ឯកឧត្តម ហែម វណ្ណឌី និងលោកជំទាវបណ្ឌិត ជា សិរី ពិភាក្សាវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការគាំទ្រវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី18 ខែ កក្កដា ឆ្នាំ 2024

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើ​ជា​សហប្រធានដឹកនាំកិច្ចប្រជុំជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា។ កិច្ចប្រជុំបាន​ស្វែងយល់ពីវឌ្ឍនភាពការងាររបស់ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រការលើកកម្ពស់ការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុផ្លូវការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំនួនដ៏ច្រើនលើសលុប មានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០។ ឯកឧត្តម​បាន​សង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្ត​យុទ្ធ​សាស្ត្រជាតិនេះ។

ឯកឧត្តមបានបន្ថែមថា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កំពុងរៀបចំថ្នាលឌីជីថលសម្រាប់ចុះឈ្មោះ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងបានស្នើឱ្យធនាគារជាតិនៃកម្ពុជា ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ សម្រាប់អាជីវកម្មក្រៅប្រព័ន្ធ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងថ្នាលនេះ។

លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាដើម។

លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ដែលបានវិវត្តល្អស្របតាមយុទ្ធសាស្រ្តជាតិ។ ឯកឧត្តម បានជម្រាបជូនថា គណៈកម្មាធិការ​សម្របសម្រួលការអភិវឌ្ឍ​សេដ្ឋ​កិច្ចក្រៅប្រព័ន្ធ កំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បីតាមដានវឌ្ឍនភាព និង​ចូលរួមពិនិត្យផែនការសកម្មភាព ដើម្បីសម្រេចគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិនេះ។

ដោយ: អគ្គនាយកដ្ឋានកិច្ចការទូទៅ

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព