រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម សហការរៀបចំវេទិកាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចពិភាក្សាគោលនយោបាយវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី25 ខែ មីនា ឆ្នាំ 2025

វេទិកាស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការរៀបចំ វេទិកានេះ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈ ជំរុញកិច្ចសន្ទនាគោលនយោ​បាយ និង ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងវិស័យទឹកស្អាតនៅកម្ពុជា។

នៅក្នុងសុន្ទរកថាបើកអង្គវេទិកា សម្តេច ប្រធាន​រដ្ឋសភា បានលើកឡើងថា៖ “ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្មះ-ចាញ់ កំណត់ឧត្តមភាពនៃការប្រកួតប្រជែង ក្នុងល្បែងនយោបាយសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងបន្តក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។”

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសង្កត់ធ្ងន់លើតួនាទីស្នូលទាំងបីរបស់រដ្ឋសភាគឺ តួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ និងតួនាទីជាអ្នកតំណាង។ លោកជំទាវបានសម្តែងនូវការគាំទ្រយ៉ាងម៉ុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល

នៅក្នុងសុន្ទរកថាគន្លឹះជូនដល់អង្គវេទិកា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងអំពីវឌ្ឍនភាពសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ បញ្ហប្រឈម និងទិសដៅយុទ្ធសាស្ត្រចំនួន ៧  ដើម្បីជំរុញឧស្សាហូបនីយកម្មកម្ពុជា និងការគាំទ្រដល់វិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ "បេសកកម្មរបស់ក្រសួងគឺបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពំនឹងរបស់វិស័យឯកជន តាមអភិក្រម «ចុះជួយ ជាជាងចុះចាប់ និងចុះពិន័យ»។”

 

តំណភ្ជាប់ទៅសេចក្តីប្រកាសព័ត៌មានរួម របស់រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍: https://misti.gov.kh/pressroom/news-and-events/1dKhGodYHYET

 

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព