមត្ថភាពវិភាគ។
ទី៣) ត្រូវពង្រីកការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស៖ ការរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តារាជធានី-ខេត្ត និងពន្លឿនការអនុវត្តគម្រោងនានា, អភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ប្រើទិន្នន័យនិងប្រព័ន្ធឆ្លាតវៃ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងតំបន់ឧស្សាហកម្ម ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួង ឧ.វ.ប.ន. អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺទឹកស្អាតដែលមាន៖ គុណភាព, សុវត្ថិភាព, និរន្តរភាព និងថ្លៃសមរម្យ ។ សូមពន្លឿនការសិក្សាសមិទ្ធិលទ្ធភាពនៃការពង្រឹងរបបនិយតកម្មវិស័យទឹកស្អាត និងការផ្តល់អាជ្ញាបណ្ណ, ពន្លឿនការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត។
ទី៤) ដឹកនាំ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ពង្រីកការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស, បន្តសហការជាមួយក្រសួង-ស្ថាប័នក្នុងការរៀបចំកញ្ចប់អត្ថប្រយោជន៍ច្បាស់លាស់ និងពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
ទី៥) ត្រូវពន្លឿនការរៀបចំ៖ សេចក្តីព្រាងច្បាប់ សេចក្តីព្រាងអនុក្រឹត្យ សេចក្តីព្រាងប្រកាស និងបទដ្ឋានគតិយុត្តនានា ស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការកាត់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានប្រកាសដាក់ឱ្យប្រើតាមរយៈអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការកាត់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
ទី៦) ពង្រឹងការងារ៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ដ្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៧) រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងមន្ទីររាជធានី-ខេត្ត ដែលត្រូវបំពេញមុខងារភារកិច្ច ដែលក្រសួងបានធ្វើប្រតិភូកម្មជូនរួចហើយ ខិតខំពង្រឹងយន្តការអនុវត្ត និងរៀបចំកសាងសមត្ថភាពឱ្យបានល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរ ត្រូវធ្វើការប្រទាក់ក្រឡាគ្នាឡើងវិញ ជាពិសេសគឺរបបរាយការណ៍ និងការចែករំលែកទិន្នន័យ និងសូមធ្វើការសិក្សាស្វែងយល់អំពីបទដ្ឋានគតិយុត្តនិងកិច្ចការបច្ចេកទេស ដើម្បីបំពេញឱ្យបាននូវភារកិច្ច និងកាតព្វកិច្ចដោយការទទួលខុសត្រូវ។
ទី៨) បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល៖ ជាពិសេសរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងតាមយន្តការច្រកចេញ-ចូលតែមួយ ទាំងនៅក្រសួង និងមន្ទីររាជធានី-ខេត្ត សំដៅកែលម្អប្រព័ន្ធផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និងធ្វើឱ្យតម្លាភាព»។
នៅចុងបញ្ចប់នៃកម្មវិធីសន្និបាត ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលមានស្នាដៃការងារចំនួន ២៤រូប និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី បានផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយសការងាជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំនួន ១០០រូបបន្ថែមទៀត។
អង្គសន្និបាតបានបិទបញ្ចប់ទៅនៅថ្ងៃដដែល ប្រកបទៅដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ លើការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៥ របស់ក្រសួងឧ.វ.ប.ន.៕
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍