មូលនិធិ Konrad និងក្រសួងឧស្សាហកម្ម ពិភាក្សាកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្ម និងការចាប់យកបច្ចេកវិទ្យា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី20 ខែ កុម្ភៈ ឆ្នាំ 2025

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូអាល្លឺម៉ង់មកពីអង្គភាព German Senate Chancellery និងមូលនិធិ Konrad-Adenauer-Stiftung ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ឌីជីថលូបនីយ​កម្ម និងជំរុញការចាប់យកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយរំលេចពីកំណែទម្រង់របស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ឱ្យចាប់យកបច្ចេកវិទ្យាថ្មីៗ។

ឯកឧត្តមបានលើកឡើងថា៖ ឌីជីថលូបនីយកម្មមិនមែនត្រឹមតែជាគោលដៅចុងក្រោយទេ ប៉ន្តែក៏ជាមធ្យោបាយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទោះនៅមានបញ្ហាប្រឈម ឌីជីថលូបនីយកម្មគឺជាមូលដ្ឋានគ្រឹះនៃអនាគតរបស់សេដ្ឋកិច្ច និងសង្គម។”

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមនៃឌីជីថលូបនីយកម្ម រួមទាំងព័ត៌មានមិនពិត ការឆបោកតាមប្រ​ព័ន្ធអនឡាញ និងសុវត្ថិភាពបច្ចេកវិទ្យា ដែលតម្រូវឱ្យមានការគិតគូរពីក្រមសីលធម៌ និងយន្តការគ្រប់គ្រង។ ឯកឧត្តមរដ្ឋមន្ត្រី​បាន​បន្ថែម​ថា៖ «​ពិតណាស់ ​យើង​ត្រូវការប្រើប្រាស់​បច្ចេកវិទ្យា ហើយជម្រើសរបស់យើងគឺចាំបាច់ត្រូវ​គ្រប់​គ្រងបច្ចេកវិទ្យាឱ្យបម្រើជាគុណ​ប្រយោជន៍​។”

លោកជំទាវ Martina Klement រដ្ឋលេខាធិការទទួលបន្ទុកឌីជីថលូបនីយកម្មនៃទីក្រុងប៊ែកឡាំង បានចែករំលែកបទពិសោធន៍របស់ទីក្រុងប៊ែកឡាំងក្នុងការដោះស្រាយបញ្ហាប្រឈម និងជំរុញឌីជីថលូបនីយ កម្ម។ អាឡឺម៉ង់ជាសង្គមឌីជីថលឈានមុខមួយលើពិភពលោក ដែលមានការចាប់យកបច្ចេកវិទ្យាយ៉ាងទូលំទូលាយ និងមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ។

លោកជំទាវ Klement បានលើកឡើងថា អាល្លឺម៉ង់កំពុងប្រឈមនឹងកំណើននៃប្រជាជនវ័យចំណាស់ ហើយត្រូវបានព្យាករណ៍ថា នឹងបាត់បង់បុគ្គលិករដ្ឋប្រមាណ ៣០% ត្រឹមនៅឆ្នាំ២០៣០។ ការប្រើប្រាស់​ បច្ចេកវិទ្យាដូចជា AI និងដំណោះស្រាយឌីជីថលក្នុងការសម្រួលដំណើរការនៃស្ថាប័នរដ្ឋ និងកែលម្អសេវាសាធារណៈ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហានេះ។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្អែកលើអនុស្សរណៈយោគយល់ដែលមានស្រាប់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមូលនិធិ Konrad

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព