ឯកឧត្តម ហែម វណ្ណឌី ស្វាគមន៍នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន កូកា-កូឡា និងជំរុញក្រុមហ៊ុនឱ្យបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី11 ខែ ធ្នូ ឆ្នាំ 2024

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងបានកោតសរសើរក្រុមហ៊ុនដែលបានធ្វើការវិនិយោគរយៈពេលវែង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងសហការជាមួយសហគ្រាសធុនតូចនិងមធ្យម ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលនឹងត្រូវបំពេញលក្ខខណ្ឌទីផ្សារកាន់ខ្ពស់ ដូចជាលក្ខខណ្ឌប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាដើម។

លោក Joseph Ho នាយកប្រតិបត្តិចប់អាណត្តិរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិគ្រប់គ្រងរបស់លោក និងបានលើកឡើងថា ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់លើគោលការណ៍និរន្តរភាពនៅក្នុងខ្សែច្រវាក់ផលិតកម្ម និងកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក។ លោកបានណែនាំនាយកប្រតិបត្តិថ្មី គឺលោក Paulo Gaspar Rodrigues ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥។

លោក Ho ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាកំប៉ុង និងប្លាស្ទិក និងការបង្កើនប្រសិទ្ធភាពធនធាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តគោលការណ៍និរន្តរភាពរបស់ក្រមហ៊ុន។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះស្តង់ដារផលិតកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុន និងស្វាគមន៍ការបើកទ្វារទទួលសហគ្រាសធុនតូចនិងមធ្យម និងស្ថាប័នរដ្ឋ ដើម្បីទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន កូកា-កូឡា។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើជាគំរូសម្រាប់ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងសហគ្រាសក្នុងស្រុកផ្សេងទៀត ពិសេសក្នុងការលើកកម្ពស់ការអនុវត្តឧស្សាហកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព