ឯកឧត្តម ហែម វណ្ណឌី ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងតំបន់ ខណៈពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី04 ខែ កុម្ភៈ ឆ្នាំ 2025

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ខណៈដែលពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ក្នុង​ស្ថានភាពនៃសង្គ្រាម​ពាណិជ្ជកម្ម និងភាពតានតឹងនៃសេដ្ឋកិច្ច​សកល អាស៊ាន​ត្រូវ​ពង្រឹងកិច្ចសហប្រតិបត្តិការ ​ដើម្បី​បង្កើនភាព​ធន់ ទប់ទល់​នឹងឥទ្ធិពលនៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​ស្វែងរកការរីកចម្រើន​រួមគ្នា។”

ឯកឧត្តមក៏បានលើកឡើងពីបំណងរបស់ក្រសួង ក្នុងការពន្លឿនការរៀបចំអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងប្រទេសទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត ONN Shaharuddin បានបញ្ជាក់ការប្តេជ្ញារបស់ម៉ាឡេស៊ី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដោយលើកឡើងពី “កម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) ”។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល អាហារូបករណ៍ និងសេវាប្រឹក្សាយោបល់ ផ្អែកលើបទពិសោធន៍អភិវឌ្ឍន៍របស់ម៉ាឡេស៊ី។

ម៉ាឡេស៊ីគឺជាដៃគូដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។ បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងវិនិយោគ​លើរោងចក្រចំនួន២៧មូលដ្ឋាន ដែលផ្តល់ការងារជាង ១២.៧០០ កន្លែង។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព