ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី07 ខែ មេសា ឆ្នាំ 2025

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយបានរំលេចពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

ថ្លែងទៅកាន់អង្គមហាសន្និបាត ឯកឧត្តមបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះវិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥%។

ឯកឧត្តមបានសង្កត់ធ្ងន់លើការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមចំពោះសន្ទុះកំណើននេះ ដោយ​លើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ផ្តល់ការងារប្រមាណ ៧០% នៃកំលាំងពលកម្ម ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប។ សហគ្រាសទាំងនេះបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម។”

ឯកឧត្តមបានកោតសរសើរចំពោះសមិទ្ធផលការងារឆ្នាំ២០២៤ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និង វិបុលភាព។

ឯកឧត្តមបានបន្ថែមថា៖ “ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពប្រកបដោយគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ស្ថេរភាព ប្រកបដោយបរិយាបន្ន សម្រាប់ជាឧត្តមប្រយោជន៍របស់សម្ព័ន្ធផង និងរបស់សមាជិកនីមួយៗផង ហើយជាពិសេស គឺបានចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជារួមនៅកម្ពុជាយើងផង។”

មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏មានការតាំងពិពណ៌ផលិតផលក្នុងស្រុក និងពិធីបំពាក់មេដាយសម្រាប់សមាជិករបស់សហព័ន្ធផងដែរ។

 

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព