ឯកឧត្តម ហែម វណ្ណឌី ទទួលជួបសហព័ន្ធដំឡូងមីកម្ពុជា និងជំរុញការកែច្នៃបន្ត

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី17 ខែ ធ្នូ ឆ្នាំ 2024

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបប្រតិភូមកពីសហព័ន្ធដំឡូងមីកម្ពុជា ដឹកនាំដោយ ឧកញ៉ា ច្រាយ សុន ដើម្បី ពិភាក្សាអំពីយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍអនុវិស័យដំឡូងមីរបស់កម្ពុជា។ កិច្ចប្រជុំបានផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះ ឧកញ៉ា ច្រាយ សុន បានលើកឡើងពីសក្តានុពលដ៏ធំនៃអនុវិស័យដំឡូងមី និងបានរាយការណ៍ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។ មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការផ្លាស់ប្តូរពីការនាំចេញមើមដំឡូងមីស្រស់ ទៅជាការកែច្នៃក្នុងស្រុក គឺជាគន្លឹះក្នុងការបង្កើតតម្លៃបន្ថែម, លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ, និងធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងពីតួនាទីសំខាន់របស់សហព័ន្ធដំឡូងមីកម្ពុជា ក្នុងការកៀរគរអ្នកដាំ, ជំរុញការប្រើប្រាស់ពូជដែលសម្បូរម្សៅ និងការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងគាំទ្រចំពោះសំណើររបស់សហព័ន្ធ ក្នុងការអនុវត្តផលិតកម្មស្អាត និងការបង្កើតចង្កោមខ្សែច្រវាក់តម្លៃដំឡូងមី ព្រមទាំងបានចាត់ឱ្យវិទ្យាស្ថានស្តង់ដារកម្ពុជា ធ្វើបច្ចុប្បន្នភាព “ស្តង់ដារកម្ពុជា” សម្រាប់អនុវិស័យដំឡូងមី ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសហព័ន្ធ សហការជាមួយសហគ្រិនខ្មែរ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដូចជាធនាគារសហគ្រាសធុនតូចនិងមធ្យម និងធនាគារ ARDB ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុការធ្វើផែនការអាជីវកម្ម ការចូលរួមពិព័រណ៍អន្តរជាតិ និងការពង្រីកទីផ្សារជាដើម។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមផ្សព្វផ្សាយដល់ប្រជាកសិករដែលជាអ្នកដាំដំឡូងមីប្រមាណ ៩០.០០០ គ្រួសារនៅទូទាំងប្រទេស ស្វែងយល់ និងចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្នុងគោលដៅលើកកម្ពស់ភាពធន់ និងបរិយាបន្នសេដ្ឋកិច្ច។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព