នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានទទួលគណៈប្រតិភូនៃក្រុមហ៊ុន Panasonic Cambodia ដើម្បីពិភាក្សាអំពីការរួមចំណែក និងផែនការអនាគតរបស់ក្រុមហ៊ុននៅកម្ពុជា។
លោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានជម្រាបជូនអំពីសាវតារ និងគំនិតផ្តួចផ្តើមនានារបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១០ មក ដោយមានបេសកកម្មបម្រើតម្រូវការឧបករណ៍អេឡិចត្រូនិកនៅទូទាំងប្រទេស។ លោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ពិសេសក្នុងការលើកកម្ពស់ការអប់រំ STEM ។
លោក Maeda ក៏បានពិភាក្សាអំពីឱកាសដើម្បីលើកកម្ពស់យុត្តិធម៌ពាណិជ្ជកម្ម និងថាក្រុមហ៊ុនបានអនុវត្តការចុះបញ្ជីផលិតផលរបស់ខ្លួនជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ព្រមទាំងបំណងប្រាថ្នារបស់លោកក្នុងការបង្កើតរោងចក្រ Panasonic នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Panasonic មាន រោងចក្រចំនួន ១៥ នៅក្នុងប្រទេសថៃ និង ៤ នៅវៀតណាម។
ឯកឧត្តមរដ្ឋមន្ត្រី បានអបអរក្រុមហ៊ុនដែលទទួលបានចំណែកទីផ្សារកម្ពុជាប្រមាណ ៦០% សម្រាប់ផលិតផលភ្ជាប់នឹងជញ្ជាំង និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត។ ឯកឧត្តមបានលើកឡើងថា ពីពេលនេះ ដល់ឆ្នាំ ២០២៩ ដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច តម្រូវការឧបករណ៍អេឡិចត្រូនិកនឹងកើនឡើង។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ និងផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយលើកឡើងថា ក្រសួង ត្រៀមខ្លួនគាំទ្រផែនការទាក់ទាញការវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍