ឯកឧត្តម ហែម វណ្ណឌី ទទួលជួបសំណេះសំណាលជាមួយជ័យលាភីពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី06 ខែ មករា ឆ្នាំ 2025

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះ សំណាលជាមួយក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសកូរ៉េ។

ថ្លែងទៅកាន់ក្រុមយុវជនដែលភាគច្រើនជាសិស្សសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបានលើកឡើងថា៖​ “នេះ​ជា​មោទនភាពសម្រាប់​ប្រទេស​កម្ពុជា សម្រាប់​គ្រួសារ និងប្អូនៗ​ក្នុងនាមជា​សិស្ស ហើយ​ក៏បង្ហាញថា ជោគជ័យ​​កើត​ឡើង​ដោយ​ការ​ខិតខំប្រឹងប្រែងពិតប្រាកដ មិន​ថាប្អូនៗរៀននៅសាលា​រដ្ឋ ឬសាលា​ឯកជន​ទេ។”

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “មាតាបិតាកាន់តែច្រើនបានទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំជំនាញ STEAM និងលើកទឹកចិត្តកូនៗឱ្យសិក្សាជំនាញនេះ។ STEAM ជាកាតាលីករដែលអាចជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗរបស់យើង។”

ឯកឧត្តមក៏បានលើកទឹកចិត្តជ័យលាភី និងយុវជនទាំងអស់ឱ្យខិតខំបន្តទៀត ធ្វើជាបុគ្គលគំរូ និងជានវានុវត្តន៍ករនាពេលអនាគត ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗ ដែលអាចប្រើប្រាស់បាននៅទូទាំង​ពិភពលោក។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជ្រើសរើសគ្រូបង្រៀន២នាក់ និងសិស្ស៨នាក់ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រ ASEAN+3 for the Gifted in Science លើកទី១៤  ដែល​រួមមានកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព