ឯកឧត្តម ហែម វណ្ណឌី ទទួលជួបគណៈប្រតិភូសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី13 ខែ មករា ឆ្នាំ 2025

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប
គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (
APASME) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅកម្ពុជា។

គណៈប្រតិភូ ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាឱកាសវិនិយោគក្នុង
វិស័យជាច្រើន រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម ដោយចាប់អារម្មណ៍ជាពិសេសលើការនាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដើម្បីគាំទ្រវិស័យទាំងនោះ។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការអនុវត្តស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការបំពេញលក្ខខណ្ឌតម្រូវវត្ថុធាតុដើមក្នុងស្រុកជាដើម។

ឯកឧត្តមបានបន្ថែមថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែលកំពុងខិតខំពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម ព្រមទាំងបានបញ្ជាក់ជូនគណៈប្រតិភូពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសគាំទ្រវិនិយោគ។

លោក Lang Wangkai តំណាងក្រុមហ៊ុននបច្ចេកវិទ្យាមួយរបស់ចិន បានចែករំលែកបទពិសោធន៍ប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា តាម ៣ ដំណាក់កាលគឺ៖ ការរៀនសូត្រ ការកែតម្រូវតាមបរិបទក្នុងស្រុក (localization) និងការអភិវឌ្ឍបច្ចេកវិទ្យា។ លោក​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍របស់​កម្ពុជា​ស្រប​ទៅ​នឹង​ជំនាញ​របស់​ប្រទេស​ចិន ​ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត វិទ្យាសាស្ត្រ​រូបធាតុ និង​បច្ចេកវិទ្យា​ទំនើបផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន មកកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ការវិនិយោគបន្ថែម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលក៏អាចរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យអាទិភាពជាក់លាក់។

ឯកឧត្តមបានស្នើឱ្យសមាគម APASME បង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា ហើយអាចចាប់ផ្តើមដោយធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើពូជដំណាំដែលធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ព្រមទាំងវិនិយោគលើការផលិតទំនិញដែលមានបន្ថែមតម្លៃខ្ពស់ ដូចជាគ្រឿងទេស ផលិតផលវេចខ្ចប់ ឬស្រាអង្ករប្រណិត ដោយទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះដែលអង្ករកម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភព
លោក។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព