នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មអឺរ៉ុប បានរៀបចំកម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ ESG ដើម្បីអបអរដល់ធុរកិច្ចកម្ពុជាដែលឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ កម្មវិធីនេះផ្តោតលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលកាន់មានសារៈសំខាន់ ក្នុងការលើកម្ពស់ការធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានអបអរដល់ធុរកិច្ចដែលបានទទួលជ័យលាភី និងកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ចំពោះការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។
ឯកឧត្តមបានលើកឡើងថា៖ “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច មិនមែនគ្រាន់តែជាប្រអប់ធីកនៅលើរបាយការណ៍អាជីវកម្មទៀតទេ ប៉ុន្តែជាក្របខណ្ឌសម្រាប់ការសម្រេចចិត្តដើម្បីភពផែនដី សហគមន៍ និងស្ថាប័នផ្ទាល់របស់យើង។”
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយសង្កត់ធ្ងន់លើគុណតម្លៃរយៈពេលវែងនៃការអនវុត្តនេះ។ ឯកឧត្តមក៏បានកោតសរសើរដល់សភាពាណិជ្ជកម្មអឺរ៉ុប និងសហគ្រិនខ្មែរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច សម្រាប់វិស័យធុរកិច្ចនៅកម្ពុជា។
កម្មវិធីពានរង្វាន់ ESG របស់សភាពាណិជ្ជកម្មអឺរ៉ុប បានជ្រើសរើសធុរកិច្ចសម្រាប់ពានរង្វាន់ចំនួន៥ប្រភេទគឺ៖ ពានរង្វាន់ផ្នែកបរិស្ថាន, ពានរង្វាន់បរិយាបន្ន សមធម៌ និងសង្គម, ពានរង្វាន់ភាពជាដៃគូឧស្សាហកម្ម, ពានរង្វាន់បច្ចេកវិទ្យា, និងពានរង្វាន់យុវជន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍