ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរសម្រាប់ការពង្រីកអាជីវកម្ម

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី13 ខែ មីនា ឆ្នាំ 2025

[ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥] សហគ្រិនខ្មែរ បានផ្តល់ជំនួយហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ក្នុងពិធីប្រគល់កញ្ចប់ជំនួយ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃសហគ្រិនខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម, លើក កម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេស កម្ពុជា។  

ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា៖ “សហគ្រិនខ្មែរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងភាពជាដៃគូទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយ នឹងសមិទ្ធផលសំខាន់ៗ សហគ្រិនខ្មែរបាននិងបន្តជំរុញផ្នត់គំនិតសហគ្រិនភាព, អភិវឌ្ឍសមត្ថភាពតាមរយៈ ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ, បង្កើតឱកាសបណ្តាញទំនាក់ទំនង, កៀរគរទុនវិនិយោគ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម”។


ចាប់តាំងពីឆ្នាំ២០២០ មក សហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី ទាំងនោះរួមមាន ការប្រកួតប្រជែងផែនការអាជីវកម្មសម្រាប់និស្សិត ដើម្បីលើកទឹកចិត្ដដល់ការច្នៃប្រឌិត និងផ្នត់គំនិត​សហគ្រិនភាព, វគ្គសិក្សាអភិវឌ្ឍន៍សមត្ថភាព ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្រ្តនាំចេញ, ព្រមទាំងការកសាងបណ្តាញភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានសង្កត់ ធ្ងន់លើការប្ដេជ្ញាចិត្ដរបស់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្ដមបានលើកឡើងថា៖ “ជំនួយហិរញ្ញវត្ថុដែលផ្តល់ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម គឺជាសក្ខីភាពមួយចំពោះការគាំទ្រ និងការយកចិត្ដទុកដាក់ដោយផ្ទាល់របស់រាជរដ្ឋាភិបាល  ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរឹងមាំ និងភាពធន់។ នេះបានគូសបញ្ជាក់ពីការចូលរួម ចំណែករបស់សហគ្រិនខ្មែរជាមួយក្របខណ្ឌគោលនយោបាយបច្ចុប្បន្ន  ក្នុងគោលបំណងលើកកម្ពស់អាជីវកម្ម និងកែលម្អលទ្ធភាពទទួលបានទីផ្សារ។”


សហគ្រិនខ្មែរ ជាវេទិកាជាតិសម្រាប់ការគាំទ្រសកម្មភាពសហគ្រិនភាព ដោយផ្ដោតជាពិសេសលើ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ តាមរយៈការជំរុញវិស័យឯកជនឱ្យមានភាពរឹងមាំ និងរស់រវើក សហគ្រិនខ្មែរមានគោលបំណងលើកកម្ពស់កំណើន និងនវានុវត្ដន៍អាជីវកម្ម។  កិច្ចខិតខំប្រឹងប្រែងទាំងនេះស្រប តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងវិបុលភាពយូរអង្វែង។

អំពីសហគ្រិនខ្មែរ

 

សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រកបដោយភាពរស់រវើក និងនិរន្តរភាពនៅកម្ពុជា។ ជាមួយនឹងអាណត្តិក្នុងការប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធាន សហគ្រិនខ្មែរ គាំទ្រអាជីវកម្មដែលជំរុញនវានុវត្ដន៍ និងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ។ ក្នុងនាមជាវេទិកាជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព សហគ្រិនខ្មែរផ្តោតលើវិស័យអាទិភាពចំនួនបួន៖

     បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ - គាំទ្រធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីពន្លឿនការផ្លាស់ប្តូរ ឌីជីថល។

     សេវាកម្ម - លើកកម្ពស់បដិសណ្ឋារកិច្ច និងភស្តុភារ ដើម្បីពង្រឹងវិស័យសេវាកម្មរបស់កម្ពុជា។

     កសិកម្ម - ជំរុញការកែច្នៃកសិផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។

     កម្មន្ដសាល - លើកកម្ពស់ការជំនួសការនាំចូលដើម្បីបង្កើនផលិតកម្មក្នុងស្រុក។

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព