ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី25 ខែ កុម្ភៈ ឆ្នាំ 2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការ​ងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍​ប្រមាណ ៦០០នាក់ ដោយផ្តោតលើការពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហាប្រឈម និងកំណត់អាទិភាពសម្រាប់ឆ្នាំខាងមុខ។

ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សន្និបាតរយៈ​ពេល២ថ្ងៃនេះផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ​​​វិស័យ​ឯកជន និងដៃគូអភិវឌ្ឍន៍ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទ​ពិសោធន៍ ​រួមគ្នាវាយតម្លៃ និងដាក់ទិសដៅសម្រាប់យកទៅអនុវត្តភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៥ឱ្យសម្រេច​បានជោគជ័យ មានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។”

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានអាណត្តិកិច្ចដឹកនាំ ​និងគ្រប់គ្រងអភិវឌ្ឍន៍ការងារសំខាន់ៗ រួមមានវិស័យឧស្សាហកម្ម, វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការកសាងសហគ្រិនភាព។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រ-សហគ្រាសជាបន្តបន្ទាប់ ដែលបានគាំទ្រកំណើនដែលជំរុញដោយការនាំចេញរបស់កម្ពុជា។”

ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវបានព្យាករថានឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ២០២៤ និងព្យាករថាមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។

នៅក្នុងថ្ងៃទី១ នៃអង្គសន្និបាត តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បាន​ពិភាក្សាលើប្រធានបទរួមស្តីពីការគាំទ្រឧស្សាហូបនីយកម្ម ពិសេសការពង្រីកមូលដ្ឋានឧស្សាកម្មមិនប្រពៃណៃ បន្ថែមលើឧស្សាហវាយនភ័ណ្ឌ និងសំលៀកបំពាក់ ដោយផ្តោតលើការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ដើម្បីចៀសឱ្យផុតពី “អន្ទាក់ប្រទេសចំណូលមធ្យម”។

អង្គសន្និបាតក៏បានចូលពិភាក្សាលើប្រធានបទជាយុទ្ធសាស្ត្រគន្លឹះចំនួន៦ រួមមានការជំរុញការកែច្នៃ និងឧស្សា​ហកម្មប្រតិគមន៍, របៀបវារៈអាទិភាពនៃវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០៣០, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, ការគាំទ្រការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការកសាងសហគ្រិនភាព, ការកែទម្រង់សេវាសាធារណៈ ឌីជីថលូបនីយកម្ម និងការងារកសាងស្ថិតិ និងទិន្នន័យ, និងការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា។

ពិធីបិទសន្និបាតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព